ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ចាប់ផ្ដើម​សិក្សា​អំពី​ «​ស្ថានភាព​ជីវភាព​រស់នៅ​របស់​កម្មករ​»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​នឹង​ចាប់ផ្តើម​សិក្សា​អំពី​«​ស្ថានភាព​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត »​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ។ ការ​អង្កេត​នេះ នឹង​ចាប់​អនុវត្ត​ពី

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​នឹង​ចាប់ផ្តើម​សិក្សា​អំពី​«​ស្ថានភាព​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត »​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ។ ការ​អង្កេត​នេះ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៣១ កក្កដា ដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ ទៅ​លើ​គំរូ​កម្មករនិយោជិត​ចំនួន​១.៥០០​នាក់ និង​រោងចក្រ​ចំនួន​៧៥​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មុន​ពេល​បើក​ការ​ចរចា​ទ្វេភាគី និង​ត្រីភាគី​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​នឹង​ចាប់ផ្តើម​នៅ​ខែសីហា និង​ខែកញ្ញា​ខាង​មុខ ។ នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​៧ កក្កដា កន្លង​មក ។

ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បរ​មា​សម្រាប់​កម្មករនិយោជិត​នេះ លោក អាត់ ធន់ បាន​និយាយ​ថា វា​ហាក់ដូចជា​មាន​អំណោយផល​ច្រើន​សម្រាប់​កម្មករ​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨ ដោយសារ​វា​ជា​ឆ្នាំ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា ។

លោក​បាន​និយាយ​ថា ៖« ឆ្នាំ​២០១៨ ខ្ញុំ​យល់​ឃើញ​ថា មានឱកាស​ល្អ​មួយ​សម្រាប់​គណបក្ស​នយោបាយ ដោយសារ​ជា​ឆ្នាំ​បោះ​ឆ្នោត ។ អីចឹង គណបក្ស​នយោបាយ​គួរតែ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ក្នុង​ការ​ជួយ​កម្មករ ដើម្បី​ទទួល​បាន​ភាព​ទាក់ទាញ​ការ​គាំទ្រ​សន្លឹក​ឆ្នោត »​។

លោក​បាន​បន្ថែម​ថា ៖« អីចឹង វា​ជា​ឱកាស​មួយ​សម្រាប់​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​ឆ្នាំ​មុន ។ បច្ចុប្បន្ន​ស្ថានភាព​របស់​កម្មករ​នៅ​តែ​មាន​បញ្ហា​ខ្ពស់ ដែល​ជា​ចំណុច​មួយ​របស់​គណបក្ស​នយោបាយ មិន​ចាំបាច់​សិក្សា​ស្រាវជ្រាវ​នោះ ទេ គឺ​អាច​ដំឡើង​បាន​តែ​ម្តង ។ យើង​គិត​មើល​ថា កម្មករ​រាប់​លាន​នាក់ បើ​អ្នកនយោបាយ​ភ្លេច​គិត​ពី​កម្មករ អាច​ធ្លាក់​សន្លឹក​ឆ្នោត អីចឹង​ខ្ញុំ​គិត​ថា អ្នកនយោបាយ​គិត​ច្រើន​ជាង​កម្មករ​ទៅ​ទៀត​»​។   

ចំណែក​លោក សោម អូន បាន​និយាយ​ថា សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំពោះ​កម្មករ​ម្តង​ៗ​គឺ​ត្រូវធ្វើ​តាម​សេដ្ឋកិច្ចជាតិ មិនមែន​តាម​បរិយាកាស​នយោបាយ​ទេ ។

លោក​បាន​បញ្ជាក់​ថា ៖«​ជា​ធម្មតា យើង​ដឹង ហើយ​ថា ប្រាក់​ឈ្នួល​កម្មករ​ឡើង​ខ្ទង់​១០​ទៅ​១៥%​គឺ​ឡើង​រាល់​ឆ្នាំ វា​អស់ហើយ ។ ការ​ឡើង​នេះ វា​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង​របស់​យើង ស្ថិត​នៅ​ក្នុង​រង្វង់​ប៉ុណ្ណឹង នេះ​បើ​តាម​បទ​ពិសោធន៍ និង​វិភាគ​របស់ខ្ញុំ » ។

លោក ប៉ាវ ស៊ី​ណា ក៏​យល់​ស្រប​ដែរ​ថា មុន​នឹង​សម្រេច​ដាក់​ចេញ​ថា ប្រាក់​ឈ្នួល​អប្បបរមា​ប៉ុន្មាន នឹង​ត្រូវ​លើក​ឡើង​សម្រាប់​ការ​ចរចា​ខាង​មុខ​គឺ​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ឯករាជ្យ​មួយ ដោយ​សហជីព និង​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​កាត់ដេរ ទៅ​លើ​ជីវភាព​រស់នៅ​របស់​កម្មករ និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ ។ ដូច្នេះ​ការ​ស្រាវជ្រាវ​ឯករាជ្យ​មួយ នឹង​ត្រូវធ្វើ​នៅ​ដើមខែ​សីហា ខាង​មុខ​នេះ ។

ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៧ បាន​កំណត់​ពី​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨ ត្រូវ​អនុវត្ត​តាម​ប្រតិទិន​ដូច​តទៅ ៖
-​កំណត់​យក​ខែសីហា និង​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ទ្វេភាគី និង​ជា​លក្ខណៈ​ត្រីភាគី ។
-​កំណត់​យក​ដើមខែ​តុលា ឆ្នាំ​២០១៧ ជា​ការ​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដើម្បី សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨ ។
-​ក្រសួង​ការងារ​បាន​ស្នើ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​(​ស្ថានភាព​គ្រួសារ អា​ត្រា​អតិផរណា និង​ការ​ចំណេញ​ក្នុង​ការ​រស់នៅ​) និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​(​ផលិតភាព​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ស្ថាន ពី​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏​ដូច​ជា​បន្ទាត់​ភាព​ក្រីក្រ សម្រាប់​ធ្វើការ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ។

-​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០១៨ ។ ប្រាក់​ឈ្នួល​អប្ប​ប​មា​បច្ចុប្បន្ន​នេះ គឺ​១៥៣​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​នូវ​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ឡើយ ៕