ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ក្រុម​គូប្រជែង​ក្រុម Ronaldo ត្រៀម​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់ Messi

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ បាល់ទាត់​អា​រ៉ា​ប៊ី​សា​អូឌីត ទើបតែ​បង្ក​ការ​ភ្ញាក់ផ្អើល​សម្រាប់​ពិភពលោក បន្ទាប់​ពី​

អា​រ៉ា​ប៊ី​សា​អូឌីត ៖ បាល់ទាត់​អា​រ៉ា​ប៊ី​សា​អូឌីត ទើបតែ​បង្ក​ការ​ភ្ញាក់ផ្អើល​សម្រាប់​ពិភពលោក បន្ទាប់​ពី​ការ​ចូលរួម​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយ​ក្លិប Al Nassr ប៉ុន្តែ​ទោះ​យ៉ាងណា ភាព​ភ្ញាក់ផ្អើល​មួយ​ផ្សេង​ទៀត បាន​ផ្ទុះ​ឡើង​ជាមួយ​របាយការណ៍​ជា​ច្រើន​បង្ហាញ​ថា ក្លិប Al Hilal ដែល​ជា​គូប្រជែង​ដ៏​ធំ​របស់ Al Nassr បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការ​ផ្តល់​ជូន​ខ្សែប្រយុទ្ធ Lionel Messi នូវ​កិច្ចព្រមព្រៀង ដែល​មាន​តម្លៃ​រហូត​ដល់ ៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​មក​ប្រកប​អាជីព​នៅ​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ​។

កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បច្ចុប្បន្ន​ជា​កីឡាករ​ក្លិប Paris Saint Germain ប៉ុន្តែ​កិច្ចសន្យា​របស់​គេ នឹង​អស់​សុពលភាព​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២៣ ដែល​មាន​ន័យ​ថា អតីត​ខ្សែប្រយុទ្ធ​ក្រុម Barcelona រូប​នេះ នឹង​ក្លាយជា​កីឡាករ​ភ្នាក់ងារ​ឥត​គិតថ្លៃ (Free Agent)​។

ផ្ទុយ​ពី​ការ​អះអាង​យ៉ាង​ទូលំទូលាយ​កន្លង​មក បច្ចុប្បន្ន Messi នៅ​មិន​ទាន់​យល់ព្រម​បន្ត​កុងត្រា​ថ្មី នៅ​ក្នុង​ទឹកដី Parc des Princes នៅឡើយ​ទេ នេះ​បើ​យោង​តាម​ប្រភព​ពីសារ​ព័ត៌មាន​បារាំង L’Equipe បាន​ចេញផ្សាយ ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ភាគី​ផ្សេង​ទៀត ដូច​ជា Inter Miami នៅ​សហ​រដ្ឋអាមេ​រិក និង​អតីត​ក្លិប​ចាស់​របស់​គេ FC Barcelona នៅ​អេ​ស្ប៉ា​ញ​។

យ៉ាងណាមិញ ជាមួយនឹង​ឱកាស​មាស​មួយ​នេះ ក្លិប Al Hilal នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​កំពុង​សម្លឹង​រក​មើល​ការ​ឆក់​យក​ម្ចាស់​មេដាយមាស​ព្រឹត្តិការណ៍ World Cup 2022 វ័យ​៣៥​ឆ្នាំ​រូប​នេះ​ផង​ដែរ​។ យោង​តាម​សារព័ត៌មាន Mundo Deportivo ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ ខែមករា ថា Al Hilal បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជូន​ម្ចាស់​ពានរង្វាន់ Ballon d’or ៧​សម័យ​រូប​នេះ នូវ​ទឹកប្រាក់​ដ៏​មហាសាល ៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ច្រើន​ជា​អ្វី​ដែល Ronaldo ទទួល​បាន​ពី​ក្លិប Al Nassr ដែល​គូប្រជែង​។

កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​ចូលរួម​ជាមួយនឹង​ក្លិប Al Nassr ដែល​ជា​គូប្រជែង​ដ៏​ធំ​របស់ Al Hilal កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ជាមួយ​ក្នុង​ត្រា​រយៈពេល​២​ឆ្នាំ​កន្លះ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់ ២១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ក្លាយជា​កីឡាករ​មាន​ថ្លៃ​នឿយហត់​ខ្ពស់​បំផុត​លើ​ពិភពលោក​។

បច្ចុប្បន្ន​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​រៀបចំ​ការ​ដេញថ្លៃ​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup 2030 រួម​ជាមួយ​ប្រទេស​ក្រិ​ក និង​អេ​ហ្ស៊ី​ប ហើយ​ការ​មាន​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ទាំង​២​រូប​ខាងលើ ដែល​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​លី​គ​កំពូល​ក្នុងស្រុក នឹង​ផ្តល់​ផល​វិជ្ជមាន​ក្នុង​ដំណើរការ​នៃ​ការ​ដេញថ្លៃ​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​៕ (​ដកស្រង់​ពី​ទស្សនាវដ្តី Forbes)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ