ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ស្នើ​ជប៉ុន​បន្ត​ជ្រើសរើស​សិក្ខាកាម​ខ្មែរ​ទៅ​ធ្វើការ​បន្ថែម​នៅ​ប្រទេស​ជប៉ុន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល វិជ្ជាជីវៈ​លោក អ៉ិ​ត សំ​ហេង បាន​ស្នើ​ជប៉ុន សូម​បន្ត​ជ្រើសរើស សិក្ខាកាម​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ​បន្ថែម​ទៀត​ផង ព្រោះ

រាជធានី​ភ្នំពេញ​៖ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល វិជ្ជាជីវៈ​លោក អ៉ិ​ត សំ​ហេង បាន​ស្នើ​ជប៉ុន សូម​បន្ត​ជ្រើសរើស សិក្ខាកាម​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ​បន្ថែម​ទៀត​ផង ព្រោះ​អាច​ជួយ​ពួក​គេ មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​ប្រកបការងារ​រកស៊ី​បាន​ទៀត​នៅ​ថ្ងៃក្រោយ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ​។

យោង​តាម​បណ្ដាញ​ព​ត៌​មាន​លើ​វេ​ប​សាយ​ក្រសួង​ការងារ  លោក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែកក្កដា បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​អង្គការ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស ហៅ​កាត់​ថា (OTIT) នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ទី​ដែល​លោក អ៉ិ​ត សំ​ហេង បាន​ឲ្យ​ដឹងផង​ដែរ​ថា​កម្មសិក្សាការី​ខ្មែរ​នៅ​ជប៉ុន​មាន​ចំនួន​ជិត ៥០០០ នាក់ នៅ​តាម​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន និង​បាន​កោតសរសើរ​ដល់​និយោជក​ជប៉ុន ដែល​បាន​ទទួល​កម្មសិក្សាការី​ខ្មែរ​មក​ធ្វើការ «​និង​យកចិត្តទុកដាក់​ដល់​សិក្ខាកាម ដោយ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ខ្ពស់​ដល់​កម្មសិក្សាការី​ខ្មែរ​អាច​សិក្សា​ពី​មិត្ត​ជប៉ុន​ព្រមទាំង​របៀបរបប​រស់​នៅ និង​វិន័យ​ការងារ ហើយ​ពេល​ត្រឡប់​វិញ​ពួក​គេ​នឹង​ក្លាយជា​មនុស្ស​ល្អ​»​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឱ្យ​មានការ​ពង្រឹង​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល និង​ជ្រើសរើស​កម្មសិក្សាការី​ខ្មែរ​មក​ជប៉ុន​បាន​កាន់តែ​ច្រើន​ថែម​ទៀត ព្រម​ទាំង​ជួយ​ក្រសួង​ក្នុង​ការ​រៀបចំ​បែបបទ​ផ្សេង​ៗ​ស្រប​តាម​នីតិវិធី​នៃ​ច្បាប់​ថ្មី និង​ផ្តល់​ជំនួយ​ប​ច្ចក​ទេស​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កម្មសិក្សាការី​ខ្មែរ​ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​នៅ​ប្រទេស​ជប៉ុន​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​តាម​ក្រុមហ៊ុន​មួយ​ចំនួន ដែល​មាន​សិក្ខាកាម​ខ្មែរ​ធ្វើការ​ហើយ​ជម្រុញ​ពួក​គេ «ឲ្យ​ខិតខំ​ធ្វើ​ការងារ ដោយ​គោរព​ច្បាប់​របស់​ប្រទេស​ជប៉ុន រក្សា​សាមគ្គី​ភាព ទំនាក់ទំនង​ល្អជា​មួយ​ជប៉ុន និង​ខិត​ខំរៀន​បច្ចេកទេស​វិជ្ជាជីវៈ សម្រាប់​ពេល​ចប់​កិច្ចសន្យា​វិល​ទៅ​ប្រទេស​វិញ ក្មួយ​ៗ​នឹង​មាន​ជំនាញ និង​លទ្ធភាព​ប្រកប​របរ​ដោយ​ខ្លួនឯង ឬ​ស្វែងរក​ការងារ​ធ្វើ ដែល​ប្រកបដោយ​ភាព​ថ្លៃថ្នូរ និង​ប្រាក់​កម្រៃ​ខ្ពស់​»​។

​សូម​បញ្ជាក់​ថា លោក អ៊ិ​ត សំ​ហេង បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ធ្វើការ​ទស្សនកិច្ច​នៅ ប្រទេស​ជប៉ុន រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​ការងារ និង​ជួប​សំណេះសំណាល​ជាមួយ កម្មសិក្សាការី​ខ្មែរ ព្រមទាំង​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ស្តី​ពី កិច្ច​សហប្រតិបត្តិការ លើ​ការ​បណ្តុះបណ្តាល កម្មសិក្សា​បច្ចេកទេស ជាមួយ​ភាគី​ជប៉ុន ៕