ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែ​នៅ​ថៃ​ជាង​1​លាន​នាក់ បើ​ត្រលប់​មក​វិញ កម្ពុជា​ត្រូវធ្វើ​យ៉ាងណា ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈ​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ត្រលប់​មក​វិញ ខណៈ​ដែល​ពលករ​ខុសច្បាប់​ដទៃ​ទៀត កំពុង​រត់គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​ជ្រកកោន និង​ធ្វើការ​ដោយ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈ​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ត្រលប់​មក​វិញ ខណៈ​ដែល​ពលករ​ខុសច្បាប់​ដទៃ​ទៀត កំពុង​រត់គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​ជ្រកកោន និង​ធ្វើការ​ដោយ​លួចលាក់​ដែរ ។ បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​កម្ពុជា ចំនួន​ពលករ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ទាំង​ស្រប និង​មិន​ស្របច្បាប់ សរុប​ប្រមាណ​ជាង​១​លាន​៥​ម៉ឺន​នាក់ ដែល​បម្រើ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម នេសាទ និង​សំណង់​ជាដើម ។ តួលេខ​នេះ បើ​ធៀប​នឹង​ចំនួន​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​សម្លៀក​បំពាក់​ទូ​ទាំង​ប្រទេស​វិញ គឺ​ច្រើន​ជាង​ជិត​២​ដង​ឯណោះ ។ ចុះបើ​ក្នុង​ករណី​មានការ​ប្រែប្រួល​ណាមួយ ដោយ​ពលករ​ទាំងនោះ​ត្រូវ​ត្រលប់​មក​វិញ តើ​កម្ពុជា​នឹង​ជួប​បញ្ហា​អ្វី ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​យ៉ាងណា ?

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ចំនួន​ពលករ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ​ច្រើន​បែប​នេះ ដោយសារ​តែ​សេដ្ឋកិច្ច​ថៃ​ធំ​ជាង​កម្ពុជា និង​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា​ដែរ ។

លោក​ថ្លែង​ថា ៖« កាលណា​សេដ្ឋកិច្ច​ធំ ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ក៏​ច្រើន​ដែរ ហើយ​ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​តូច ដូចនេះ​ការ​ផ្ដល់​កម្លាំង​ពលកម្ម ក៏​មិន​ច្រើន​ដូច​នៅ​ថៃ​ដែរ »​។

លោក​បន្ត​ថា តាម​ស្ថានភាព​ជាក់ស្ដែង​នៅ​ពេល​បច្ចុប្បន្ន បើសិនជា​ពលករ​ទាំង​ជាង​១​លាន​នាក់​ត្រលប់​មក​កម្ពុជា វា​មិន​អាច​ទៅ​រួច​ភ្លាម​ៗ ទេ ។ ម្យ៉ាងទៀត ថៃ​ក៏​ត្រូវការ​កម្លាំង​ពលកម្ម​ពី​កម្ពុជា​ដែរ ហើយ​កម្ពុជា​ក៏​មិន​អាច​បង្កើត​ការងារ​បាន​ភ្លាម​ៗ​សម្រាប់​ពលករ​ជាង​១​លាន​នាក់ ឬ​ពាក់កណ្ដាល​នៃ​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ ។

ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​បាន ឬ​សម្រាប់​ផ្ដល់​ជូន​ពលករ​ដែល​ចំណាកស្រុក​ត្រលប់​មក​វិញ​បាន កម្ពុជា​ត្រូវការ​វិនិយោគ​បន្ថែម​ទៀត​លើ​រោងចក្រ សហគ្រាស​នៅ​តាម​ខេត្ត តែ​ក្នុង​រយៈពេល​១​ឆ្នាំ​ឬ​២​ឆ្នាំ ពលករ​ទាំងនោះ ត្រូវ​ទ្រាំ​អត់​ការងារ​សិន ។ ទោះជា​យ៉ាងណា ពេល​នេះ ពលករ​នៅ​ប្រទេស​ថៃ អាច​មាន​ជម្រើស​សម្រាប់​ខ្លួន​គាត់​ថា តើ​គួរ​បន្ត​ធ្វើការ​នៅ​ស្រុក​ថៃ ឬ​ត្រលប់​មក​ស្រុក​វិញ ហើយ​តើ​រវាង​កម្ពុជា និង​ថៃ មួយ​ណា​ផ្ដល់​ចំណូល​ច្រើន​ជាង ។

បើ​តាម​តំណាង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស IIS Company Co.,Ltd  លោក​កឹ​ម សាន បាន​ឲ្យ​ដឹង​ថា ក្នុង​១​ខែ​លោក​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ​១០០​នាក់ សរុប​ទាំង​អ្នក​ធ្លាប់​ទៅ និង​អ្នក​មិន​ដែល​ទៅ ក្នុង​នោះ​ភាគច្រើន​ជា​បុរស ពីព្រោះ​ការងារ​នៅ​ថៃ​ជា​ការងារ​សំណង់ និង​រោងចក្រ ។

គួរ​រំឭក​ថា បើ​តាម​ការ​បញ្ជាក់​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បច្ចុប្បន្ន​ចំនួន​កម្មករ កម្មការិនី កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ទូ​ទាំង​ប្រទេស សរុប​មាន​ចំនួន​ប្រមាណ​៧០​ម៉ឺន​នាក់ និង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ៗ សម្រាប់​បើក​ជូន​កម្មករ​កម្មការិនី ៕