តម្លៃ​ប្រេង​អាច​នឹង​កើន​ដល់​60​ដុល្លារ​ក្នុង​មួយ​ធុង​


យោង​តាម​សេចក្តីរាយការណ៍​ពី​ការ​សែត​អា​មេ​រិ​កមួយ​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​យ៉ាង​លឿន​នៃ​តម្រូវការ​ប្រេង​ពិភពលោក និង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ពី​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង​OPEC​អាច​នឹង​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​កើនឡើង​ដល់​៦០​ដុល្លារ​ក្នុង​មួយ​ធុង​មុន​ដំណាច់ឆ្នាំ​នេះ ។

សេចក្តីរាយការណ៍​ខាងលើ​បាន​លើក​ឡើង​ពី​ការ​ស្រាវជ្រាវ​របស់​លោក Eric Lee ជា​ឧត្តម​អ្នកវិភាគ​ថាមពល​ពី​ក្រុមហ៊ុន Citigroup ។

លោក​Lee​បាន​ព្យាករណ៍​ថា នឹង​មាន​តម្រូវការ​ប្រេង​ប្រមាណ​៩៧,៣​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​នា​ឆ្នាំ​២០១៧​នេះ ច្រើន​ជាង​ឆ្នាំ​២០១៦ ដែល​ស្មើ​តែ​៩៦​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។ លោក​បាន​អះអាង​ថា ការ​កើនឡើង​នេះ​គឺ​មក​ពី​ទីផ្សារ​កំពុង​លូតលាស់​យ៉ាង​លឿន​ដូច​ជា​ប្រទេស​ចិន និង​ឥណ្ឌា ។ ជាមួយ​គ្នា​នេះ​ដែរ ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ពី​OPEC​ប្រមាណ​០,៧​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​ជំរុញ​ឲ្យ​តម្លៃ​កើនឡើង មុន​ចុងបញ្ចប់​ត្រីមាស​ទី​៤​នា​ឆ្នាំ​នេះ ។

ការ​ធ្លាក់​ចុះ​នៃ​ប្រេង​ដែល​ស្តុក​ទុក​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ក្នុង​ត្រីមាស​ទី​១ ហើយ​លោក​Lee​បាន​ព្យាករណ៍​ថា វា​នឹង​បន្ត​ក្នុង​ល្បឿន​លឿន​ជាង​មុន​រហូត​ដល់​ចុងឆ្នាំ​នេះ ។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​៣%​កាលពី​ថ្ងៃ​សុក្រ ព្រោះតែ​មានការ​បង្កើន​ផលិតកម្ម​ក្នុង​សហរដ្ឋអាមេរិក និង​មានការ​កើនឡើង​នៃ​ការ​នាំ​ចេញ​របស់​OPEC​ដែល​ផ្តល់​ជា​ភាព​មិន​ប្រាកដប្រជា​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ផលិត​ក្នុង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​។ កាលពី​ថ្ងៃ​សុក្រ ទិន្នន័យ​របស់​Reuters​បាន​បង្ហាញ​ថា ផលិតកម្ម​របស់​OPEC​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាងគេ​ក្នុងឆ្នាំ​នេះ​ផង​ដែរ ។

លោក Matt Smith នាយក​ផ្នែក​ស្រាវជ្រាវ​ពី​ផលិតផល​នៃ​ក្រុមហ៊ុន​Clipperdata បាន​និយាយ​ថា ការ​នាំ​ចេញ​របស់​OPEC កើនឡើង ២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ បើ​ធៀប​នឹង​ខែមិថុនា​ឆ្នាំ ២០១៦ ទោះបីជា​មានការ​បន្ត​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​១,៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​របស់ OPEC​ក៏​ដោយ ។

លោក Lee បាន​ធ្វើការ​កត់​សម្គាល់ថា អ្នក​ព្យាករណ៍​ប្រេង​មិន​បាន​មើលទៅ​លើ​កិច្ចព្រមព្រៀង​របស់​OPEC​ដែល​បញ្ជា​ឲ្យ​មានការ​កាត់​បន្ថយ​ផលិតកម្ម​ក្នុង​ចុងឆ្នាំ​២០១៦ មិនមែន​ចាប់ពី​ពេល​ដែល​ការ​ព្រមព្រៀង​បាន​ប្រកាស​ទេ​។ ការ​ធ្វើ​ដូច្នេះ អនុញ្ញាត​ឲ្យ​អ្នកចូលរួម​បង្កើន​ផលិតកម្ម​ក្នុងអំឡុងពេល​ចរចា មាន​ន័យ​ថា វា​នឹង​ចាប់ផ្តើម​ដោយ​មានការ​ផលិត​ច្រើន ។

សម្រាប់​ការ​ផ្គត់ផ្គង់​ពី​សហរដ្ឋអាមេរិក​វិញ លោក​Lee​បាន​និយាយ​ថា ការ​បន្ត​ផលិតកម្ម​នៃ​នឹង​បន្ត​រក្សា​មិន​ឲ្យ​តម្លៃ​កើន​ដល់​១០០​ដុល្លារ​ក្នុង​មួយ​ធុង ប៉ុន្តែ​វត្តមាន​របស់​ពួក​គេ​ប្រហែលជា​មិន​អាច​រារាំង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ក្នុងឆ្នាំនេះ​បាន​ឡើយ ។

បន្ទាប់​ពី​មានការ​កើនឡើង​ដល់​៦០​ដុល្លារ​ក្នុង​មួយ​ធុង លោក​Lee​គិត​ថា តម្លៃ​ប្រេង​នឹង​បន្ត​មាន​ភាព​ថេរ​រហូត​ដល់​ឆ្នាំ​២០១៨ ព្រោះតែ​ការ​ផ្គត់ផ្គង់​ជួប​ជាមួយនឹង​តម្រូវការ​វិញ ។ ម្យ៉ាងទៀត ដោយសារ​តែ​មាន​បញ្ហា​នយោបាយ​ធំ​ៗ​ក្នុង​ប្រទេស​ផលិត​ប្រេង លោក​គិត​ថា​តម្លៃ​ប្រេង​ប្រហែលជា​មិន​អាច​កើនឡើង​ច្រើន​ហួស​ពី​៦០​ដុល្លារ​ក្នុង​មួយ​ធុង​ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ