ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ជាប់​ផ្លូវ​រថភ្លើង​អាស៊ាន​ពី​ថៃ​មក​ភ្នំពេញអាច​នឹង​ចាប់ផ្តើម​នៅឆ្នាំ​2018

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​គ្មាន​អ្វី​ប្រែប្រួល​ទេ បណ្តាញ​ខ្សែ​រថភ្លើង​អាស៊ាន ដែល​ភ្ជាប់​រវាង​ទីក្រុង​បាងកក និង​រាជធានី​ភ្នំពេញ នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​គ្មាន​អ្វី​ប្រែប្រួល​ទេ បណ្តាញ​ខ្សែ​រថភ្លើង​អាស៊ាន ដែល​ភ្ជាប់​រវាង​ទីក្រុង​បាងកក និង​រាជធានី​ភ្នំពេញ នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយ​ប៉ែ​ត នឹង​មក​ដល់​ខេត្តពោធិ៍សាត់​នៅ​ឆ្នាំ​នេះ ហើយ​បើសិនជា​មាន​ថវិកា​គ្រប់គ្រាន់ កា​រត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​ត នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។ លោក​បន្ត​ថា ការ​ស្ថាបនា និង​ជួសជុល​ផ្លូវ​រថភ្លើង​នេះ គ្រោង​ចំណាយ​ថវិកា​ចំនួន​៣២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​ចំណាយ​ដោយ​រាជរដ្ឋាភិបាល ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា បាន​បន្ត​ថា ប្រសិនជា​ការ​ភ្ជាប់​ផ្លូវ​នេះ​បញ្ចប់ យើង​រំពឹង​ថា​ខ្សែ​រថភ្លើង​ពី​ប្រទេស​ថៃ នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ដោយ​រថភ្លើង​អាច​រត់​បាន​ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ លោក​បន្ត​ថា បច្ចុប្បន្ន យើង​នៅ​ជួប​ឧបសគ្គ​មួយ​ចំនួន​ដោយសារ​ប្រជាពលរដ្ឋ បាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រវែង​១.៣០០​ម៉ែត្រ ដែល​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា ប្រសិនជា​ការ​ភ្ជាប់​ខ្សែ​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់ និង​ដាក់​ឲ្យ​ដំណើរការ​នោះ វា​នឹង​ជា​ការ​ភ្ជាប់​បណ្ដាញ​គមនាគមន៍​ថ្មី​សន្លាង​ជា​ប្រវត្តិសាស្ត្រ​មួយទៀត ដែល​ជួយ​ច្រើន​បំផុត​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​នឹង​ជា​ការ​ភ្ជាប់​ទេសចរណ៍​ទី​៣ មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត។

លោក​បន្ត​ថា គម្រោង​ភ្ជាប់​ព្រះរាជាណាចក្រ​ពីរ​ក្នុង​គោលដៅ​តែ​មួយ​នេះ នឹង​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ ហើយ​ភ្ញៀវ​ទេសចរ នឹង​ចូល​មក​ទស្សនា​កម្ពុជា​កាន់តែ​មាន​រយៈពេល​វែង ។

លោក​បាន​បន្ត​ថា ក្រៅពី​វិស័យ​ទេសចរណ៍ ការ​ភ្ជាប់​ខ្សែ​រថភ្លើង​នេះ នឹង​ជួយ​សម្រួល​វិស័យ​ពាណិជ្ជកម្ម ពិសេស​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដទៃ​ទៀត​កាន់តែ​ងាយស្រួល ដែល​ជួយ​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​ការ​សឹក​រេច​រិល​ផ្លូវគោក​ផង​ដែរ ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា ការ​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ភ្ញៀវ​ទេសចរ​រវាង​ថៃ និង​កម្ពុជា ក៏​ដូច​ជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​មាន​សំណួរ​លើក​ឡើង​ថា ប្រសិនជា​មានការ​ភ្ជាប់​បណ្តាញ​រថភ្លើង តើ​រថភ្លើង​នេះ​មាន​ទំនិញ​សម្រាប់​ដឹក​ឬទេ ? នេះ​ជា​សំណួរ​មួយ​ដែល​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ ។

លោក​បន្ត​ថា ៖« តាម​ធម្មតា ប្រសិនជា​មាន​ទំនិញ​ដឹក​គ្រប់គ្រាន់ ការ​ដឹក​ទំនិញ​តាម​រថភ្លើង នឹង​ជួយ​សម្រួល​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​មក​នៅ​តម្លៃ​ថោក ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​នៅ​កម្ពុជា​ថ្លៃ​ណាស់ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ » ៕