ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​ប្រជា​កសិករ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ប្រទេស​កសិកម្ម​ដែល​ប្រជាជន​ភាគច្រើន​ធ្វើស្រែ​ចម្ការ ។ ទោះបី​យ៉ាងណា ទិន្នផល​ដែល​ប្រមូល​បាន ច្រើន​តែ​ជួប​បញ្ហា​ដោយសារ​តែ​តម្លៃ​ថោក ឬ​គ្មាន​ទីផ្សារ​ជាដើម ។

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ប្រទេស​កសិកម្ម​ដែល​ប្រជាជន​ភាគច្រើន​ធ្វើស្រែ​ចម្ការ ។ ទោះបី​យ៉ាងណា ទិន្នផល​ដែល​ប្រមូល​បាន ច្រើន​តែ​ជួប​បញ្ហា​ដោយសារ​តែ​តម្លៃ​ថោក ឬ​គ្មាន​ទីផ្សារ​ជាដើម ។

ដើម្បី​គាំទ្រ​ដល់​វិស័យ​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ជា​សេនាធិការ បាន​រៀបចំ​ម៉ូ​ដែល​កសិកម្ម​ថ្មី​មួយ​គឺ «​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​»​ហើយ​ក៏​បាន​ចាប់ផ្ដើម​អនុវត្ត​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ជា​បណ្ដើរ​ៗ​ដែរ ។ តើ​ការ​ធ្វើ​កសិកម្ម​តាម​ម៉ូ​ដែល​ថ្មី​នេះ​ផ្តល់​យោជន៍​អ្វីខ្លះ​ដល់​កសិករ​នៅ​តាម​សហគមន៍ ? ហើយ​កសិករ​ត្រូវ​ត្រៀមខ្លួន​អ្វីខ្លះ​ដើម្បី​ចុះ​កិច្ចសន្យា​ធ្វើ​កសិកម្ម​តាម​បែប​ថ្មី​នេះ ?

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម មាន​ប្រសាសន៍​ថា ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម ឬ​កិច្ចសន្យា​ផលិត​នេះ វា​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​កសិករ និង​ក្រុមហ៊ុន​។ សម្រាប់​សហគមន៍​អាច​ដឹង​មុន​ថា គាត់​នឹង​ត្រូវ​ផលិត​អ្វី ពូជ​អ្វី គុណភាព​យ៉ាងម៉េច មាន​បរិមាណ និង​មាន តម្លៃ​ប៉ុន្មាន ។ ដោយឡែក​ក្រុមហ៊ុន ឬ​រោង​ម៉ាស៊ីន អាច​ដឹង​មុន និង​ធ្វើ​ផែនការ​ជាមួយ​អ្នកទិញ​បន្ត​នៅ​បរទេស​បាន ដើម្បី​ប្រាកដ​ថា គាត់​អាច​ផ្គត់ផ្គង់​ផលិតផល​ប្រភេទ​អ្វី បាន​ចំនួន​ប៉ុន្មាន និង បាន​នៅ​ពេល​ណា ជាដើម ។

លោក​បន្ដ​ថា ៖« ការ​ធ្វើ​កុងត្រា​ផលិតកម្ម នេះ អាច​ទៅ​លើ​ផលិតផល​មិនធម្មតា​មួយ ដូច​ជា ផលិតផល​សិរី​រា​ង្គ ហើយ​កសិករ​នៅ​ក្នុង​សហគមន៍​ត្រូវ​តែ​អនុវត្ត​តាម​ក្រុមហ៊ុន ។ ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន​​ក៏​មាន​យន្តការ​ឃ្លាំមើល​ឱ្យ​ប្រាកដ​ថា សហគមន៍​នោះ អាច​ផលិត​នូវ​ផលិតផល​មួយ​ដែល​គេ​ចង់បាន​ដែរ​ឬ​យ៉ាងណា ។ ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​នេះ ជា​វិធី​មួយ​របស់​ក្រសួង​ដើម្បី​បញ្ជៀ​ស​ទីផ្សារ​បញ្ហា​នៅ​ពេល​ប្រមូល​ផល ។

អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ លោក​ឧកញ៉ា សុង សា​រ៉​ន មាន​ប្រសាសន៍​ថា កិច្ចសន្យា​កសិកម្ម គឺជា​ម៉ូ​ដែល​ពាណិជ្ជកម្ម​មួយ​ដែល​យើង​ធ្វើ​ដោយ​មិន​ចាំបាច់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​រកស៊ី​កែ​ច្នៃ​នាំ​ចេញ​ទៅ​យក​ដី​សម្បទាន​សេដ្ឋកិច្ច​អ្វី​នោះ​ទេ គឺ​យើង​អាច​ធ្វើ​ជាមួយ​កសិករ​ដែល​មាន​ដី​ស្រាប់ ដោយ​ធ្វើ​កិច្ចសន្យា​ជាមួយ​ពួកគាត់ ។ ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​នេះ យើង​តែងតែ​ជជែក​គ្នា​ជា​មុន​អំពី​ប្រភេទ​ផលិតផល​ដែល​យើង​ចង់បាន ឱ្យ​ត្រូវ​ទៅ​តាម​ទីផ្សារ ។

លោក​លើក​ឡើង​ថា ៖« ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​នេះ ជា​ទូទៅ​មាន​៣​ភាគី​ចូលរួម ក្នុង​នោះ​មាន កសិករ ក្រុមហ៊ុន​ឯកជន និង​រដ្ឋ​(​ក្រសួងកសិកម្ម ឬ​មន្ទីរ​កសិកម្ម​ខេត្ត​)​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​ដឹកនាំ​ត្រួតពិនិត្យ​ទៅ​លើ​ភាគី​ទាំង​អ្នកលក់ និង​អ្នកទិញ ។ លើស​ពី​នេះ​អង្គការក្រៅរដ្ឋាភិបាល ឬ​ក្រុមប្រឹក្សា​យោបល់​ផ្សេង​ៗ​ដែល​ជួយ​ពង្រឹង​ឱ្យ​ភាគី​ទាំង​ពីរ​មានការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​កិច្ចសន្យា​កសិកម្ម​ដែល​មាន​ចែង » ។

លោក​បន្ដ​ថា ៖« ដើម្បី​ឱ្យ​កសិករ​ធ្វើ​កិច្ចសន្យា​កសិកម្ម​បាន កសិករ​ត្រូវ​មាន​ដី ត្រូវ​មានចិត្ត​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា ត្រូវ​មាន​ជំនាញ និង​បទ​ពិសោធន៍​ទៅ​លើ​ការ​ដាំ​ស្រូវ​តាម​បែប​កិច្ចសន្យា និង​គួរតែ​មាន​ថវិកា​ខ្លះ​ដើម្បី​ទុក​អនុវត្ត​ផែនការ ហើយ​មានគំនិត​សហគ្រិន​បែប​សហគមន៍ និង​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ដឹកនាំ​សហគមន៍​ជាដើម » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ ផ្តល់​ប្រយោជន៍​ដល់​កសិករ ដូច ជា ការ​ធានា​បាន​នូវ​ទីផ្សារ​ច្បាស់លាស់ និង​ប្រកដប្រជា​, ធានា​បាន​នូវ​តម្លៃបន្ថែម​ដើម្បី​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​, ធានា​ផ្តល់​ជា​ជំនួយ​ខាង​បច្ចេកទេស ,​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក​, ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​, ផ្តល់​ការងារ​នៅ​តាម​សហគមន៍ និង​កាត់​បន្ថយ​ការងារ​ចំណាកស្រុក​ជាដើម ។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា​សង្កាត់​ធ្ងន់​ថា ៖« ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​នេះ ជា​ផ្នែក​មួយ​ធំ​ដែល​ទាមទា​ឱ្យ​ចូលរួម​ដោយ​រាជរដ្ឋាភិបាល ជួយ​គាំទ្រ​តម្លៃ​កសិផល​កុំឱ្យ​ធ្លាក់​ថ្លៃ ។ បើ​យើង​មានច្បាប់ មាន​គោលការណ៍ ហើយ​បើ​រដ្ឋ​មាន​ថវិកា​គាំទ្រ​ទៅ​លើ​កិច្ចសន្យា​នេះ និង​មាន​ផែនការ​ធានា​បាន​នូវ​ជំនួយ​បច្ចេកទេស ជួយ​ដល់​កសិករ ខ្ញុំ​ជឿ​ថា រឹតតែ​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​នេះ ឱ្យ​មាន​ភាព​ជោគជ័យ មាន​លទ្ធភាព​ពង្រីក​បាន​លឿន​ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ ឬ​ថ្នាក់​ខេត្ត ។ យើង​ត្រូវការ​រាជរដ្ឋាភិបាល​ចូលរួម​ចំណែក​ជំរុញ​ឱ្យ​លឿន​ជាង​មុន » ៕