ខេត្តបន្ទាយមានជ័យ ៖ សកម្មភាពលួចនាំមនុស្សឆ្លងដែនទៅរកការងារធ្វើនៅក្រៅប្រទេសដោយអះអាងថា បានកម្រៃច្រើនដោយពុំមានលិខិតបទដ្ឋានណាមួយបញ្ជាក់ច្បាស់លាស់ គឺជាបញ្ហាខុសច្បាប់ ហើយនឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះពលករដែលឆ្លងដែនខុសច្បាប់ ។ ទាក់ទិននឹងបញ្ហានេះនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ កុម្ភៈ ប៉ូលិសស្រុកមង្គលបុរីបានឃាត់ខ្លួនស្ត្រីម្នាក់ជាមេខ្យល់នាំពលករខ្មែរចំនួន៤នាក់ទៅធ្វើការងារនៅប្រទេសថៃនៅចំណុចមុខអធិការដ្ឋានស្រុក និងរថយន្តមួយគ្រឿងផងដែរ ។
លោកវរសេនីយ៍ត្រីផុន សាលីម អធិការនគរបាលស្រុកមង្គលបុរីឱ្យដឹងថា ស្ត្រីមេខ្យល់នោះឈ្មោះបូផា អាយុ៣២ឆ្នាំ រស់នៅភូមិចំការចេញ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ទន្ទឹមសមត្ថកិច្ចរំដោះពលករចំនួន៤នាក់មាន១-ឈ្មោះវ៉ា ហៃ ភេទប្រុស អាយុ៣៤ឆ្នាំ ២-ភិន ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ ៣-ឈ្មោះសៀង មីនា ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះណា ភី ហៅជ្រូក ភេទប្រុស អាយុ១៩ឆ្នាំ ទាំង៤នាក់នេះរស់នៅភូមិជាមួយស្ត្រីជាប់ចោទ ។
លោកវរសេនីយ៍ទោសិទ្ធិ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឱ្យដឹងថា ពលករ៤នាក់នោះបំភ្លឺប្រាប់សមត្ថកិច្ចថា ពួកគេត្រូវឈ្មោះដាំ បូផា និយាយអូសទាញឱ្យទៅធ្វើការនៅប្រទេសថៃ ដោយក្នុងម្នាក់ត្រូវគេយកថ្លៃជូនផ្លូវ ខ្លះជាង២.០០០បាត ខ្លះ២.៥០០បាត និងខ្លះទៀត២.២០០បាត ។ លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តមានប្រសាសន៍ថា នៅចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះបូផា និយាយថា កាលពីថ្ងៃទី២៧ កុម្ភៈ ពលករទាំង៤នាក់បានឱ្យខ្លួនជូនទៅធ្វើការនៅប្រទេសថៃ ហើយនាងយកថ្លៃជូនផ្លូវក្នុងម្នាក់២.៥០០បាត ប៉ុន្តែនាងពុំទាន់បានទទួលយកទេ ។
លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងតន់ ស៊ីហតេជះ ពលករទាំង៤នាក់ និងអ្នករត់រថយន្តឈ្នួលត្រូវសមត្ថកិច្ចអប់រំ រួចហើយឱ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកស្ត្រីឈ្មោះដាំ បូផា ត្រូវកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ