ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដែល​អនុវត្ត​តាម​គម្រោង​ADB​លែង​ចង់​ធ្វើ​ចំណាកស្រុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ពី​ជនបទ​ទៅ​ទីក្រុង ឬ​ទៅ​បរទេស​ជា​បញ្ហា​ចោទ​មួយ​ចំពោះ​ប្រទេស​កម្ពុជា ដោយសារ​ការ​ធ្វើស្រែ​ចម្ការ​មិន​ទទួលផល ឬ​បាន​ផល​ហើយ តែ​គ្មាន​ទីផ្សារ​សម្រាប់​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ពី​ជនបទ​ទៅ​ទីក្រុង ឬ​ទៅ​បរទេស​ជា​បញ្ហា​ចោទ​មួយ​ចំពោះ​ប្រទេស​កម្ពុជា ដោយសារ​ការ​ធ្វើស្រែ​ចម្ការ​មិន​ទទួលផល ឬ​បាន​ផល​ហើយ តែ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ចេញ ។ យ៉ាងណា​ក៏​ដោយ មាន​កសិករ​មួយ​ចំនួន​នៅ​បណ្ដា​ខេត្ត​តាម​ដង​ទន្លេសាប​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ របស់​ខ្លួន ក្រោយ​ពី​បាន​អនុវត្ត​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី និង​អង្គការ​មួយ​ចំនួន​ដែល​ពាក់​ព​ន្ធ័​នឹង​ការ​ជំរុញ​ជីវភាព​ប្រជា​កសិករ ។

លោក ងិ​ន ផុ​ន និង​ភរិយា​បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​កម្មករ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​នៅ​ក្នុង​ប្រទេស ហើយ​៣​ឆ្នាំ​ក្រោយមក​ក៏​បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​ដែល​អាច​ឱ្យ​ពួក​គាត់​ប្រើប្រាស់​ដើម្បី​ពង្រីក​ដី​មាន​ទំហំ​តូច​ល្មម​នៅ​ក្នុង​ឃុំ​ស្វាយ​ពក ខេត្តកំពង់ចាម បាន​កាន់តែ​ធំ​ជាង​មុន ។

តាម​រយៈ​ការ​ពង្រីក​ការ​ដាំ​ដុះ​ដំណាំ​ឱ្យ​បាន​ច្រើន​មុខ ពួក​គាត់​បាន​ទទួលផល​ត្រឹមតែ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​នៅ​តែ​ងាយ​រង​គ្រោះ ប្រសិនបើ​មាន​វិបត្តិ​សេដ្ឋកិច្ច​អ្វីមួយ​កើត​មាន​ឡើង ដូច​ជា​នៅ​ពេល​ដែល​ការ​ប្រមូល​ផល​មិនសូវ​បាន​ល្អ និង​នៅ​ពេល​ដែល​តម្លៃ​ដំណាំ​ធ្លាក់​ចុះ​ទាប​ជាដើម ។

លោក​ផុ​ន​និយាយ​ថា ៖« ជម្រើស​ដែល​យើង​មាន​គឺ​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​ចម្ការ​កៅស៊ូ ឬ​ត្រូវ​ទៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​ការងារ​តាម​ការដ្ឋាន​សំណង់ តែ​ដោយសារ​លោក​ទទួល​បានការ​គាំទ្រ​នូវ​គម្រោង​ពី​ធនាគារ​អភិវឌ្ឍន៍  លោក​ក៏​បាន​ចាប់ផ្ដើម​អាជីវកម្ម​ជា​កសិកម្ម ដូច​ជា​ពង្រីក​ដីចម្ការ​ដាំ​ដំណាំ​ផ្សេង​ៗ និង​ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ជាដើម ក្រោយមក​អាជីវកម្ម​នោះ​ក៏​ចេះ​តែ​លូតលាស់​ជា​បន្តបន្ទាប់ ។

អ្នកស្រី​តុ​ន គឹ​ម​ហួយ កសិករ​នៅ​ខេត្តកំពង់ចាម​បានឱ្យ​ដឹងផង​ដែរ​ថា កាលពីមុន​គ្រួសារ​អ្នកស្រី​ក្រីក្រ​ណាស់ ដោយ​ក្នុង​មួយ​ខែ​ៗ​អាច​ទទួលទាន​ម្ហូប​ឆ្ងាញ់​តិច​ពេល​ខ្លាំង​ណាស់ តែ​ក្រោយ​ពី​អ្នកស្រី​ទទួល​បាន​២០០​ដុល្លារ​ពី​គម្រោង​ADB អ្នកស្រី​បាន​ចាប់ផ្ដើម យក​លុយ​នោះ​ទៅ​ទិញ​មាន់​មក​ចិញ្ចឹម ព្រមទាំង​បាន​រៀនសូត្រ​ពី​មន្ត្រី​ជំនាញ ណែនាំ​ពី​ការ​ចិញ្ចឹម​និង​ថែទាំ​សត្វ​មាន់ ដើម្បី​ឱ្យ​ទទួល​បាន​ផល​លឿន ព្រម​ជាមួយ​ការ​ដាំ​ដុះ​ស្រូវ​ដោយ​ខ្លួន​ផ្ទាល់ ។ រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ អាជីវកម្ម​របស់​អ្នកស្រី ចាប់ផ្ដើម​រីក​ធំធាត់​បន្តិច​ម្ដង​ៗ អ្នកស្រី​អាច​រក​ចំណូល​បាន​ច្រើន​ពី​ការ​លក់​មាន់ និង​ធ្វើ​ឱ្យ​គ្រួសារ​អ្នកស្រី​មាន​ម្ហូប​ឆ្ងាញ់​ៗ​ជាង​កាលពី​ពេល​មុន​ៗ ។

ចំណែក​អ្នកស្រី យ៉ា សុត កសិករ​នៅ​ខេត្តកំពង់ធំ​ក៏​បានឱ្យ​ដឹង​ថា ដំបូង​ឡើយ អ្នកស្រី​បាន​ដាក់​ស្នើ​កម្ចី​២៥០​ដុល្លារ​ពី​ADB​មក​ធ្វើ​ជា​ទុន ដោយ​មានការ​ណែនាំ​ពី​បច្ចេកទេស​ពី​ធនាគារ​ផង​ដែរ ដោយ​ក្នុង​នោះ​អ្នកស្រី​បាន​យក​ទុន​នោះ​មក​ធ្វើស្រែ​ប្រាំង តែ​ដោយសារ​តែ​ការ​ធ្វើស្រែ គឺ​ពឹង​លើ​ទឹកភ្លៀង ខាង​ADB​បាន​ផ្ដល់​គំនិត និង​ពូជស្រូវ​ដែល​មាន​រយៈពេល​ខ្លី​ដល់​អ្នកស្រី ។ រហូត​មក​ដល់​ពេល​នេះ អ្នកស្រី អាច​រក​ចំណូល​ពី​ការ​ធ្វើស្រែ​បាន​ប្រមាណ​៧​លាន​រៀល ក្នុង​១​រដូវ​កាលដែល​មាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ។ តាម​រយៈ​ប្រាក់​ចំណូល​នេះ​បាន​ជំរុញ​ឲ្យ​អ្នកស្រី​ចេះ​តែ​ចង់​បង្កបង្កើន​ផល​នៅ​ក្នុងស្រុក​វិញ ដោយ​មិន​ចង់​ធ្វើ​ចំណាកស្រុក​ទៅ​បរទេស ឬ​ទីក្រុង​ឡើយ ។

លោក សុខ នឿ​ន ទីប្រឹក្សា​គម្រោង​របស់​អង្គការ​មួយ​ដែល​ធ្វើ​ការងារ​ជាមួយនឹង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ពន្យល់​ថា ៖« យើង​បាន​បង្រៀន​កសិករ​ឱ្យ​ចេះ​បច្ចេកទេស​ថ្មី​ៗ ដូច​ជា ការ​ដាំ​ដំណាំ​ឆ្លាស់ និង​ការ​បណ្ដុះ​ផ្សិតចំបើង​ជាដើម​។ បច្ចេកទេស​ទាំងនេះ​អាច​ឱ្យ​ពួក​គេ​រក​ចំណូល​បាន​ពេញ​មួយ​ឆ្នាំ » ។

លោក​បន្ត​ថា គោលបំណង​មួយ​របស់​គម្រោង​នេះ​គឺ​បង្កើត​ភាព​ងាយស្រួល​ឱ្យ​កសិករ​អាច​ធ្វើការ​ងារ​លើ​ដី​របស់​ខ្លួន​ជា​ជាង​ធ្វើ​ចំណាកស្រុក ។ ដោយសារ​តែ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ទិន្នផល​ស្រូវ​ក្នុង​១​ហិ​កតា​ទាប​ជាងគេ​នៅ​អាស៊ី កសិករ​អាច​ទិញ​ស្រូវពូជ​ដែល​មានគុណ​ភាព​ខ្ពស់ ដែល​ផលិត​ដោយ​គម្រោង​នេះ​ផ្ទាល់​តែ​ម្តង ដើម្បី​បង្កើន​ទិន្នផល​ខ្លួន ។ ក្រុម​កែ​លម្អ​ជីវភាព​រស់នៅ ដែល​មាន​សមាជិក​ជា​គ្រួសារ​ក្រីក្រ​ទទួល​បាន​ឥណទាន​ខ្នាត​តូច​ដែល​អាច​យក​ទៅ​វិនិយោគ​សម្រាប់​អាជីវកម្ម​ដែល​ផ្ដល់​ប្រាក់​ចំណេញ​បាន​ច្រើន ដូច​ជា ការ​ចិញ្ចឹមសត្វ​ជាដើម៕