ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ ដែល​នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង និង​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ ដែល​នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង និង​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ថា តាម​គម្រោងការ​សាងសង់ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ ប្រសិនជា​ការ​ចរចា​វាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ផ្លូវ​នេះ​បញ្ចប់​តាម​ការ​គ្រោងទុក ។

លោក​បន្ត​ថា ផ្លូវ​ប្រវែង​១៩០​គីឡូម៉ែត្រ​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់​ចំនួន​១៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​ល្បឿន​លឿន ដែល​មាន​គន្លង​រថយន្ត​អាច​បើកបរ​បាន​ពីរ​ខ្សែ ទាំង​ទៅ​ទាំង​មក ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៤​ចង្អៀត​ហើយ ហេតុនេះ​ការ​វិនិយោគ​លើ​ផ្លូវ​នេះ​ពិតជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​សម្រួលការ​ដឹក​ជញ្ជូន កាត់​បន្ថយ​ពេលវេលា​លើ​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន » ។ លោក​ថា ៖« ខេត្ត​ព្រះ​សីហ​នុ​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជាតិ ហេតុនេះ​ការ​សាងសង់​ផ្លូវ​នេះ នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ » ។

លោក​សូ​រិ​យា​បាន​បន្ត​ថា នៅ​ពេល​ផ្លូវ​នេះ​សាងសង់​ចប់ នឹង​មិន​មាន​ចំណុច​ឆ្លងកាត់​ច្រើន​នោះ​ទេ ហើយ​ម៉ូតូ​តូច​ៗ មិន​អាច​បើកបរ​បាន​ឡើយ ពិសេស​នឹង​មានការ​បិទ​របង​ដែល​មិន​អាច​ឲ្យ​សត្វ ពាហនៈ ​ឆ្លងកាត់​បាន​ឡើយ ។ លោក​បន្ត​ថា ផ្លូវ​នេះ​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ផ្លូវជាតិ​លេខ​៤​បច្ចុប្បន្ន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​លម្អិត​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ថ្លែ​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់ លោក​វ៉ា ស៊ី​ម​សូ​រិ​យា បាន​ថ្លែង​ថា វា​មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ថ្លៃ​ជាង​ប្រទេស​ជិតខាង ដូច​ជា ការ​វិនិយោគ ការ​នាំ​ចូល​ទំនិញ តម្លៃ​ប្រេង​ថ្លៃ និង​នីតិវិធី​ធ្វើ​ការងារ​នៅ​កម្ពុជា​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ចាំបាច់​ណាស់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​ប្រសិនជា​ចង់​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​បន្ថែម​ទៀត យើង​ត្រូវ​បន្ត​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង ប៉ុន្តែ​ទាមទារ​ឲ្យ​មានការ​បង្កើន​ល្បឿន​វិនិយោគ​បន្ថែម​ទៀត ។

លោក​ថ្លែង​ថា ៖« ប្រសិនជា​មិន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច​របស់​យើង​នៅ​តែ​ប៉ុណ្ណឹង ដូច្នេះ​ដើម្បី​សេដ្ឋកិច្ច​យើង​រីក​ចម្រើន និង​ឈាន​ទៅ​ដំណាក់កាល​ថ្មី ការ​វិនិយោគ​លើ ហេដ្ឋា រចនា សម្ព័ន្ធ គឺជា​រឿង​មិន​អាច​ខ្វះ​បាន »៕