ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៣​ឃុំ ក្នុងស្រុក​ពាម​ជរ ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ ជួយ​ជួសជុល​ផ្លូវ​១​ខ្សែ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ផ្លូវ​១​ខ្សែ​នេះ​មាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ឆ្លងកាត់​ឃុំ​ចំនួន​៣​នៃ​ស្រុក​ពាម​ជរ គឺ​ឃុំ​ក្រាំង​តា​យ៉ង ឃុំ​ឫស្សីស្រុក និង​ឃុំ​កោះ​សំពៅ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ

ខេត្តព្រៃវែង ៖ ផ្លូវ​១​ខ្សែ​នេះ​មាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ឆ្លងកាត់​ឃុំ​ចំនួន​៣​នៃ​ស្រុក​ពាម​ជរ គឺ​ឃុំ​ក្រាំង​តា​យ៉ង ឃុំ​ឫស្សីស្រុក និង​ឃុំ​កោះ​សំពៅ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​យ៉ាង​ខ្លាំង នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ម្តង​ៗ ប៉ុន្តែ​វា​មិន​បាន​ខូច​ទាំង​២០​គីឡូ​នោះ​ទេ គឺ​ខូច​ដាច់​ដោយ​ដុំ ដោយ​កន្លែង សរុប​ជាង​២០​កន្លែង​នៅ​លើ​កំណាត់​ផ្លូវ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​នេះ​។

អ្នកស្រុក​នៅ​ក្នុង​ឃុំ​ទាំង​៣​នោះ​បាន​និយាយ​ដូច​គ្នា​ថា ផ្លូវ​១​ខ្សែ​នេះ​បាន​ខូច​ធ្ងន់ធ្ងរ​អស់​រយៈពេល​៣​ខែ​មក​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាមួយ​អើពើ​ចុះ​ទៅ​ពិនិត្យ​មើល ឬ​ក៏​ជួយ​ជួសជុល​នោះ​ទេ​។ កន្លែង​ខ្លះ​ឡាន​ធំ​ៗ​បើក​មក​ជាប់ផុង កើត​ទៅ​ជា​រណ្តៅ​ធំ​ៗ​ជ្រៅ​ៗ ធ្វើ​ឲ្យ​ម៉ូតូ និង​រថយន្ត​តូច​ៗ​មិន​អាច​បើក​ឆ្លងកាត់​បាន អ្នកស្រុក​ក៏​រៃ​អង្គាសប្រាក់​គ្នា ទិញ​ដី​១​ឡាន​២​ឡាន​ទៅ​ចាក់​លុប​ដើម្បី​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​បណ្តោះអាសន្ន កន្លែង​ខ្លះ​ទៀត កើត​ទៅ​ជា​ចង្អូរ និង​បែក​ភក់ល្បាប់​យ៉ាង​ខ្លាំង ក្នុង​១​ថ្ងៃ​មាន​អ្នក​រអិល​ដួល​ប្រឡាក់​ភក់ យ៉ាងតិច​ក៏​៣​ទៅ​៤​នាក់​ដែរ ជា​ពិសេស​ក្មេង​ៗ​សិស្សសាលា​តូច​ៗ​ដែល​ព្រឹក​ឡើង​នាំ​គ្នា​ជិះ​កង់​ទៅ​រៀន គឺ​ដួល​ប្រឡាក់​ស្ទើរ​រាល់ថ្ងៃ​។

អ្នកស្រុក​បាន​បញ្ជាក់​ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្លូវ​នេះ​ខូច​ធ្ងន់ធ្ងរ​បែប​នេះ គឺ​ដោយសារ​តែ​ភ្លៀង​ធ្លាក់​មក​បន្តបន្ទាប់​គ្នា​ស្ទើរ​រាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ជ្រាយ​ពេល​ឡាន​ដឹក​ស្ករ ឡាន​ដឹកស្រូវ​ធំ​ៗ​បើក​ឆ្លងកាត់ ធ្វើ​ឲ្យ​កន្លែង​ខ្លះ​ផុង​ស្រុត​កើតជា​រណ្តៅ កន្លែង​ខ្លះ​ទៀត​ក៏​បែក​ទៅ​ជា​ភក់ល្បាប់​ពេញ​ផ្លូវ​តែ​ម្តង​។ ចំពោះ​បញ្ហា​នេះ​ពួក​គាត់ ធ្លាប់​បាន​នាំ​គ្នា​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ឃុំ​ស្រុក​ឲ្យ​ជួយ​ដោះស្រាយ​ដែរ គឺ​សុំ​ឲ្យ​ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​ស្ងាត់ឈឹង មិនឃើញ​មាន​អ្នក​ណា​ជួយ​ដោះស្រាយ​នោះ​ទេ​។

ជុំវិញ​បញ្ហា​នេះ​លោក សៅ ប្រសិទ្ធិ អភិបាលស្រុក​ពាម​ជរ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​ស្ថិត​នៅ​ក្នុង​គម្រោង​សាងសង់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​ត​ភ្ជាប់​ពី​ចំណុច​ផ្លូវកែង​សូ​រិ​យា​ក្នុងស្រុក​ព្រះស្តេច ចាក់​ទៅ​ដល់​ព្រំដែន​កោះ​ស្កូ នៃ​ច្រករបៀង​កោះ​សំពៅ ដែល​មាន​ប្រវែង​ជាង​៣០​គីឡូម៉ែត្រ និង​បាន​ចាប់ផ្តើម​សាងសង់​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ប៉ុន្តែ​លោក​មិន​បានដឹង​ថា​មាន​មូលហេតុ​អ្វី​ទេ គឺ​ផ្លូវ​នេះ​ធ្វើ​មិន​ទាន់​រួច​ផង​ស្រាប់តែ​គេ​ដក​គ្រឿងចក្រ​ទៅ​វិញ​អស់ ហើយ​ឈប់​ធ្វើ​តែ​ម្តង​។

ហើយ​ចំពោះ​រឿង​ផ្លូវ​នេះ ដែល​បច្ចុប្បន្ន​កំពុង​រង​ការ​ខូចខាត​នោះ ខាង​ក្រុមការងារ​ក៏​ដូច​ជា​ខាង​អាជ្ញាធរ​ស្រុក ធ្លាប់​បាន​ដាក់​សំណើរ​ទៅ​ខាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដែរ ប៉ុន្តែ​ខាង​មន្ទីរ​អះអាង​ថា ផ្លូវ​នេះ​គឺជា​គម្រោង​របស់​ខាង​ក្រសួង ដូច្នេះ​ទាល់តែ​ក្រសួង​ទើប​អាច​ដោះស្រាយ​បាន​តែ​ពេល​នេះ​ក្រសួង​មិនឃើញ​ឆ្លើយ​តប​ទេ​។ ដោយឡែក​លោក តូច ស៊ី​ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​នេះ​តាម​គម្រោង គឺ​ធ្វើ​ឲ្យ​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​រហូត​ដល់​ព្រំដែន​តែ​ម្តង ប៉ុន្តែ​ការ​កកស្ទះ​នេះ​គឺ​ដោយសារ​មាន​បញ្ហា​រឿង​ថវិកា ចំណែក​បញ្ហា​ចំពោះ​មុខ​រឿង​ផ្លូវ​ខូច​នេះ មន្ទីរ​ក៏​មាន​គ្រោង​ជួយ​ជួសជុល​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ថវិកា នៅ​ពេល​ណា​ដែល​ក្រសួង​ទម្លាក់​ថវិកា​ឲ្យ​ភ្លាម លោក​នឹង​បញ្ជូន​គ្រឿងចក្រ​ចុះ​ទៅ​ជួសជុល​ភ្លាម ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​មាន បងប្អូន​សូម​ទ្រាំ​សិន​ទៅ​៕