ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ប្លង់​កម្មសិទ្ធិ និង​អត្ថប្រយោជន៍​របស់​វា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​កម្ពុជា​បាន​ហែល​ឆ្លង​ដំណាក់កាល និង​របប​ជា​ច្រើន​ក្នុង​ប្រទេស បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង ឬ​សម្គាល់​អចលនទ្រព្យ​ខុស​ៗ​គ្នា​ជា​ច្រើន ដែល​មាន​សុពលភាព​ផ្លូវច្បាប់​នៅឡើយ ។

រាជធានី​ភ្នំពេញ ៖ ដោយសារ​កម្ពុជា​បាន​ហែល​ឆ្លង​ដំណាក់កាល និង​របប​ជា​ច្រើន​ក្នុង​ប្រទេស បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង ឬ​សម្គាល់​អចលនទ្រព្យ​ខុស​ៗ​គ្នា​ជា​ច្រើន ដែល​មាន​សុពលភាព​ផ្លូវច្បាប់​នៅឡើយ ។

ទាក់ទង​នឹង​បញ្ហា​ប្លង់​កម្មសិទ្ធិ​នេះ លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong និង​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ដែល​ផ្តល់​សេវាកម្ម​ទាក់ទង​អចលនទ្រព្យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​ថ្លែង​ឲ្យ​ដឹង​លម្អិត​ពី​ព័ត៌មាន​នេះ​ដូច​តទៅ ៖

តើ​កម្ពុជា​មាន​ប្លង់​កម្មសិទ្ធិ​សម្គាល់​អចលនទ្រព្យ​អ្វីខ្លះ ?
នៅ​កម្ពុជា​ដោយសារ​មាន​របប​ច្រើន បាន​ធ្វើ​ឲ្យ​មាន​ប្លង់​កាន់កាប់​អចលនទ្រព្យ​ច្រើន ដូច​ជា ប្លង់​ស្លាបមាន់ ជា​ប្លង់​ចេញ​ចន្លោះ​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៤ ។ ប្លង់​កន្ទុយ​ត្រី​ពណ៌​លឿង ចេញ​ចន្លោះ​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​២០១០ និង​ចន្លោះ​ឆ្នាំ​២០១០ ដល់​បច្ចុប្បន្ន គឺ​មាន​ប្លង់​ចំនួន​៣​ដូច​ជា​ប្លង់​ទន់ ប្លង់​រឹង និង​ប្លង់​ជា​ប្រព័ន្ធ (L Map) ។ ប្លង់​ជា​ប្រព័ន្ធ សំដៅ​ប្លង់​រួម​ក្នុង​បុរី ។

តើ​ប្លង់​ទាំង​អស់នេះ​នៅ​មាន​សុពលភាព​ឬទេ ?
ប្លង់​ទាំង​អស់នេះ​នៅ​មាន​សុពលភាព​នៅឡើយ ប៉ុន្តែ​អ្នកកាន់កាប់​ប្លង់​ស្លាបមាន់ ប្លង់​កន្ទុយ​ត្រី និង​ប្លង់​ទន់ មិន​អាច​ទិញ​លក់​អចលនទ្រព្យ​របស់​ខ្លួន​បាន​ឡើយ ពោល​គឺ​ពួក​គេ​ត្រូវ​តែ​កាត់​ប្លង់​រឹង​ជូន​អ្នកទិញ ទើប​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មានការ​ទិញ​លក់​បាន និង​ត្រូវ​តម្រូវ​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ ។ ការ​រត់ការ​ដើម្បី​ទទួល​បាន​ប្លង់​រឹង ត្រូវ​ចំណាយពេល​ចន្លោះ​ពី​៤​ទៅ​៦​ខែ និង​ការ​ចំណាយ​តិច​ច្រើន អាស្រ័យ​លើ​ការ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ។

ប្រសិនជា​អ្នកកាន់កាប់​ប្លង់​ចាស់​ៗ​ហើយ​មិន​ដូរ តើ​មាន​ហានិភ័យ​អ្វី​ដែរ​ឬទេ ?
បើ​នៅ​តែ​កាន់កាប់​ប្លង់​ទន់ ប្លង់​ស្លាប មាន់ និង​ប្លង់​កន្ទុយ​ត្រី គ្មាន​ហានិភ័យ​អ្វី​ទេ ប្រសិនជា​ម្ចាស់​មិន​ចង់​លក់​អចលនទ្រព្យ​របស់​ខ្លួន ព្រោះ​គ្មាន​អ្នក​ណា​អាច​រំលោភ​បំពាន​នោះ​ទេ ។ អ្នកកាន់កាប់​ប្លង់​ស្លាបមាន់ និង​ប្លង់​កន្ទុយ​ត្រី មាន​ប្រមាណ​១០%​នៅ​កម្ពុជា ។

ប្រសិនជា​ប្រជាពលរដ្ឋ​ចង់​ដូរ​ប្លង់​ទន់ ប្លង់​ស្លាបមាន់ ប្លង់​កន្ទុយ​ត្រី ជា​ប្លង់​រឹង តើ​ពួក​គេ​ត្រូវធ្វើ​ដូច​ម្តេច ?
ប្រជាពលរដ្ឋ​អាច​ដូរ​បាន ដោយ​គ្រាន់តែ​កាន់​សំណុំ​ឯកសារ​របស់​ពួក​គេ​ទៅ​កាន់​ការិយាល័យ​មន្ទីរ​រៀបចំ​ដែនដី​នៅ​តាម​ស្រុក ឬ​ខេត្ត​របស់​ខ្លួន ហើយ​បង្ហាញ​ប្លង់​នោះ មន្ត្រី​ជំនាញ​នឹង​ណែនាំ​ពួក​គេ​ពី​របៀបរបប ឬ​ឯកសារ​ដែល​ត្រូវ​បំពេញ​ហើយ ។

បច្ចុប្បន្ន​មាន​ចលនា​ពុះ​ដី​ឡូត៍​លក់​ច្រើន តើ​អ្នកទិញ​ដី​ឡូត៍ គួរ​ប្រុង​ប្រយ័ត្ន​បែប​ណា ?
អ្នកទិញ​ដី​ឡូត៍​ភាគច្រើន បច្ចុប្បន្ន​បាន​កាត់​ប្លង់​ដី​ត្រឹម​ស្រុក ឬ​ខណ្ឌ​នីមួយ​ៗ ប៉ុន្តែ​ប្រសិនជា​ម្ចាស់​ដី​ឡូត៍​នោះ​មាន​ប្លង់​រឹង ហើយ​អ្នកទិញ​កាត់​ប្លង់​ទន់​ត្រឹម​ខណ្ឌ ឬ​ស្រុក ពួក​គេ​នឹង​មាន​ហានិភ័យ​នៅ​ពេល​អនាគត ។ ហេតុនេះ ពួក​គេ​ត្រូវ​តែ​សាកសួរ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ទៅ​អ្នក​វិនិយោគ​ពុះ​ដី​ឡូត៍​លក់​ថា មាន​ប្លង់​រឹង ឬ​ប្លង់​ទន់ ប្រសិនជា​មាន​ប្លង់​រឹង ត្រូវ​ទាមទារ​ឲ្យ​ម្ចាស់​ដី​ឡូត៍​កាត់​ប្លង់​រឹង​ជូន​ខ្លួន ដើម្បី​បញ្ចៀស​ហានិភ័យ​នៅ​ពេល​អនាគត ។

អ្វី​ជា​ហានិភ័យ ? លោក សុខ​នី​ម បាន​ឲ្យ​ដឹង​ថា ប្រសិនជា​ម្ចាស់​អចលនទ្រព្យ​នោះ​មាន​ប្លង់​រឹង ហើយ​ពុះ​ដី​ឡូត៍​លក់ និង​កាត់​ប្លង់​ជូន​អតិថិជន​ត្រឹម​ប្លង់​ទន់ នឹង​មាន​បញ្ហា ក្នុង​ករណី​អ្នកកាន់កាប់​នោះ​ស្លាប់ ឬ​លួច​ផ្ទេរ​អចលនទ្រព្យ​ទៅ​កូនចៅ​របស់​ខ្លួន ឬ​ប្លង់​រឹង​ជាប់​នៅ​ធនាគារ​។ ករណី​ធនាគារ​រឹបអូស ឬ​ម្ចាស់​កាន់កាប់​ប្លង់​រឹង មិន​ទទួលស្គាល់​អតិថិជន​ដែល​កាន់កាប់​អចលនទ្រព្យ​ត្រឹម​ប្លង់​ទន់​លើ​ដី​របស់​ខ្លួន នឹង​មាន​បញ្ហា​កើតឡើង​មិន​ខាន ៕