ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​អនុវត្ត​ទៅ​លើ​សេវា​មូលដ្ឋាន​ហិរញ្ញវត្ថុ នឹង​បន្ថែម​បន្ទុក​ដល់​ពលរដ្ឋ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកាស​ឲ្យ​អនុវត្ត​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​ទៅ​លើ​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​កាលពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​មួយ​សម្រាប់​សាធារណជន​ពិសេស​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា

រាជធានី​ភ្នំពេញ ៖ ការ​ប្រកាស​ឲ្យ​អនុវត្ត​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​ទៅ​លើ​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​កាលពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​មួយ​សម្រាប់​សាធារណជន​ពិសេស​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ដែល​កំពុង បម្រើសេវា​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ព្រោះថា ប្រសិនបើ​ចាប់ផ្ដើម​អនុវត្ត​មែន​នោះ ពួក​គាត់​យល់​ថា កាន់តែ​បន្ថែម​បន្ទុក​ដល់​អ្នក​ប្រើប្រាស់ ពិសេស​គឺ​ប្រជាពលរដ្ឋ​។​ដោយសារ​តែ​មានការ​លើក​ឡើង​បែប​នេះ កាលពី​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​ភ្លាម​ៗ​មួយ ដោយ​បាន​ព្យួរ​ការ​អនុវត្ត​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​នេះ​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ស្រប​ពេល​ដែល​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គ្រោង​ជួប​ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​មួយ ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លោក​ឧកញ៉ា ហួត អេ​ង​តុង បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៧ កក្កដា ម្សិលមិញ​ថា ការ​អនុវត្ត​ពន្ធ​អាករ​លើ​តម្លៃបន្ថែម ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ត្រូវ​បង់​ជូន​រដ្ឋ ដែល​បាន​អនុវត្ត​រួច​មក​ហើយ​ទៅ​លើ​ពន្ធ​អាករ​ផ្សេង​ៗ ប៉ុន្ដែ​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ គឺជា​រឿង​ថ្មី ដែល​ត្រូវ​ជជែក​គ្នា ។

លោក​ឧកញ៉ា​ថ្លែង​ថា ៖« ពន្ធ​អាករ​លើ​តម្លៃបន្ថែម​នេះ មិនមែន​ជា​រឿង​ថ្មី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​ទេ គឺ​យើង​បាន​អនុវត្ត និង​បង់ពន្ធ​ជូន​រដ្ឋ​យូរ​មក​ហើយ ព្រោះ​វា​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បង់ពន្ធ​ជូន​រាជរដ្ឋាភិបាល ប៉ុន្ដែ​រឿង​ថ្មី​ៗ​នេះ គឺ​ពន្ធ​អាករ​បន្ថែម​ទៅ​លើ​កម្រៃ​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​បាន​ប្រកាស​ឲ្យ​អនុវត្ត​កាលពី​ពេល​ថ្មី​ៗ​នេះ » ។ លោក​ឧកញ៉ា​ថា ៖«​ប្រសិនបើ​ចាប់ផ្ដើម​អនុវត្ត វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រោះ​ពួក​គាត់​ត្រូវ​បង់​កម្រៃ​បន្ថែម​ច្រើន​ទៅ​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​ដំបូង​នេះ » ។

យោង​តាម​ប្រកាស ស្ដី​ពី​ការ​ណែនាំ​ឲ្យ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៧ បាន​សម្រេច​ឲ្យ​ស្ថាប័ន អង្គភាព​ដែល​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ស្រប​តាម​មាត្រា​៥៧​នៃ​ច្បាប់​ស្ដី​ពី​សារពើពន្ធ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដោយ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៧ ។

ក្នុង​ប្រកាស​នោះ​មាន​កំណត់​និយម​ន័យ​នៃ​ពាក្យ​មួយ​ចំនួន​រួម​ទាំង​ពាក្យ «​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​» ហើយ​ត្រូវ​បាន​អង្គភាព​ឯកជន និង​សារព័ត៌មាន​មួយ​ចំនួន​យក​ទៅ​បកស្រាយ​ពុំ​បាន​ត្រឹមត្រូវ នាំ​ឲ្យ​មានការ​ភ័ន្ដ​ច្រឡំ​ពី​សំណាក់​សាធារណជន​ថា រាជរដ្ឋាភិបាល​ទើបនឹង​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ទៅ​លើ​សេវា​ហិរញ្ញវត្ថុ ។

អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់​ថា អាករ​លើ​តម្លៃបន្ថែម ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ។ តាម​មាត្រា​៥៧​នៃ​ច្បាប់​ស្ដី​ពី​សារពើពន្ធ បាន​ចែង​អំពី​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ ដែល​ក្នុង​នោះ​មាន​សេវា​មួយ​ចំនួន រួម​ទាំង​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​ផង​ដែរ ។ ដូចនេះ​ការ​ចេញ​ប្រកាស​លេខ​៥៥៩ សហ​វ​.​ប្រក គឺ​គ្រាន់តែ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​និយម​ន័យ​នៃ​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ ដើម្បី​ពង្រឹង​សង្គតិភាព​ក្នុង​ការ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​តែ​ប៉ុណ្ណោះ មិនមែន​ជា​ការ​បង្កើត ឬ​ដាក់​ឲ្យ​អនុវត្ត​ពន្ធ​ថ្មី​នោះ​ទេ ។

« បើ​ទោះបីជា​ក្រសួង​សេដ្ឋកិច្ច​បាន​ប្រកាស​ឲ្យ​អនុវត្ត​ការ​យកពន្ធ​អាករ​លើ​តម្លៃបន្ថែម​ទៅ​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​ក៏​ដោយ ក៏​កន្លង​មក ពុំ​ទាន់​មាន​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ​អនុវត្ត​នៅឡើយ ហើយ​គម្រោង​ជួប​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នា​ពេល​ខាង​មុខ ក្នុង​គោលបំណង​ពិភាក្សា​រឿង​នេះ និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​សមាជិកសមាគម​បាន​ជួប​ប្រទះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​ពន្ធ​អាករ​នេះ​កាន់តែ​ប្រសើរ​ឡើង »​។ នេះ​បើ​តាម​លោក​ឧកញ៉ា ហួត អេ​ង​តុង បាន​បញ្ជាក់ ។

ដោយឡែក ក្នុង​កិច្ច​ពិភាក្សា​មួយ​រវាង​តំណាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ជាមួយ​សភាពាណិជ្ជកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ឧកញ៉ា លី ហួរ បាន​លើក​ឡើង​ថា ការ​ប្រកាស​ឲ្យ​អនុវត្ត​នេះ វា​ហាក់ដូចជា​លឿន​ពេក ដូច្នេះ​ខាង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មិន​អាច​ធ្វើ​បាន​ភ្លាម​ៗ​ទេ ហើយ​ការ​អនុវត្ត​សេចក្តី​ប្រកាស​នេះ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតិថិជន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ផង​ដែរ ។

លោក​ឧកញ៉ា​សង្កត់ធ្ងន់​ថា ៖« អ្វី​ដែល​ខាង​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ចង់បាន​នោះ គឺ​ចង់​ឲ្យ​លុប​សេចក្តី​ប្រកាស​នោះ​ចោល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បន្ទុក​របស់​ប្រជា​ពល​ដ្ឋ​ដែល​ជា​អតិថិជន​របស់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ថែម​ទៀត » ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លោក​ឧកញ៉ា ហួត អេ​ង​តុង បាន​លើក​ឡើង​ថា ប្រសិនបើ​អាច​លុប​បាន ក៏​ជា​ដំណោះស្រាយ​ល្អ​មួយ​ដែរ ប៉ុន្ដែ​លោក​មិន​ហ៊ាន​អះអាង​យ៉ាងណា​នោះ​ទេ គឺ​អាស្រ័យ​លើ​ការ​ពិភាក្សា​គ្នា​ប៉ុណ្ណោះ ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង ក៏​បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល គួរ​ពិភាក្សា​ឬ​ជួប​ជាមួយ​វិស័យ​ឯកជន​ជា​មុន​សិន ដើម្បី​រក​ផលប្រយោជន៍​រួម​ចំពោះ​ជាតិ​ទាំងមូល ជៀសវាង​ការ​ដាក់បន្ទុក​បន្ថែម​ដល់​ពលរដ្ឋ ។ ជាក់ស្ដែង ការ​ឲ្យ​អនុវត្ត​ពន្ធ​លើ​តម្លៃ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​(VAT)១០%​នេះ មិនមែន​ជា​បន្ទុក​របស់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទេ គឺជា​បន្ទុក​របស់​អ្នក​ប្រើ​ទៅ​វិញ ។

គួរ​បញ្ជាក់​ថា សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ សំដៅ​ដល់​សេវា​ខាង​ហិរញ្ញវត្ថុ​ដែល​ទាញ​យក​កម្រិត​ប្រាក់​លម្អៀង​ជា​ប្រាក់​ចំណេញ​រួម​មាន ៖
១-​ប្រតិបត្តិការ​ទទួល​ប្រាក់​បញ្ញើ ផ្ដល់​ឥណទាន​ឬ​ឲ្យ​ខ្ចីបុល ប៉ុន្ដែ​មិន​រួម​បញ្ចូល​កម្រៃ​សេវា​ដែល​ទាក់ទិន​នឹង​ការ​ផ្ដល់​ឥណទាន ឬ​ខ្ចីបុល​ទេ ។
២-​ការ​បោះផ្សាយ​លក់​ទីផ្សារ​មូល​ប​ត្រ​ក្នុង​ទីផ្សារ​ដំបូង ការ​ជួញដូរ​មូល​ប​ត្រ ឬ​ឧបករណ៍​ហិរញ្ញវត្ថុ​ដទៃ​ទៀត​, សេវា​ផាត់ទាត់ និង​ទូទាត់​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ។
៣-​សេវា​ប្ដូរ​ប្រាក់
៤-​សេវា​ប្រាតិភោគ
៥-​ការ​ជួញដូរ​មាស​ដែល​មិន​ទាន់​កែ​ច្នៃ​ជា​គ្រឿងអលង្ការ ៕