ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup ៖ ក្រុម​ការពារ​ជើងឯក​ថៃ​បំបាក់​ម៉ា​ឡេ​ស៊ី ឡើង​ប៉ះ​វៀតណាម​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​២

1 ឆ្នាំ មុន

ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បាន​ផ្តួល​ក្រុម​ម៉ា​ឡេ​ស៊ី នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​

ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បាន​ផ្តួល​ក្រុម​ម៉ា​ឡេ​ស៊ី នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​លទ្ធផល​សរុប​ទាំង​២​ជើង ៣-១ ដើម្បី​បន្ត​ឡើង​ទៅ​តទល់​នឹង​ក្រុម​វៀតណាម នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022 ។

ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ បាន​យកឈ្នះ​លើ​ក្រុម​ម៉ា​ឡេ​ស៊ី នៅ​ក្នុង​ប្រកួត​ជើង​ទី​២ កាលពី​ថ្ងៃ​ទី​១០ ខែមករា នៅ​ឯ​កីឡដ្ឋាន Thammasat លទ្ធផល ៣-០ ដែល​៣​គ្រាប់​របស់​ម្ចាស់ផ្ទះ សម្រេច​បាន​ដោយ​កីឡាករ​៣​រូប​ផ្សេង​គ្នា Teerasil Dangda, Bordin Phala និង Adisak Kraisorn ខណៈ​ដែល​កាលពី​ជើង​ទី​១ នៅ​ដី​ម៉ា​ឡេ​ស៊ី ក្នុង​កីឡដ្ឋាន​ជាតិ Bukit Jalil កាលពី​ថ្ងៃ​ទី​០៧ ខែមករា បញ្ចប់​ទៅ​ដោយ​ក្រុម​ម្ចាស់ផ្ទះ​យកឈ្នះ​លទ្ធផល ១-០ ដែល​រកបាន​ដោយ​កីឡាករ Faisal Halim​។

ជាមួយនឹង​ជ័យជម្នះ​នេះ ថៃ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Alexandre Polking បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ​ក្រុម​វៀតណាម ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េ​ខាងត្បូង Park Hang-seo ដែល​បាន​យកឈ្នះ​លើ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី នៅ​ក្នុង​ការ​ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សរុប​ទាំង​២​ជើង លទ្ធផល ២-០ កាលពី​ថ្ងៃ​ទី​០៩ ខែមករា កន្លង​ទៅ​។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ត្រូវធ្វើ​ឡើង​២​ជើង ដោយ​ជើង​ទី​១ ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​១៣ ខែមករា នៅ​ឯ​កីឡដ្ឋាន​ជាតិ Mỹ Đình ក្នុង​ទីក្រុង​ហាណូយ ខណៈ​ដែល​ជើង​ទី​២ នៅ​ឯ​កីឡដ្ឋាន Thammasat ក្នុង​ខេត្ត​ប៉ា​ធុម​ថា​នី (Pathum Thani) នា​ថ្ងៃ​ទី​១៦ ខែមករា​។

គួរ​បញ្ជាក់​ថា ថៃ ក្នុង​នាម​ម្ចាស់​ជើងឯក​ច្រើន​ជាងគេ ពោល ៦​ដង (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០) មាន​ប្រវត្តិ​តទល់​នឹង​វៀតណាម ដែល​ធ្លាប់​ឈ្នះ​ជើងឯក ២​ដង (២០០៨, ២០១៨) នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​១​លើក នៅ​ក្នុង​ឆ្នាំ ២០០៨ ដោយ​គ្រានោះ វៀតណាម​យកឈ្នះ​សរុប​ទាំង​២​ជើង ដោយ​លទ្ធផល ៣-២ (​ជើង​ទី​១ ក្រុម​ភ្ញៀវ​វៀតណាម​ឈ្នះ ២-១ ជើង​ទី​២ ស្មើគ្នា ១-១)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ