ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តធុនយក្ស មានកូនសោរ អាច​បើករបារ​កាត់ទទឹងផ្លូវ ប្រឆាំងលិខិតអភិបាលខេត្ត ដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់ នៅស្រុកកំពង់រោទិ៍

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានរថយន្តយីឌុប ប្រភេទវ៉េអង ដឹកទំនិញហៀរ​ទ្រុង ប្រមាណពី ៣០តោនទៅ ៤៥តោន ជាច្រើនគ្រឿង​ បានលួចបើករបារ ដាក់រាំងកាត់ផ្លូវ…

ខេត្តស្វាយរៀង៖ មានរថយន្តយីឌុប ប្រភេទវ៉េអង ដឹកទំនិញហៀរ​ទ្រុង ប្រមាណពី ៣០តោនទៅ ៤៥តោន ជាច្រើនគ្រឿង​ បានលួចបើករបារ ដាក់រាំងកាត់ផ្លូវ ដើម្បី​ការពាររថយន្តដឹកទំនិញ​លើសទម្ងន់ ដោយធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងជនបទ ដែលទើបតែសាងសង់ មិនទាន់រួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង។ ករណីនេះ បង្កឲ្យមហាជនព្រួយបារម្ភ ខ្លាចបាក់ស្រុតខូចផ្លូវ ដែលរាជរដ្ឋាភិបាល​ សាង​សង់ជូនប្រជាពលរដ្ឋ នៅជនបទ បានប្រើប្រាស់ និងធ្វើដំណើរងាយស្រួល។

ប្រជាពលរដ្ឋ បានសំណូមពរឲ្យអាជ្ញាធរ ចាត់វិធានការទប់ស្កាត់ក្រុមឈ្មួញ ដែលបើកបររថយន្ត​ដឹក​ទំនិញធុនយក្សទាំង​នេះផង។ ការអំពាវនាវនេះ កើតឡើងនៅព្រឹកថ្ងៃទី១០មករា ឆ្នាំ២០២៣ នៅភូមិអូរដូនអាម ឃុំព្រះពន្លាស្រុកកំពង់រោទិ៍។

មហាជនបានលើកឡើងថា ទោះបីមានការដាក់របា កម្រិតខ្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្តាត់​រថយន្តដឹក​លើសទម្ងន់ និងកម្ពស់ ព្រមទាំងទប់ស្កាត់រថយន្ត និងយានយន្តកែច្នៃខុសទំហំ​កំណត់យ៉ាងណាក៏ដោយ ក៏នៅតែគ្មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់នោះទេ ព្រោះអីនៅពេលមាន​រថយន្តធុនយក្សដឹកទំនិញពេញៗ និងហៀរ​ទ្រុងរថយន្ត ព្រមទាំងដឹកខ្ពស់ៗ ស្ទើរដល់ចុងឈើ​បើកបរ​លើកំណាត់ផ្លូវក្រាលកៅស៊ូ និង​ឆ្លងកាត់របាទាំងនោះ គឺតែងតែមានអ្នកមកបើករបា​រ​ដាក់ទទឹងផ្លូវ​ អោយរថយន្តគ្រប់ប្រភេទអស់ទាំងនោះ ដឹកតាមចិត្ត ឆ្លងកាត់ផ្លូវនោះ ដោយ​គ្មានខ្វល់អ្វីដដែល។

ពោលគឺមានអ្នកមកលួចបើករបាកម្រិតខ្ពស់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ទោះបីមានរបារ ក៏ដូចគ្មានរបារ​ដែរ ហើយត្រូវបានមហាជននិយាយថា ប្រហែលជាពួក alien មកពីភពផ្សេងហើយ បានជាហ៊ានធ្វើដូច្នេះ​។

មហាជនបានឲ្យដឹងទៀតថា រថយន្តដែលធ្វើចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៨ និង ១០នាទី​យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ មួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣១៤ ត្រង់ចំណុចព្រំប្រទល់ភូមិត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ឆ្ពោះមកភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុក​កំពង់រោទិ៍  ខេត្តស្វាយរៀង។ 

លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ​បានថ្លែងអំណរគុណ ចំពោះការផ្តល់ព័ត៌មាននេះ ហើយ​លោកសន្យាថា នឹងប្រាប់ទៅក្រុមអ្នកធ្វើផ្លូវ ឲ្យទប់ស្កាត់។

ទាក់ទិនករណីនេះដែរ លោក នួន លីហួន ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ក៏បានឲ្យដឹងថា ចំពោះផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលទើបក្រាលកៅស៊ូមិនទាន់​រួចរាល់នេះ គឺជារបស់ខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកគ្រប់គ្រង មិនពាក់ព័ន្ធនឹងមន្ទីរសាធារណ:ការទេ​។

បើតាមប្រជាពលរដ្ឋ រស់នៅជិតតំបន់នោះ បានលើកឡើងថា តើគេដាក់របានេះធ្វើអី? បើដាក់របាហើយ នៅពេលដែលមានរថយន្តដឹកទំនិញធំៗខ្ពស់ៗមកដល់ទីនេះ តែងតែមានអ្នកមកចាំបើករបាអោយដូច្នេះ មិនបាច់ដាក់វា​ ប្រសើរជាង។

ប្រភពដដែលបានបន្តទៀតថា ជារៀងរាល់យប់ មានរថយន្តដឹកទំនិញធុនយក្សធំៗ ដឹកទំនិញខ្ពស់ៗ ធ្វើចរាចរណ៍ឆ្ពោះទៅកាន់ច្រករបៀងសំយ៉ោងនៃប៉ុស្តិ៍​វរៈការពារព្រំដែនសំយ៉ោង ឆ្លងកាត់ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ គឺតែងតែមានអ្នកមកបើករបាការពាររថយន្តដឹកលើសទម្ងន់នេះ អោយរថយន្តទាំងនោះ បើកទៅយ៉ាងរលូន ដោយគ្មានគិតពីផលប៉ះពាល់ដល់ការបាក់ស្រុតខូចផ្លូវថ្នល់ ដែល​កំពុងធ្វើ មិនទាន់ហើយនេះទេ។

សូមរម្លឹកថា លិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង លេខ៥៧៨/២២លស ចុះថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២២ បានជម្រាប​ជូន​លោកអភិបាលស្រុកស្វាយជ្រំ – លោកអភិបាលស្រុករំដួល – លោកអភិបាលស្រុកកំពង់រោទិ៍ ក្នុង​កម្មវត្ថុ ស្ដីពី ការសម្របសម្រួលកិច្ចសហការគ្រប់គ្រង​របារកម្រិតកម្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្កាត់រថយន្ត ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់បើកបរនៅលើផ្លូវជនបទ​។ លិខិតរបស់​រដ្ឋបាលខេត្តនេះ បានធ្វើឡើងដោយយោងតាម​លិខិតលេខ ០១១៩/២២ ក.អ.ជ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

រដ្ឋបាលខេត្តស្វាយរៀង បានជម្រាបជូន​អភិបាលស្រុកថា ក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងធ្វើការកែសម្ពផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ (DBST) និងបេតុង ក្រោមការគាំទ្រថវិការបស់រាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។ ដើម្បីធ្វើឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង ក្រសួងអភិវឌ្ឍន៍ជនបទ នឹងសាងសង់របារកម្រិតកម្ពស់ កាត់ទទឹងផ្លូវរបស់គម្រោងកែលម្អផ្លូវ​ជនបទ ជំហានទី៣ ក្នុងគោលបំណងទប់ស្កាត់រថយន្តធុន​ធ្ងន់ដឹកជញ្ជូនលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់។ របារកាត់ទទឹងផ្លូវនីមួយៗ នឹងត្រូវស្ថាបនាចំនួនពីរទីតាំង គឺនៅទីតាំងដើមខ្សែផ្លូវមួយកន្លែង និងនៅចុងខ្សែផ្លូវមួយ​កន្លែង​។

រដ្ឋបាលខេត្តស្វាយរៀង បានជម្រាបជូន​អភិបាលស្រុក ត្រូវ​ចូលរួមកិច្ចសហការ លើការងារដាក់របារ​កាត់ទទឹងផ្លូវ ដើម្បី​ទប់ស្កាត់រថយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់ ឆ្លងកាត់​ផ្លូវ​លំជនបទ​​ទាំងនោះ​។

ក៏ប៉ុន្តែ​ជាក់ស្តែង បទល្មើស​នៅតែកើតមាន ដោយក្រុមឈ្មួញ ប្រើមនុស្សឲ្យមកបើករបារ ដើម្បី​ឱ្យឡានធំៗ ដឹកទំនិញ​ពេញហៀរ ធ្វើចរាចរណ៍យ៉ាងរំភើយ។ មហាជនឆ្ងល់ថា តើអ្នកបើកបរបារ​ទាំងនោះ ជានរណា បានជាមានកូនសោរ អាចចាក់បើករបារបាន ដូច​មន្ត្រី​មន្ទីរអភិវឌ្ឍន៍ ដែល​ជាអ្នកថែរក្សាផ្លូវលំជនបទ​បែប​នេះ?៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ