ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន វ៉ុ​ន អត្ត​ព​លិ​ក​ពិការ​ឆ្នើម​របស់កម្ពុជា​​កំពុង​ត្រៀមខ្លួន​ទៅ​ប្រកួត​នៅ​​ម៉ា​ឡេ​ស៊ី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វ៉ា​ន វ៉ុ​ន ជា​អត្ត​ព​លិ​កពិការ​ឆ្នើម​របស់​កម្ពុជា​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​យ៉ាងច្រើន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក​នោះ បច្ចុប្បន្ន​កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង

រាជធានី​ភ្នំពេញ ៖ វ៉ា​ន វ៉ុ​ន ជា​អត្ត​ព​លិ​កពិការ​ឆ្នើម​របស់​កម្ពុជា​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​យ៉ាងច្រើន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក​នោះ បច្ចុប្បន្ន​កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ខែកញ្ញា ខាង​មុខ​នេះ ។

ជួប​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក វ៉ា​ន វ៉ុ​ន បាន​រៀបរាប់​ពី​ប្រវត្តិ​និង​ស្នាដៃ​របស់​លោកតា​មការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ថា ដំបូង​ឡើយ​លោក​គ្រាន់​តែ​ជា​កីឡាករ​ជន​ពិការ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​អង្គការ​ក្នុងស្រុក​មួយ​តែ​លោក​ភ្លេចឈ្មោះ​បាត់​ទៅ​ហើយ ។ ការ​រស់នៅ​ក្នុង​អង្គការ​នោះ​លោក​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​និង​ហ្វឹកហាត់​កីឡា​បន្តិចបន្តួច​ទេ ប៉ុន្តែ​ក្រោយមក​លោក​ត្រូវ​បាន​មជ្ឈមណ្ឌល​ជាតិ​ជន​ពិការ​ជ្រើសរើស​ឱ្យមក​ហ្វឹកហាត់​កីឡារ​ទេះ​រុញ​នៅ​ឆ្នាំ​២០១១ ។ ដោយសារ​តែ​លោក​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ​ធ្វើ​ឱ្យ​ការ​ហ្វឹកហាត់​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​រហូត​ត្រូវ​បាន​ជ្រើសរើស​ឱ្យទៅ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៦​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជា​លើក​ដំបូង​នៅ​ចុងឆ្នាំ​២០១១ ហើយ​ដណ្ដើម​បាន​មេដាយ​ប្រាក់​២​គ្រឿង
លើ​វិញ្ញាសា​១០០​ម៉ែត្រ និង​២០០​ម៉ែត្រ​ផ្នែក​ពិការ​ប្រភេទ​T53 ។

តាម​រយៈ​លទ្ធផល​នេះ លោក​ត្រូវ​បាន​ជ្រើសរើស​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៧​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជា​បន្ត​ទៀត និង​ទទួល​បាន​ជ័យជម្នះ​គួរ​ជាទី​មោ​ទ​នៈ គឺ​ដណ្តើម​បាន​មេដាយមាស​រហូត​ដល់​ទៅ​៣​គ្រឿង​ម្នាក់ឯង លើ​វិញ្ញាសា​រទេះរុញ​ចម្ងាយ​១០០​ម៉ែត្រ ២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ ។ ប៉ុន្តែ​សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី លោក​ដណ្ដើម​បាន​ត្រឹមតែ​មេដាយ​សំរឹទ្ធ​១​គ្រឿង​ប៉ុណ្ណោះ​លើ​វិញ្ញាសា​ចម្ងាយ​១០០​ម៉ែត្រ ដោយសារ​ពេល​នោះ​លោក​ជួប​សុទ្ធតែ​កីឡាករ​ខ្លាំង​ៗ​និង​មាន​លក្ខខណ្ឌ​តឹងតែង​ជាង​មុន​ឆ្ងាយ ។

ទោះបី​យ៉ាងណា លោក​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អត្ត​ព​លិ​ក​ពិការ​ឆ្នើម​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ពុំ​ទាន់​មាន​អត្ត​ព​លិ​ក​ពិការ​រូប​ណា​មាន​សមត្ថភាព​អាច​យកឈ្នះ​លោក​បាន​នៅឡើយ​លើ​ផ្នែក​កីឡា​រទេះរុញ​នេះ ។ សព្វថ្ងៃ​លោក​កំពុង​តែ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ត្រៀម​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នា​ខែកញ្ញា ខាង​មុខ​នេះ ។

វ៉ា​ន វ៉ុ​ន មានស្រុក​កំណើត​នៅ​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល ។ លោក​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​៧ ហើយ​បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ​២០១២ ដែល​មក​ទល់​ពេល​នេះ​ទើបតែ​មានកូន​១​ប៉ុណ្ណោះ ។ លោក​មាន​បងប្អូន​៤​នាក់ ប្អូន​ៗ​របស់​លោក​មាន​កាយសម្បទា​គ្រប់គ្រាន់​មិន​ពិការ​ដូច​លោក​ទេ ។ ពិការ​ភាព​របស់​លោក​មិនមែន​ពី​កំណើត​ទេ គឺ​ដោយសារ​ជំងឺ​គ្រុន​ស្វិតដៃជើង (​ប៉ូ​លី​យ៉ូ​) តាំងពី​លោក​មាន​អាយុ​៣​ឆ្នាំ​ម្ល៉េះ ។ ឪពុក​-​ម្តាយ​លោក​កាល​ណោះ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព ពុំ​មាន​ថ្នាំ​ព្យាបាល​គ្រប់គ្រាន់​ទើប​បណ្ដាល​ឱ្យ​លោក​ពិការ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ។ អត្ត​ព​លិ​ក​ពិការ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​ចាត់ទុកជា​អត្ត​ព​លិ​ក​ពិការ​ប្រភេទ​T53 ដែល​មាន​លក្ខណៈ​ធ្ងន់​បំផុត គឺ​ពិការ​ត្រឹម​គល់ភ្លៅ​ចុះ​ក្រោម​ហើយ​ប្រកួត​បាន​តែ​វិញ្ញាសា​រទេះរុញ​ប៉ុណ្ណោះ​៕