ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២ មីនា ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំសន្និបាតបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឆ្នាំ២០១០និងទិសដៅឆ្នាំ២០១១ មានរយៈពេលមួយថ្ងៃ នៅសាលប្រជុំសាលាខេត្ត ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯកសុខ ផល អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោកឧកញ៉ាអុឹម ភាន់សុផល អភិបាលរងខេត្ត ព្រមទាំងអស់លោកជាឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធជាច្រើនរូប ។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្ត បានឱ្យដឹងថា ដោយការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្ត បទល្មើសឆ្នាំ២០១០ មានការថយចុះចំនួន៤០លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង៣៥លើក លើ៤៨លើក ថយចុះ១៣លើក បទល្មើសមជ្ឈិមកើតឡើង១៣១លើក លើ១៧៨លើក ថយចុះ៤៧លើក បណ្តាលឱ្យស្លាប់មនុស្ស៩នាក់ របួសធ្ងន់២១នាក់ របួសមធ្យម៣៨នាក់ របួសស្រាល១៣នាក់ ក្នុងនោះអនីតិជន៦នាក់ និងបាត់បង់ម៉ូតូ៥៤គ្រឿង ។ ចំណែក បទល្មើសរំលោភសេពសន្ថវៈ កើតមានចំនួន៨លើក លើ៨លើក ។
របាយការណ៍បានបង្ហាញទៀតថា ក្នុងរយៈពេល១ឆ្នាំ កន្លងមកនេះ យើងបង្ក្រាបបាន១៦៩ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ២៩ករណី ចាប់ឃាត់ខ្លួន៦៤នាក់ បទល្មើសមជ្ឈិម១៤០ករណី ចាប់ជនល្មើស៣៦៦នាក់ ចាប់តាមដីកា២៤ករណី ឃាត់ខ្លួន៣៣នាក់ ដកហូតវត្ថុតាង រថយន្ត៣គ្រឿង ម៉ូតូ៤១គ្រឿង កាំភ្លើងអាកា១ដើម ដាវសាមូរ៉ៃ៦ គ្រាប់បែកដៃ១គ្រាប់ ស៊ីឌីអាសអាភាស៤៥បន្ទះ កាំបិតចុងស្រួច៤ ទូរស័ព្ទដៃ៩ កាំបិតខ្វែវ២ ទូរទស្សន៍២គ្រឿង ម៉ាស៊ីនចាក់ស៊ីឌី២គ្រឿង ធុងបាស់២ កៅអី៤០ ក្បាលមីក្រូហ្វូន២ អាគុយ២ និងសំភារ១ចំនួនទៀត។ ករណីជួញដូរចែកចាយគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបាន៤២ករណី ក្នុងនោះអនុវត្តតាមដីកា៧ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៩៥នាក់ (ស្រី៨នាក់ ជនជាតិថៃ៤នាក់) រឹបអូសវត្ថុតាងបានថ្នាំញៀន១០.៩៨៤គ្រាប់ ម្សៅពណ៌ស៦ថង់ តូច ខេទឹកកក១២ថង់តូច ម្សៅខេស្ងួត២កញ្ចប់ កញ្ឆា៣ថង់ គ្រាប់អាកា១គ្រាប់ គ្រាប់ប្រាហា៨គ្រាប់ ពូថៅ១ ទូរទស្សន៍១ កាមេរ៉ាថតរូប១ រថយន្តកាមរី៥គ្រឿង ម៉ូតូ៨គ្រឿង ទូរស័ព្ទដៃ៥គ្រឿង ដបកែច្នៃសម្រាប់ជក់៦ បំពង់ជក់់១៦ ដែកកេះ២ ។ ជនល្មើសនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តវិនិច្ឆ័យទោសតាមច្បាប់។ ទន្ទឹមនោះផងដែរ កម្លាំងនគរបាលខេត្តបានបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសជួញដូរមនុស្ស ការជួញដូរពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ ចាប់ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសជាច្រើននាក់ផងដែរ ។
មានប្រសាសន៍នាឱកាសនោះ លោកឧកញ៉ាអុឹម ភាន់សុផល អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ឯក សុខ ផល អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងភារកិច្ច និងតួនាទីរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិ ថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់បានល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ និងមានកិច្ចសហការដ៏ល្អជាមួយបណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធនានា ។ ជាមួយគ្នានេះដែរ គឺបានអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសគោលការណ៍៥ចំណុចនៃភូមិ-ឃុំមានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍អគ្គស្នងការរង មានប្រសាសន៍គូសបញ្ជាក់ថា បញ្ហាសន្តិសុខជាតិជាកត្តាសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដូច្នេះដើម្បីឱ្យការងារសន្តិសុខជាតិនេះប្រព្រឹត្តទៅដោយរលូន សូមឱ្យកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវមានកិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច រួមគ្នាទប់ស្កាត់រាល់បទល្មើសទាំងឡាយដូចជាអំពើភេរវកម្ម ឆ្លងដែន ចោរកម្ម ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងៗទៀត ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គោរពឱ្យបាននូវវិន័យ០០៦របស់កងកម្លាំងនគរបាលជាតិ ។
ទន្ទឹមនោះដែរ លោកបានប្រគល់ថវិកា របស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិចំនួន៤លានរៀល ជូនដល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាសដល់ស្នងការដ្ឋាននគរបាលខេត្ត និងគ្រឿងឥស្សរិយយសថ្នាក់សេនា៥គ្រឿង អស្សឫទ្ធិ១គ្រឿង មុនីសារាភ័ណ្ឌ១គ្រឿង ស្ថាបនាជាតិថ្នាក់មាស១គ្រឿង ប្រាក់១គ្រឿង មេដាយការងារថ្នាក់មាស២៤គ្រឿង ប្រាក់២៣គ្រឿង សំរឹទ្ធិ២៨គ្រឿង ជូនដល់លោកស្នងការរង នាយ-នាយរងការិយាល័យ និងលោកអធិការ-អធិការរង ស្រុក-ក្រុង ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច ។ ជាមួយគ្នានេះដែរ មានអង្គភាពចំនួន៥ ក្នុងនោះការិយាល័យចរាចរណ៍ផ្លូវគោកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ទទួលបាននូវប័ណ្ណសរសើរផងដែរ ៕



ចែករំលែកព័តមាននេះ