ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ខ្នាត​ធំ​ដំបូង​គេ​នឹង​ដំណើរការ​ផលិត​នៅ​ចុងឆ្នាំ​នេះ

6 ឆ្នាំ មុន

ជាមួយនឹង​កំណើន​នៃ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​កើន​ស្ទុះ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហេតុនេះ​ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ

​ជាមួយនឹង​កំណើន​នៃ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​កើន​ស្ទុះ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហេតុនេះ​ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺថា​កន្លង​មក​រាល់​ការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​ជា​ច្រើន​ប្រភេទ​នៅ​ទីផ្សារ​កម្ពុជា គឺជា​ការ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នានា​។

​យ៉ាងណាមិញ នេះ​គឺជា​ដំណឹង​ល្អ​បំផុត​សម្រាប់​ទីផ្សារ​ស៊ីម៉ង់ត៍​នៅ​កម្ពុជា ព្រោះ​ក្រុមហ៊ុន ជីប​ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ស៊ីម៉ង់ត៍​ដ៏​ធំ​និង​សំខាន់​នេះ​បាន​បោះទុន​នូវ​ទឹកប្រាក់ ២៦២ លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​អូដ្ឋ​ដ៏​ទំនើប​មួយ​នៅ ស្រុក​ទូក​មាស ខេត្តកំពត ហើយ​ការ​សាងសង់​ដែល​បាន​ចាប់ផ្តើម​ការដ្ឋាន​កាលពី​ចុងឆ្នាំ​២០១៥ នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ពេល​ឆាប់​នេះ​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺថា ផលិតកម្ម​ទី​មួយ​នៃ​រោងចក្រ​ស៊ីម៉ង់ត៍​រំពឹង​ថា​នឹង​ផលិត​ចេញ​នូវ​ផលិតផល​ដំបូង​ចុងឆ្នាំ​២០១៧​នេះ​តែ​ម្តង​។

​ក្រុមហ៊ុន ជីប​ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន កន្លង​មក​បាន​នាំ​ចូល​ស៊ីម៉ង់ត៍​អូដ្ឋ​ដែល​ជា​ប្រភេទ​ស៊ីម៉ង់ត៍​មានគុណ​ភាព​ខ្ពស់​គួរ​ជាទី​ទុកចិត្ត ដើម្បី​យក​មក​បំពេញ​តាម​ត្រូវការ​អ្នក​ប្រើប្រាស់​ក្នុងស្រុក ដោយ​យល់​ឃើញ​ថា ការ​ប្រើប្រាស់​ស៊ីម៉ង់ត៍​នៅ​កម្ពុជា​សព្វថ្ងៃ​ក៏​អាច​ជា​ចំណែក​មួយ​នៃ​ការ​លូតលាស់​របស់​ផលិតផល​សរុប​ក្នុងស្រុក​។

​លោក​ឧកញ៉ា លាង ម៉េ​ង អគ្គនាយក​នៃ​ក្រុមហ៊ុន ជីប​ម៉ុង គ្រុប និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ជីប​ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន បាន​ថ្លែង​ថា​៖ “​ការ​វិនិយោគទុន​លើក​នេះ គឺ​មិនមែន​ដើម្បី​តែ​ប្រាក់​ចំណេញ​មួយ​មុខ​ទេ តែ​ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​”​។

​លោក​ឧកញ៉ា លាង ម៉េ​ង បាន​បន្ថែម​ថា រោងចក្រ​ស៊ីម៉ង់​ន៍​បាន​សាងសង់​នៅ​ទីតាំង​ខៀវស្រងាត់ ក្នុង​ទឹកដី​ខេត្តកំពត ជាទី​កន្លែង​ដែល​សំបូរ​ទៅ​ដោយ​វត្ថុធាតុដើម​ល្អ​ៗ​ក្នុង​ការ​ផលិតស៊ីម៉ង់ត៍ ហើយ​ក្រុមហ៊ុន​ក៏​បាន​បំពាក់​នូវ​គ្រឿងចក្រ​ដែល​មាន​បច្ចេកវិទ្យា​ធំ​ទំនើប បូក​ផ្សំ​នឹង​បុគ្គលិក​ដែល​ជា​អ្នកជំនាញ​ក្នុង​ការ​ផលិត​ស៊ីម៉ង់ត៍​នៅ​បរទេស​មានបទពិសោធន៍​ជាង​៥០​ឆ្នាំ​មក​ហើយ​នោះ ធ្វើ​ឱ្យ​សង្វា​ក់​ផលិតកម្ម​មួយ​នេះ​ហាក់​មាន​អាយុកាល​ជា​ច្រើន​ឆ្នាំទៅ​ហើយ ទោះបីជា​រោងចក្រ​ទើបតែ​បង្កើត​ឡើង​ថ្មី​ៗ​ក៏​ដោយ ព្រោះ​បុគ្គលិក​គឺថា​សុទ្ធតែ​ជា​អ្នក​ធ្លាប់​ធ្វើ​ការងារ​ក្នុង​ការ​ផលិត​នេះ និង​មាន​បទ​ពិសោធន៍​​ខ្ពស់​ច្រើន​ឆ្នាំ​មក​ហើយ​។

​លោក​ឧកញ៉ា លាង ម៉េ​ង បាន​បន្ត​ទៀត​ថា​៖ “​ក្រៅពី​នេះ រោងចក្រ​ស៊ីម៉ង់ត៍​អូដ្ឋ​នឹង​ចូលរួម​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពោល​គឺ​ពួក​គេ​អាច​អភិវឌ្ឍន៍​ខ្លួន​ពី​អ្នក​ធ្វើស្រែ​ចំការ មើល​ដំណាំ និង​ចិញ្ចឹមសត្វ មក​ជា​អ្នកមាន​សមត្ថភាព​ក្នុង​ការ​បញ្ជា​គ្រឿង​ម៉ាស៊ីន ព្រមទាំង​ជា​ឱកាស​សម្រាប់​ពួក​គេ រៀន​អភិវឌ្ឍន៍​ខ្លួនឯង​ឱ្យទៅ​សង្គម​មួយ​ថ្មី​ផង​ដែរ​។ ជាក់ស្តែង​សូ​ម្បី​តែ​សិស្ស និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​ជំនាញ​ទាក់ទិន​នឹង​គ្រឿងសំណង់ ឬ​រោងចក្រ ក៏​អាច​មានឱកាស​បានឃើញ​ផ្ទាល់​ពី​ការ​អនុវត្តន៍​នេះ​ផង​ដែរ​”​។

​ទោះបីជា​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ក៏​ពិតមែន ក៏​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អះអាង​ថា​រឿង​នយោបាយ​និង​ការ​បោះ​ឆ្នោត​ជា​ពេល​ខាង​មុខ មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឡើយ ព្រោះ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ហើយ​សេដ្ឋកិច្ច​រីក​លូតលាស់​ដែល​អំណោយផល​ដល់​ការ​ពង្រីក​វិនិយោគ​នៅ​ប្រទេស​មួយ​នេះ​។

​លោក​ឧកញ៉ា លាង ម៉េ​ង បាន​បន្ថែម​ថា ដោយសារ​ប្រជាជន​ជា​ទូទៅ ក៏​ដូច​ជា​រូប​លោក​ផ្ទាល់​មិន​មានការ​ភ័យ​ខ្លាច​ក្នុង​ការ​រស់នៅ ប្រកប​របរ​ចិញ្ចឹមជីវិត​ទើប​លោក​ឧ​ញ៉ា មិន​មានការ​ព្រួយបារម្ភ​ទៅ​លើ​ការ​បោះទុន​ទឹកប្រាក់​លាន​ដុល្លារ​នេះ​ដែរ​។ ហើយ​លោក​ឧ​ញ៉ា​ជឿជាក់​ថា ប្រទេស​កម្ពុជា​នឹង​នៅ​តែ​ឆ្ពោះទៅ​រក​សន្តិភាព មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ ម្យ៉ាង​សម្រាប់​ការ​ពង្រីក​មុខ​ជំនួញ​លើក​នេះ ជា​ពិសេស​លោក​មិន​ដែល​ចាត់​ទុក​នរណា​ម្នាក់ ជា​ដៃគូ​ប្រកួតប្រជែង​នោះ​ឡើយ ព្រោះ​សម្រាប់​វិនិយោគិន​ទាំងអស់ “​គឺជា​មិត្ត​ល្អ​នឹង​គ្នា ដៃគូ​ល្អ​នឹង​គ្នា និង​ជា​អ្នក​ពិភាក្សា​ទៅ​លើ​ដំណោះស្រាយ​ថ្មី​ៗ​ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​”​។

​ស្ថិត​ក្រោម​ប្រធានបទ «​រួម​គ្នា​សាងសង់​ដោយ​មោ​ទ​ភាព​» ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន ជឿជាក់​ថា ប្រជាជន​ទាំងអស់​គ្នា គឺជា​អ្នក​រួមចំណែក​ក្នុង​ការ​បង្កើន​ផលិតផល​ជាតិ​សរុប​ស្រុក (GDP) ដូចនេះ “​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ក្នុង​ការ​បង្កើន​នូវ​សមិទ្ធផល​ដែល​រឹង​មាំ​ល្អ ហើយ​យើង​ទាំងអស់​គ្នា​នឹង​មាន​មោទនភាព​នៅ​ក្នុង​ការ​សាងសង់​”​។

​សូម​បញ្ជាក់​ថា​កម្ពុជា​ដោយសារ​តែ​គោលការណ៍​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍​និង​ការ​ទាក់ទាញ​ការ​វិនិយោគ ដែល​បាន​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ តាម​ការ​ព្យាករណ៍​នៅ​ឆ្នាំ​២០១៧ នេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​រង្វង់ ៧% បន្ត​ទៀត ដែល​ក្នុង​នេះ​វិស័យ​សំណង់​លំនៅ​ឋាន វិស័យ​អចលនទ្រព្យ​បន្ត​កើនឡើង​គួរ​ឲ្យ​កត់​សំគាល់។

​យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​បាន​បង្ហាញ​ថា​ទុន​វិនិយោគ​វិស័យ​សំណង់​និង​លំនៅ​ឋាន ៥ ខែ​ដើមឆ្នាំ​២០១៧​មាន​កំណើន​ប្រមាណ​ជាង ២០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦៕