ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកចត្រង្គ​បើក​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ដំបូង សម្រាប់​ជា​ពិសោធន៍​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៣ បាន​រៀបចំ​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៣ បាន​រៀបចំ​ពិធី​បើក​ការ​ប្រកួត​កីឡាអុកចត្រង្គ​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៣ ដើម្បី​ជា​ពិសោធន៍​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ ខាង​មុខ​។

ពិធី​បើក​ការ​ប្រកួត​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម សេង ប៊ុ​ន​សុង តំណាង​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ឯកឧត្តម គុ​ជ គី​ម​ឡុ​ង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ព្រមទាំង​ប្រតិភូ​ប្រទេស​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់តំបន់​នេះ រួម​មាន​ម្ចាស់ផ្ទះ​កម្ពុជា ថៃ វៀតណាម មី​យ៉ា​ន់​ម៉ា និង​ឡាវ ដែល​មាន​ប្រតិភូ អាជ្ញាកណ្ដាល និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៦២​នាក់ ។

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​ខាងលើ ឯកឧត្តម គុ​ជ គី​ម​ឡុ​ង បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​ប្រតិភូ កីឡាករ​-​កីឡាការិនី​ទាំងអស់ ដែល​បាន​ចូលរួម​ការ​ប្រកួត ដ្បិត​នេះ​ជា​លើក​ដំបូង​ហើយ ក្រោយ​សហព័ន្ធ​ទទួល​បានការ​អនុញ្ញាត និង​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ។

គោលបំណង​នៃ​ការ​ប្រកួត​នេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​បទបញ្ជា​បច្ចេកទេស លក្ខន្ដិកៈ ដល់​អាជ្ញាកណ្ដាល ចៅក្រម កីឡាករ​-​កីឡាការិនី​អន្តជាតិ ក៏​ដូច​ជា​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​កីឡា​អុកចត្រង្គ​រវាង​កីឡាករ​-​កីឡាការិនី​របស់​កម្ពុជា ជាមួយ​កីឡាករ​-​កីឡាការិនី​របស់​ប្រទេស​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ព្រមទាំង​បង្កើន​បទ​ពិសោធន៍ ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម ក្នុង​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​អុកចត្រង្គ​នេះ ធ្វើ​ឡើង​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ នៅ​សាល​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​សុ​ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ