ខេត្តស្ទឹងត្រែង ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នង និងចំការស្វាយចន្ទី ដំឡូងមីរាប់សិបហិកតាត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតផលដំណាំស្ទើរទាំងស្រុង តែអ្វីដែលត្រូវបានកត់សំគាល់នោះ ប្រជាពលរដ្ឋហាក់ដូចជាគ្មានភាពសាមគ្គីគ្នាក្នុងការទប់ស្កាត់សោះទាល់តែឆេះអស់ទើបនាំគ្នាស្រែកយំ និងសោកស្តាយជាក្រោយ ។
អណ្តាតភ្លើងបានរាលដាលឆាបឆេះពីមួយកន្លែងទៅមួយកន្លែងបណ្តាលឱ្យឆេះលំនៅឋានអ្នកភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង អស់មួយខ្នងហ្មត់ ខណៈដែលម្ចាស់ទៅចូលរួមពិធីមង្គលការគេនៅវេលាយប់ថ្ងៃទី១១ មីនា ហើយបន្តរាលដាលទៅឆេះចំការស្វាយចន្ទី និងដំឡូងមីអស់រាប់សិបហិកតាទៀត ស្របពេលដែលដំណាំកសិ-ឧស្សាហកម្មទាំងនេះកំពុងទទួលបាននូវទិន្នផលទៅហើយនោះ ។ ប្រភពពីអ្នកភូមិរាជានុកូល បានឱ្យដឹងថា ភ្លើងបានឆេះឡើងនៅវេលាយប់ថ្ងៃទី១១ មីនា ដោយការដុតព្រៃ សំអាតដើម្បីធ្វើចំការ ។ ភ្លើងបានឆេះសន្សឹមៗនិងរាលដាលឆេះកាន់តែខ្លាំងឡើងដោយពុំមានអ្នកទប់ស្កាត់ជួយពន្លត់ស្របពេលភូមិសាស្ត្រនោះ ខ្សត់ប្រព័ន្ធទឹកផងដែរ ។
ប្រភពដដែលបន្តថា ដំណាំទាំងនេះទំរាំតែបានទទួលផលត្រូវចំណាយអស់ថវិកាជាច្រើន និងចំណាយពេលវេលាថែទាំរយៈពេលយូរឆ្នាំ ដូចជាដាំណាំស្វាយចន្ទីទំរាំបានទទួលផល គឺត្រូវចំណាយពេលរក្សារយៈពេល៣ទៅ៤ឆ្នាំ ។ ស្របពេលដើមឆ្នាំនេះត្រូវទទួលទិន្នផល ខណៈតម្លៃហាងឆេងគ្រាប់ស្វាយចន្ទីបានតម្លៃ៨.៥០០រៀល ក្នុងមួយគីឡូក្រាម និងបន្តឡើងថ្លៃទៀតក៏ត្រូវភ្លើងឆេះអស់។ រីឯដំណាំដំឡូងមីក៏បានថ្លៃសម្បើមណាស់ដែរ តែមិនសូវខាតបង់ធ្ងន់ធ្ងរប៉ុន្មានទេ ព្រោះមើមនៅក្នុងដី ។ ទោះបីជាយ៉ាងណាមិនគួរកើតរឿងបណ្តាលឱ្យបាត់បង់ផលប្រយោជន៍យ៉ាងដូច្នេះសោះ ដែលខំចំណាយពេលវេលារយៈពេលយូរ និងបង់ទាំងថវិកាថែទាំ អស់ជាច្រើន៕


ចែករំលែកព័តមាននេះ