ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ទិញ​រថយន្ត តើ​គួរ​ទិញ​ប្រភេទ Hybrid ឬ​រថយន្ត​ធម្មតា ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​រថយន្ដ​ដែល​ប្រព័ន្ធ​ហា​យ​ប្រ៊ិ​ត (Hybrid) នៅ​កម្ពុជា ពិសេស​រថយន្ដ​ព្រូស (Prius) និង Camry Hybrid មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​អ្នកទិញ​គិត​ថា

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​រថយន្ដ​ដែល​ប្រព័ន្ធ​ហា​យ​ប្រ៊ិ​ត (Hybrid) នៅ​កម្ពុជា ពិសេស​រថយន្ដ​ព្រូស (Prius) និង Camry Hybrid មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​អ្នកទិញ​គិត​ថា ការ​ជិះ​រថយន្ដ​ប្រភេទ​នេះ​អាច​សន្សំ​សំចៃ​បាន​ច្រើន ពិសេស​ពេល​បើកបរ​នៅ​ក្នុង​ក្រុង ។ យ៉ាងណា​ក៏​ដោយ ជាង​ជួសជុល និង​អ្នក​ដែល​ធ្លាប់​ប្រើ បាន​ផ្ដល់​ជា​យោបល់​ថា ប្រសិនបើ​ទិញ​រថយន្ដ​ប្រើ​ប្រព័ន្ធ​Hybrid​មួយ​ទឹក គួរ​ពិចារណា​បន្ដិច ព្រោះ​ភាគច្រើន​វា​មាន​បញ្ហា​ញឹកញាប់​ជាង​រថយន្ដ​ធម្មតា ជា​ពិសេស​គឺ​អា​គុយ និង​ប្រព័ន្ធ​ហ្វ្រាំង​អា​បេ​អេស​របស់​វា ។ ចំណែក​គ្រឿងបន្លាស់ និង​សេវា​ក៏​ថ្លៃ​ជាង​រថយន្ដ​ធម្មតា​ដែរ ។

ជាង​ជួសជុល​ប្រព័ន្ធ​ភ្លើង​រថយន្ដ និង​វិភាគ​រថយន្ដ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ នៅ​ក្រុមហ៊ុន​លក់​រថយន្ដ​ពិភព​ថ្មី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥ កក្កដា ម្សិលមិញ​ថា រថយន្ដ​ប្រើ​ប្រព័ន្ធ​Hybrid នេះ វា​ស៊ីសាំង​តិច សន្សំ​សំចៃ​បាន​ច្រើន ពិសេស​ពេល​បើកបរ​ក្នុង​ក្រុង​ដែល​មានការ​កកស្ទះ​ចរាចរណ៍ ឬ​បើកបរ​ក្នុង​ល្បឿន​មធ្យម​នោះ វា​មិន​ស៊ីសាំង​ច្រើន​ទេ គឺ​វា​ប្រើ​អា​គុយ​ច្រើន​ជាង ប៉ុន្ដែ​រថយន្ដ​ប្រភេទ​នេះ បើ​ទិញ​មួយ​ទឹក​វិញ វា​ឧស្សាហ៍​ខូច​អា​គុយ ប្រព័ន្ធ​ហ្វ្រាំង​អា​បេ​អេស និង​ប្រព័ន្ធ​ភ្លើង ដែល​ភាគច្រើន​ម្ចាស់​រថយន្ដ​យក​មក​ជួសជុល​ជា​ញឹកញាប់ ពិសេស រថយន្ដ​ប្រភេទ Prius និង Camry Hybrid ។

លោ​កអេង បូ​រី បាន​និយាយ​ថា ៖« រថយន្ដ Prius និង Camry Hybrid មួយ​ទឹក​ភាគច្រើន​ឧស្សាហ៍​ឃើញ​គេ​យក​មក​ជួសជុល​ជាងគេ​ទៅ​លើ​អា​គុយ​, បូមទឹក និង​ប្រព័ន្ធ​ហ្វ្រាំង​អា​បេ​អេស​របស់​វា ។ ចំណែក Lexus 400h ឬ Highlander Hybrid មិនសូវ​មាន​ទេ ព្រោះ​វា​ថ្មី ប៉ុន្ដែ​បើ​និយាយ​ពី​អា​គុយ​រថយន្ដ​ប្រភេទ​នេះ​វិញ ពេល​ដល់​អាយុកាល​របស់​វា​គឺ​ខូច​ដូច​អា​គុយ​ធម្មតា​អីចឹង គ្រាន់តែ​តម្លៃ​វា​ថ្លៃ » ។

ចំពោះ​តម្លៃ​អា​គុយ​មួយ​ទឹក​រថយន្ដ​ប្រភេទ​នេះ លោក​ថា បើ​នាំ​ចូល​ពី​អា​មេ​រិ​ក តម្លៃ​ចាប់ពី​៥០០​ទៅ​៦០០​ដុល្លារ ហើយ​បើ​ទិញ​ថ្មី​ត្រូវ​កុម្ម​ង់ និង​មាន​តម្លៃ​ចាប់ពី​៣​ពាន់​ដុល្លារ​ឡើង វា​ថ្លៃ​ជាង​អា​គុយ​រថយន្ដ​ធម្មតា​ច្រើន​ណាស់ ប៉ុន្ដែ​បើ​មាន​បញ្ហា ក៏​មិនបាច់​ដូរ​ទាំងមូល​ដែរ មាន​ន័យ​ថា បើ​អា​គុយ​នេះ​ខូច​បន្ទប់​មួយ​ណា គឺ​ដូរ​បន្ទប់​នោះ​ចោល​តែ​ម្ដង ។

លោក​យល់​ថា វា​ពិបាក​និយាយ​ថា​រថយន្ដ​ប្រភេទ​ណា ល្អ​ជាង​ប្រភេទ​ណាស់ តែ​ប្រសិនបើ​ចង់​ទិញ​រថយន្ដ​ប្រើ គួរ​ទិញ​រថយន្ដ​ធម្មតា វា​ល្អ​ប្រើ​ជាង​រថយន្ដ​ប្រភេទ​Hybrid បើ​ទោះបី​វា​ស៊ីសាំង​តិច​មែន តែ​វា​មានគុណ​វិបត្តិ​បន្ដិច ។ ណាមួយ​តម្លៃ​សាំង និង​ម៉ា​ស៊ូ​ត​ឥឡូវ​ក៏​ថោក​សមរម្យ​ក្នុង​រង្វង់​ជាង​៣​ពាន់​រៀល​ដែរ មិន​ដូច​កាលពី​៤​ឬ​៥​ឆ្នាំ​មុន តម្លៃ​ជិត​៦​ពាន់​រៀល​ក្នុង​១​លី​ត្រ​នោះ​ទេ ដូច្នេះ​ជិះ​រថយន្ដ​Hybrid មិន​ប្រា​ក់កដ​ថា សន្សំ​សំចៃ​បាន​នោះ​ទេ ប៉ុន្ដែ​បើ​ស្រឡាញ់​ពេញចិត្ត​ប្រភេទ Hybrid​នេះ ហើយ​ចង់​ទិញ គួរ​ទិញ Lexus 400h ឬ Highlander Hybrid ព្រោះ​វា​មិនសូវ​មាន​បញ្ហា។

ចំណែក​ម្ចាស់​ហាង​លក់​រថយន្ដ​មួយ​ទឹក​ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​ម៉ៅ​សេ​ទុង​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ដដែល​នេះ​ដែរ​ថា ក្នុង​១​ខែ​គិត​ជា​ធ​ម្យ​ម​លោក​លក់​បាន​ពី​៥​ទៅ​៧​គ្រឿង ដែល​ភាគច្រើន​ជា​រថយន្ដ​Prius នេះ ។

លោក​ចក់ សា​រិ​ន ម្ចាស់​ហាង​លក់​រថយន្ដ​រូប​នេះ​និយាយ​ថា ៖« ជា​ធម្មតា របស់​ដែល​ចាស់ គឺ​វា​ខូច​អីចឹង​ហើយ គ្មាន​អ្វី​ជា​អមតៈ​ទេ សំខាន់​យើង​ចេះ​ថែទាំ ។ ចំណែក​គ្រឿងបន្លាស់ និង​សេវាកម្ម​ជួសជុល​វិញ វា​មិន​ខុស​ថ្លៃ​គ្នា​ប៉ុន្មាន​ទេ » ។

លោក​បាន​ប្រៀបធៀប​ថា ៖« បើ​យើង​និយាយ​ពី​ដុំ​ហ្វ្រាំង​អា​បេ​អេស​សម្រាប់​រថយន្ដ​ប្រើ​ប្រព័ន្ធ​Hybrid ធៀប​នឹង​រថយន្ដ​ធម្មតា​វិញ ឃើញ​ថា រថយន្ដ​Prius តម្លៃ​ប្រហែល​៤៥០​ដុល្លារ​, Camry Hybrid តម្លៃ​ប្រហែល​១.២០០​ដុល្លារ និង​Lexus​តម្លៃ​ប្រហែល​៣.២០០​ដុល្លារ បើ​ធៀប​នឹង​រថយន្ដ Camry បា​ឡែ​ន​ធម្មតា ដុំ​ហ្វ្រាំង​អា​បេ​អស​របស់​វា ក៏​មាន​តម្លៃ​ប្រហែល​៧៥០​ដុល្លារ​ដែរ ។ ចំណែក​ថ្លៃ​សេវា​វិញ មិន​លើស​គ្នា​ទេ គឺ​ប្រហែល​៣០​ដុល្លារ​ប៉ុណ្ណោះ » ។

បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់​នៅ​ក្រុងភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា លោក​ប្រើប្រាស់​រថយន្ត​ហា​យ​ប្រ៊ី​ត​ជាង​៥​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ការ​ប្រើប្រាស់ គឺ​មាន​ភាព​ងាយស្រួល ស៊ីសាំង​តិច តែ​ការ​ចំណាយ​លើ​ការ​ជួសជុល​ក៏​រាង​ថ្លៃ​ដែរ ។

លោក ន​ង ស៊ី​ណា បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​រូប​នេះ បាន​បញ្ជាក់​ថា ៖« វា​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រើប្រាស់​ក្នុង​ទីក្រុង​ដោយសារ​វា​ស៊ីសាំង​តិច តែ​ជា​ការ​ពិត ការ​ជួស​ជួស​វា​គឺ​ថ្លៃ​នៅពេល​ខូច ដោយសារ​តែ​គ្រឿងបន្លាស់​របស់​វា​គឺ​ថ្លៃ​ជាង​ប្រភេទ​ផ្សេង »​។ លោក​ថា ៖« ពេល​ខ្លះ​ខ្ញុំ​ចំណាយ​ដល់​ទៅ​៦០០​ឬ​៧០០​ដុល្លារ​ឯណោះ​ក្នុង​ការ​ជួសជុល​ម្ដង » ។

ចំណែក​អ្នក​នាង វង្ស ស្រី​កែវ ដែល​ប្រើ​រថយន្ត​កាម​រី ហា​យ​ប្រ៊ី​ត ក៏​អះអាង​ថា​ស្រ​ដៀង​គ្នា​ដែរ​ថា រថយន្ត​ហា​យ​ប្រ៊ី​ត ទោះបី​ស៊ីសាំង​តិច​ជាង​ប្រភេទ​រថយន្ត​ធម្មតា តែ​ការ​ជួសជុល គឺ​ថ្លៃ​ជាង​រថយន្ត​ប្រភេទ​ផ្សេង ។

អ្នក​នាង​និយាយ​ថា ៖« រថយន្ដ​ដែល​ខ្ញុំ​ប្រើប្រាស់​រាល់ថ្ងៃ​គឺ​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត ដែល​ខ្ញុំ​មិនសូវ​ចំណាយ​ថ្លៃ​សាំង​អស់​ច្រើន​ដូច​រថយន្ត​មុន​របស់ខ្ញុំ​ម៉ាក​Lexus​ពី​មុន​ទេ តែ​ខ្ញុំ​ធ្លាប់​យក​ទៅ​ជួសជុល​បាន​ពីរ​ដែរ​សម្រាប់​រថយន្ត​ហា​យ​ប្រ៊ី​ត នេះ វា​ពិតជា​ថ្លៃ​ជាង​រថយន្ដ​មុន​ៗ​ដែល​ខ្ញុំ​ធ្លាប់​ប្រើ ។ រថយន្ដ​មុន​ៗ ជួសជុល​ម្តង​អស់​ជាង​៧០ ឬ​ច្រើន​បំផុត​ជាង​១០០​ដុល្លារ តែ​រថយន្ត​ហា​យ ប្រ៊ី​ត​គ្រឿងបន្លាស់​ពិតជា​ថ្លៃ ខ្ញុំ​ធ្លាប់​ចំណាយ​ជិត​៥០០​ដុល្លារ សម្រាប់​ការ​ជួសជុល​លើក​ចុង​ក្រោយ​កាលពីដើម​ឆ្នាំ​នេះ »​។

បច្ចុប្បន្ន រថយន្ដ​ប្រព័ន្ធ​Hybrid នេះ​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា មាន​ដូច​ជា​Toyota Prius, Toyota Yaris, Toyota Camry Hybrid, Ford Escape Hybrid, Toyota Highlander Hybrid, Honda Insight, Honda Civic Hybrid, Lexus RX 400h និង 450h ជាដើម ៕