រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោហ៊ុន សែន នៅថ្ងៃសៅរ៍ និងអាទិត្យ ទី៥-៦ មីនា នេះ គឺឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយក្រុមព្រះខ័នរាជ្យជួបក្រុមណាហ្គាខប នៅថ្ងៃសៅរ៍ ទី៥ មីនា វេលាម៉ោង៣និង៣០នាទីរសៀល ហើយក្រុមបៀលប្រាយយូណាយធីត ជួបក្រុមក្រសួងការពារជាតិនៅថ្ងៃអាទិត្យ ទី៦ មីនា ។
រវាងក្រុមខ្លាំងទាំង៤ដែលត្រូវជួបគ្នានៅចុងសប្តាហ៍នេះ សុទ្ធតែបានរំពឹងទុកពីជ័យជំនះដូចៗគ្នា ប៉ុន្តែគេនៅមិនអាចដឹងមុនបានថា តើក្រុមណាមួយដែលមានសំណាងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ពិតប្រាកដក្នុងឆ្នាំ២០១១ នេះទេ ព្រោះថាបើសំឡឹងមើលទៅលើបច្ចេកទេសនៅលើទីលាន គឺល្អប្រហាក់ប្រហែលគ្នាទាំងអស់ ។ ឆ្លងកាត់ដំណាក់កាលប្រកួតដ៏តឹងតែងនៅវគ្គជម្រុះ៨ក្រុមចុងក្រោយកាលពីសប្តាហ៍មុនក្រុមព្រះខ័នរាជ្យ ឈ្នះក្រុមព្រែកប្រា ៥-១ ចំណែកក្រុមណាហ្គាខបឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២ យ៉ាងតឹងតែងបំផុត ។ ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នារវាងក្រុមណាហ្គាខប និងក្រុមព្រះខ័នរាជ្យនៅថ្ងៃសៅរ៍ នេះមិនមែនជារឿងធម្មតាប៉ុន្មានឡើយ ។
ក្រុមព្រះខ័នរាជ្យ បើទោះបីជាមានភាពទន់ជ្រាយខាងផ្នែកការពារបន្តិចមែន ប៉ុន្តែខ្សែប្រយុទ្ធរបស់គេអាចទុកចិត្តបាន ជាពិសេសខ្សែប្រយុទ្ធឃួន ឡាបូរា៉វី ពាក់អាវលេខ១១ ដែលធ្លាប់តែនាំសំណាងឱ្យក្រុម រាល់ការប្រកួតរហូតឈានមកដល់វគ្គនេះ ហើយគេរឹតតែមិនអាចបំភ្លេចបានទាល់តែសោះ នូវខ្សែប្រយុទ្ធ ចាស់វស្សា សំអែល ណាសា ពាក់អាវលេខ៩។ ប៉ុន្តែទោះបីជាយ៉ាងណា ជ័យជំនះរបស់ក្រុមព្រះខ័នរាជ្យលើក្រុមព្រែកប្រា កន្លងមកនេះ នៅតែមិនទាន់ពេញចិត្តលោករិទ្ធ ឌីកា ជាគ្រូបង្វឹកនៅឡើយទេ។ លោកនៅតែខិតខំប្រឹងប្រែងពង្រីកសមត្ថភាពរបស់ពួកគេឱ្យបានល្អថែមទៀត ហើយអ្វីៗវានឹងបង្ហាញឱ្យឃើញជាក់ស្តែងនៅថ្ងៃនេះហើយ។
ក្រុមណាហ្គាខប ជាក្រុមដែលគួរឱ្យទុកចិត្តបាន ប៉ុន្តែវិះតែនឹងជ្រុះចេញពីវគ្គជម្រុះ៨ក្រុមចុងក្រោយ ដោយសារតែក្រុមថ្មីអគ្គស្នងការដ្ឋាននគរបាលជាតិទៅហើយ ។ ជ័យជំនះទាំងប្រផិតប្រផើយរបស់ក្រុមណាហ្គាខប កន្លងមកនេះ គឺរឹតតែធ្វើឱ្យគេបង្កើនការប្រុងប្រយ័ត្នខ្លាំងថែមទៀត នៅពេលមកជួបក្រុមព្រះខ័នរាជ្យ លើកនេះ។ មិនមានការអះអាងពីជ័យជំនះទុកមុនពីលោកប្រាក់ សុវណ្ណរា៉ ជាគ្រូបង្វឹកក្រុមណាហ្គាខបនោះទេ តែបញ្ហាចំពោះមុខគឺត្រូវតែមានការប្រុងប្រយ័ត្នទើបបាន ។ ថ្វីបើក្រុមទាំង២នេះ មានទម្រង់លេងមិនដូចគ្នាមែន តែបើប្រហែសគឺមិនបានឡើយ ។
ក្រុមបៀលប្រាយយូណាយធីតដែលត្រូវជួបក្រុមក្រសួងការពារជាតិលើកនេះ មិនដឹងថា ខាងណាទម្លាក់ខាងណានោះទេ ។ ដូចដែលធ្លាប់ឃើញទម្រង់នៃការលេងរបស់ក្រុមបៀលប្រាយ រួចមកហើយ ក្រុមនេះមិនដែលធ្វើឱ្យគេដឹងអំពីល្បិចនៃការលេងរបស់ខ្លួនម្តងណាឡើយ ។ កាលពីជួបក្រុមភ្នំពេញក្រោន លើកមុន ដោយសារការលេងសម្រុកមិនដកថយរបស់គេយ៉ាងហោចណាស់ក៏អាចទប់ទល់យកស្មើ២-២ ជាមួយក្រុមខ្លាំងនេះបានដែរ ព្រោះថាការស៊ុតបាល់ប៉េណាល់ទីនាដំណាក់កាលចុងក្រោយគឺជារឿងពឹងទៅលើសំណាងតែប៉ុណ្ណោះ ។ ឯជ័យជំនះ ៧-៦ ក្នុងការស៊ុតបាល់ប៉េណាល់ទីនេះទៀត បានធ្វើឱ្យក្រុមភ្នំពេញក្រោនយំពេញតារាងដោយសារតែធ្វើមិនបានល្អបណ្តាលឱ្យចាញ់ក្រុមបៀលប្រាយ ។ លោកមាស សំអឿន គ្រូបង្វឹកក្រុមបៀលប្រាយ ធ្លាប់បានប្រាប់តាំងពីមុនការប្រកួតម៉្លេះថា យុទ្ធសាស្ត្រនៃការលេងរបស់ក្រុមលោកគឺធ្វើយ៉ាងណាចេះសហការគ្នាឱ្យបានល្អ ចុះសម្រុងគ្នា ហើយការវាយបកមិនដកថយក៏ជាយុទ្ធសាស្ត្រល្អម្យ៉ាងដែរ ។
សម្រាប់ក្រុមក្រសួងការពារជាតិ បើទោះបីជាធ្លាប់បំបាក់ក្រុមគិរីវង់សុខសែនជ័យ ៤-១ កាលពីវគ្គ១ភាគ៤ក៏ដោយ ក៏លើកនេះមិនអាចធ្វេសប្រហែសបានឡើយ ។ ក្រុមនេះមានរបៀបលេងវាយបកលឿន ប៉ុន្តែការការពារមានចំណុចខ្វះខាតច្រើន ម្យ៉ាងដោយសារតែក្រុមនេះបានបាត់បង់ខ្សែប្រយុទ្ធល្អៗច្រើនធ្វើឱ្យការរៀបចំប្រព័ន្ធនៃការលេងថ្មីសាឡើងវិញជួបការលំបាកខ្លះ ។ ទោះជាយ៉ាងណា លោកអ៊ុប សំអាត ជាគ្រូបង្វឹកធ្លាប់មានប្រសាសន៍រួចមកហើយថា វាមិនមានបញ្ហាអ្វីដែលគួរឱ្យលំបាកដោះស្រាយឡើយ សំខាន់គឺការលេងត្រូវតែចេះសហការគ្នាទៅវាបានហើយ ៕




ចែករំលែកព័តមាននេះ