ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ទឹក​ចាប់ផ្តើម​ស្ងប់ស្ងាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មានការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​យុវវ័យ​ភាគច្រើន​មាន​ស្មា​ត​ហ្វូ​ន​ក្នុង​ដៃ ។ យ៉ាងណា​ក៏​ដោយ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​មួយ​ទឹក ដែល​ដាក់​លក់​

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មានការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​យុវវ័យ​ភាគច្រើន​មាន​ស្មា​ត​ហ្វូ​ន​ក្នុង​ដៃ ។ យ៉ាងណា​ក៏​ដោយ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​មួយ​ទឹក ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​សព្វថ្ងៃ​វិញ ហាក់ដូចជា​ស្ងប់ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ ខណៈ​អ្នកខ្លះ​យល់​ថា មក​ពី​ស្មា​ត​ហ្វូ​ន​នាំ​ចូល​ពី​ចិន​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​លក្ខខណ្ឌ​នៃ​ការ​ទិញ​ស្មា​ត​ហ្វូ​ន​ថ្មី ក៏​ងាយស្រួល​ដូច​ជា តាម​រយៈ​ការ​បង់​រំលស់​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​លក់​ស្មា​ត​ហ្វូ​ន​មួយ​ទឹកធ្លាក់​ចុះ ។

អាជីវករ​លក់​ទូរស័ព្ទ​នៅ​ផ្សារ​ឃ្លាំង​រំសេវ លោក យុន ឧត្តម បានឱ្យ​ដឹង​ថា ការ​លក់​ទូរស័ព្ទ​សព្វ​ថ្ងៃនេះ ពិតជា​ធា្ល​ក់​ចុះ​មែន ។ លោក​ថា ក្នុង​១​ថ្ងៃ លោក​អាច​លក់​បាន​តែ​១​ឬ​២​គ្រឿង​ប៉ុណ្ណោះ ហើយ​ថ្ងៃ​ខ្លះ​អត់​តែ​ម្ដង ខុស​ប្លែក​ពី​គ្រា​មុន​ៗ ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់ ក៏​លក់​បាន​ពី​៥​ទៅ​៦​គ្រឿង​ដែរ ។

លោក​ថា ៖ « ការ​ស្ងាត់​ភ្ញៀវ​មក​ទិញ​នេះ មិនមែន​តែ​តូប​ខ្ញុំ​ទេ សូ​ម្បី​តែ​អាជីវករ​លក់ ឬ​បោះ​ដុំ​ទូរស័ព្ទ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ផ្សេង​ទៀត ក៏​ជួប​បញ្ហា​ដូច​គ្នា​នេះ​ដែរ » ។

ការ​ធ្លាក់​ចុះ​នេះ លោក​យល់​ថា អាច​មក​ពី​ទីផ្សារ​ឥឡូវ​ទូលំទូលាយ​ជាង​មុន ព្រោះ​ទីណា​ក៏​មាន​ហាង​លក់​ទូរស័ព្ទ​មួយ​ទឹក ដែល​ខុស​ពី​ឆ្នាំ​កន្លង​ទៅ បើ​គេ​ចង់​ទិញ​ស្មា​ត​ហ្វូ​ន​មួយ​ទឹក គេ​នឹកឃើញ​ដល់​ផ្សារ​ឃ្លាំង​រំសេវ ។ ម្យ៉ាងទៀត បច្ចុប្បន្ន យុវវ័យ​ខ្មែរ​បាន​ធ្វើ​ចំណាកស្រុក​ច្រើន ដូច្នេះ អតិថិជន​ក៏​អាច​បាត់បង់​ទៅ​តាម​ហ្នឹង​ខ្លះ​ដែរ ។

ទោះបីជា​ការ​លក់​ធ្លាក់​ចុះ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​មួយ​ទឹក​នេះ លោក យុន ឧត្តម លើក​ឡើង​ថា វា​ងាយស្រួល​លក់​ជាង​ទូរស័ព្ទ​ថ្មី ប៉ុន្តែ​ស៊េរី​ទាប ជា​ពិសេស ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន និង​សាមស៊ុ​ង​ទទួល​បានការ​គាំទ្រ​ច្រើន ព្រោះ​តម្លៃ​សមរម្យ​អាច​អតិថិជន​ទិញ​យក​ទៅ​ប្រើប្រាស់ លេង​ហ្វេ​ស​ប៊ុ​ក និង​មើល​ព័ត៌មាន​បាន ។

អ្នក​នាង ដា​នី អាជីវក​របោះ​ដុំ​ស្មា​ត​ហ្វូ​ន​មួយ​ទឹក ឱ្យ​ដឹង​ថា ៖ « បច្ចុប្បន្ន​នេះ ការ​លក់រាយ និង​បោះ​ដុំ គឺ​ស្ងាត់​ភ្ញៀវ​ចូល​ទិញ​ដូច​គ្នា » ។ អ្នក​នាង​បន្ត​ថា ៖ « ខ្ញុំ​អង្គុយ​១​ព្រឹក​ហើយ មិន​ទាន់​មាន​អ្នក​មក​កៅឆាយ​សោះ មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​បានជា​ស្ងាត់​ភ្ញៀវ​បែប​នេះ មិន​ដូច​ពេល​មុន​សោះ » ។

ចំណែក​អ្នកស្រី ហោ ស្រី​ណេ​ត អាជីវករ​លក់​ស្មា​ត​ហ្វូ​ន​មួយ​ទឹក​ដែរ បានឱ្យ​ដឹង​ថា រាល់ថ្ងៃ មិនសូវ​មាន​ភ្ញៀវ​មក​ទិញ​ទូរស័ព្ទ​ទេ ។ ការ​លក់​បាន​រាល់ថ្ងៃ ដោយសារ​មាន​ម៉ូយ​ស្គាល់​ច្រើន​ដែល​គេ​ចេះ​តែ​មក​ជួយ​ទិញ​ប៉ុណ្ណោះ ។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​នៅ​ម្ដុំ​ផ្សារ​កណ្ដាល លោក​ឡុ​ង សុវណ្ណ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​៥ កក្កដា ថា ការ​លក់​ស្មា​ត​មួយ​ទឹក​ឥឡូវ មិន​ដូច​កាលពី​៣​ឬ​៤​ឆ្នាំ​មុន​ទេ ខណៈ​ដែល​បច្ចុប្បន្ន​ទីផ្សារ​លក់​តាម​អន​ឡាញ​កំពុង​កើនឡើង​ខ្លាំង ធ្វើ​ឲ្យ​បាត់​ចំណែក​ទីផ្សារ​ខ្លះ​សម្រាប់​អ្នកលក់​តាម​ហាង​ដែល​ពួក​គេ​លក់​តាម​ប្រពៃណី ។

ចំណែក​ការ​ដែល​ទីផ្សារ​វា​ធ្លាក់​ចុះ​នេះ លោក​គិត​ថា ៖« ដោយសារ​តែ​កត្ដា​មួយ​ចំនួន​ដូច​ជា ក្រុមហ៊ុន ឬ​ហាង​ខ្លះ​ចាប់ផ្ដើម​លក់​ផលិតផល​ថ្មី​ដោយ​បង់​រំលស់​តាម​ស្ថាប័នហិរញ្ញវត្ថុ​ហើយ​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​ខ្លះ​មាន​តម្លៃ​សម​ល្មម អាច​ថតរូបបាន លេង​អីុន​ធើ​រ​ណេ​ត​បាន និង​មានការ​ធានា​ត្រឹមត្រូវ​ទៀត​ផង ដូច្នេះ​បើ​គេ​ថ្លឹងថ្លែង​ទៅ លើ​តម្លៃ​លើសខ្វះ​គ្នា​តិចតួច គេ​ប្រាកដជា​ជ្រើសរើស​យក​ផលិតផល​ថ្មី អីចឹង​ហើយ​បានជា​ការ​លក់​ស្មា​ត​ហ្វូ​ន​មួយ​ទឹក​ឥឡូវ​ថមថយ » ៕