ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​វៀតណាម​ធំ​មួយ​ទទួល​បាន​សិទ្ធិ​ផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

1 ឆ្នាំ មុន

ហាណូយ ៖ សាជីវកម្ម​ទូរទស្សន៍​ខ្សែកាប​វៀតណាម (VTVcab) បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​

ហាណូយ ៖ សាជីវកម្ម​ទូរទស្សន៍​ខ្សែកាប​វៀតណាម (VTVcab) បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ប្រទេស​វៀតណាម ដែល​កាន់កាប់​សិទ្ធិ​ផ្សាយ​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ (​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣) នៅ​ប្រទេស​កម្ពុជា ដែល​ព្រឹត្តិការណ៍​កីឡា​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ នេះ​បើ​យោង​ចេញផ្សាយ​របស់ Vietnam News Agency​។

ប្រធាន VTVcab លោក Hoang Ngoc Huan បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​សន្យា​ថា ទស្សនិកជន​ទូ​ទាំង​ប្រទេស​វៀតណាម អាច​ទស្សនា​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​ដ៏​ធំ​បំផុត​។ វា​ក៏​នឹង​ចូលរួម​ក្នុង​ការ​ផលិតកម្ម​វិធី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ព្រឹត្តិការណ៍​ទាំង​នៅ​លើ​ការ​ប្រកួត និង​បរិយាកាស​ក្រៅ​ការ​ប្រកួត​ផង​ដែរ​។ លោក Hoang Ngoc Huan បាន​បន្ត​ថា ក្រុមហ៊ុន​ក៏​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ភាគី​កម្ពុជា​ក្នុង​ការ​ផលិតកម្ម​វិធី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ផង​ដែរ​។ នេះ​ជា​ថ្លែង​របស់​លោក​នៅ​ទីក្រុង​ហាណូយ នា​ថ្ងៃ​ទី ៧ មក​រា ឆ្នាំ​២០២៣​។

ជាមួយ​គ្នា​នេះ តំណាង​ក្រុមហ៊ុន On Media បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា SEA Games Cambodia ដែល​បាន​ជ្រើសរើស​ក្រុមហ៊ុន​ខ្លួន ជា​អ្នក​ចែកចាយ​សិទ្ធិ​ផ្សាយ​ការ​ប្រកួត​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​វៀតណាម​។​។ អ្នកតំណាង​រូប​នេះ បាន​បន្ត​ថា នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​មិន​ត្រឹមតែ​សកម្មភាព​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ឱ្យ​ឃើញ​នូវ​បរិយាកាស​ទឹកដី និង​ប្រជាជន​កម្ពុជា មក​កាន់​ទស្សនិកជន​វៀតណាម​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​ប្រវត្តិសាស្ត្រ​ប្រចាំ​តំបន់​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ Sea Games 2023 នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ផ្លូវការ​ពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ក្នុង​ពិធី​បើក​កិច្ច​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ បាន​អះអាង​ថា ក្នុង​នាម​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នៅ​ឆ្នាំ​២០២៣ កម្ពុជា​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​ដ៏​ធំ​នេះ​ប្រព្រឹត្ត​ទៅ​ឱ្យ​បាន​ល្អ និង​រលូន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បន្ទាប់​ពី​ខន​ខាន​ចាប់​យក​ឱកាស​នេះ​ជា​ច្រើន​លើក​ច្រើន​សារ អស់​រយៈពេល​៦៤​ឆ្នាំ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កាលពី​គ្រានោះ​ថា​៖ «​កម្ពុជា បាន​រង់ចាំ​រយៈពេល​៦៤​ឆ្នាំ ទើប​សម្រេចចិត្ត​យក​ឆ្នាំ​២០២៣ ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម យើង​បាន​ខកខាន​ចាប់​យក​ឱកាស​នេះ​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ត្រៀមខ្លួន​ប្រកបដោយ​សមត្ថភាព​ពេញលេញ និង​កៀរគរ​ធនធាន​ចាំបាច់​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​ដ៏​ធំ​នេះ​ឱ្យ​បាន​ល្អ និង​រលូន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។

នា​ឱកាស​នោះ​ដែរ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៉ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ កម្ពុជា​មាន​មហិច្ឆតា​រៀបចំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ប្រកបដោយ​ភាព​កក់ក្តៅ បដិសណ្ឋារកិច្ច​ល្អ និង​សេវា​ល្អ សម្រាប់​គ្រប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ល្អ​បំផុត​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​កីឡា​ស៉ី​ហ្គេ​ម និង​កីឡា​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​នូវ​ពាក្យស្លោក​ថា​៖ «​ខ្ញុំ​តែង​តែង​លើក​ឡើង​ថា នយោបាយ​គ្មាន​ស្តង់ដារ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ កីឡា​មាន​ស្តង់ដារ​សកល​ពិតប្រាកដ មានច្បាប់​កីឡា​តែ​មួយ មាន​បទបញ្ជា​ប្រកួត​តែ​មួយ និង​មាន​គោលដៅ​តែ​មួយ គឺ​កសាង​ពិភពលោក​មួយ​ដែល​ល្អ​ប្រសើរ និង​ការ​រួមចំណែក​យ៉ាង​សំខាន់​ដល់​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​»៕ (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ