ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​វ័យចាស់ ពានរង្វាន់ ៧ មក​រា

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រសៀល​ថ្ងៃ​ទី​០៦​ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិ​

ខេត្តពោធិ៍សាត់ ៖ រសៀល​ថ្ងៃ​ទី​០៦​ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់ មិត្តភាព​វ័យចាស់ ពានរង្វាន់​៧​មក​រា ខួប​ទី​៤៤ នៅ​ពហុ​កីឡដ្ឋាន​ខេត្ត បន្ទាប់​ពី​ធ្វើការ​ប្រកួត​រយៈពេល​ពេញ​មួយ​ថ្ងៃ​មក​នោះ​។

លោក លី សុ​គ​ន្ធី ប្រធាន​មន្ទីរ​អប់រំ យុវជននិង​កីឡា​ខេត្ត​បាន​ជម្រាប​ជូន​ថា ដើម្បី​អបអរសាទរ​​ទិវា​ជ័យជម្នះ​៧ មក​រា ខួប​ទី​៤៤ ដែល​ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា និង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ចាស់​ចូលរួម​លេង​កីឡា​ទាំងអស់​គ្នា ដើម្បី​មាន​សុខភាព​ល្អ បង្កើន​នូវ​សាមគ្គីភាព មិត្តភាព និង​សន្តិភាព ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តពោធិ៍សាត់ ក៏​បាន​បើក​ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​វ័យចាស់​នេះ​ឡើង​។

លោក​ឲ្យ​ដឹង​ថា ក្រុមកីឡា​ដែល​បាន​ដាក់​ពាក្យសុំ​ចូលរួម​ប្រកួត​មាន​ចំនួន​០៤​ក្រុម​ស្មើនឹង​១២៦​នាក់​ក្នុង​នោះ​មាន​ក្លិប​ពោធិ៍សាត់​ស៊ី​ត​ធី​, ក្លិប​យុវជន​ស្រលាញ់​សន្តិភាព​, ក្លិប​ដា​លីង​យូ​ណៃ​ធី​ត និង​​ក្លិប​​តា​ម្រុំ អែ​ហ្វ​ស៊ី​ ។ ឆ្លង​តាម​ការ​ប្រកួត​យ៉ាង​សកម្ម​និង​ស្វិតស្វាញ​នៅ​លើ​ទីលាន​រយៈពេល​មួយ​ថ្ងៃ បាន​កត់សម្គាល់​ឃើញ​ថា ក្រុមកីឡា​នីមួយ​ៗ​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​និង​ទេព​កោសល្យ​របស់​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង ប្រកបដោយ​ទឹកចិត្ត​ក្លៀវក្លា​ក្នុង​នាម​ជា​អ្នកកីឡា ដោយ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​យុវជន​យើង​ក្រោយ​ៗ​ទៀត ។

ចំពោះ​លទ្ធផល​ផ្លូវការ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ក្រុម​កីឡាករ​មក​ពី​ក្លិប​ពោធិ៍សាត់​ស៊ី​ត​ធី​, ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ក្រុម​កីឡាករ​មក​ពី​ក្លិប​តា​ម្រុំ អែ​ហ្វ​ស៊ី​, ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​កីឡាករ​មក​ពី​ក្លិប​ស្រលាញ់​សន្តិភាព និង​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅ​លើ​ក្រុម​កីឡាករ​មក​ពី​ក្លិប​ដា​លីង​យូ​ណៃ​ធី​ត​។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​កោតសរសើរ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ដែល​បាន​រៀបចំ​ឲ្យ​មានការ​ប្រកួត​ក្រុមកីឡា​វ័យចាស់​នេះ​ឡើង ក្នុង​ន័យ​បាន​ជួបជុំ​គ្នា​រំលឹក​នូវ​អនុស្សាវរីយ៍ ជា​ចំណង​សាមគ្គីភាព មិត្តភាព សុខភាព និង​បាន​បញ្ចេញ​នូវ​ទេព​កោសល្យ​របស់​ខ្លួន តាម​រយៈ​ការ​ប្រកួត​យ៉ាង​សប្បាយ​រីករាយ​នេះ​។

លទ្ធផល​បច្ចេកទេស​ដែល​ក្រុមកីឡា​ទាំងអស់​សម្រេច​បាន ក៏​ដោយសារ​មានការ​គាំទ្រ​និង​លើកទឹកចិត្ត​ពី​សប្បុរសជន និង​ទស្សនិកជន​ដែល​ចូល​ចិត្ត​វិស័យ​កីឡា​ផង​ដែរ ព្រោះ​កីឡា​នាំ​មក​នូវ​សុខភាព សន្តិភាព និង​ការ​អភិវឌ្ឍ​។ ឯកឧត្តម​អភិបាលខេត្ត សូម​ឲ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា រៀបចំ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​វ័យចាស់​នេះ​ឲ្យ​មាន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​។

ក្នុង​ឱកាស​នោះ​ក៏​មាន​ផ្ដល់​ថវិកា​ដល់​ក្រុម​កីឡាករ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​តាម​លេខ​រៀង​ទាំង​០៤​ក្រុម ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​គ្រូពេទ្យ ក្រុម​យុវជន​ចំនួន​០៤​ក្រុម និង​កម្លាំង​សមត្ថកិច្ច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ