ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​ពានរង្វាន់​Soccer League​រំពឹង​រួមចំណែក​ធ្វើ​ឱ្យ​វិស័យ​កីឡា​កាន់តែ​រីក​ចម្រើន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​Soccer League​លើក​ទី​៦​ឆ្នាំ​២០២៣​បាន​ប្រកាស​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​Soccer League​លើក​ទី​៦​ឆ្នាំ​២០២៣​បាន​ប្រកាស​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ មក​រា នៅ​ទីលាន​បាល់ទាត់​ស្មា​ត RSN ​ក្នុង​ខណ្ឌ​សែន​សុខ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឯកឧត្តម​ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​មាន​ប្រសាសន៍​ថា បាល់ទាត់​ពានរង្វាន់ Soccer League​បាន​កើតឡើង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​ជួបជុំ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ តាម​រយៈ​វិស័យ​កីឡា ក្រោយ​ពី​ជំងឺ​កូ​វី​ដ​-១៩​បាន​ធូរស្បើយ ។ ទន្ទឹម​គ្នា​នេះ​ដែរ វិស័យ​ឯកជន​ក៏​ជា​ដៃគូ​រួមចំណែក​ដ៏​សំខាន់​របស់​យើង​ផង​ដែរ​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ ការ​ប្រកួត​ឆ្នាំ​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​គ្រប់​ស្ថាប័ន​ដែល​មាន​រហូត​ដល់​ទៅ​៧៤​ក្រុម ក្នុង​នោះ​មាន​ក្រុម​នារី​ចំនួន​១០​ក្រុម ។ បើ​គិត​មក​ទល់​ពេល​នេះ ការ​ប្រកួត​បាល់ទាត់​Soccer League ធ្វើ​ឡើង​បាន​ចំនួន​៦​លើក​មក​ហើយ ។

ការ​ប្រកួត​បាល់ទាត់​ខាងលើ​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ដែល​មិនមែន​ជា​កីឡាករ​អាជីព​ឱ្យ​លេង​កីឡា​ដើម្បី​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត និង​បាន​បញ្ចេញ​សមត្ថភាព​និង​ទេព​កោសល្យ ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ និង​ឱ្យ​ប្រើប្រាស់​ពេលវេលា​ទំនេរ​ពី​ការ​សិក្សា​មក​លេង​កីឡា​វិញ ។

បច្ចុប្បន្ន វិស័យ​កីឡា​នៅ​កម្ពុជា​កំពុង​តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ជា​ពិសេស​វិស័យ​កីឡាបាល់ទាត់​តែ​ម្ដង ។ ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមកីឡា​បាល់ទាត់​កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុម​ប្រទេស​ហ្វី​លី​ពី​ន និង​ប្រទេស​ព្រុយ​ណេ ដែល​លទ្ធផល​នេះ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា វិស័យ​កីឡាបាល់ទាត់​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន ជា​ពិសេស​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា សកម្មភាព​យុវជន​លេង​កីឡា​នេះ នឹង​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​គាំទ្រ​និង​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា ដោយ​ឈរ​លើ​ស្មារតី​កីឡា​រស់​ក្នុង​សន្តិភាព ប្រជាជន​ម្នាក់លេង​កីឡា​មួយ​ប្រភេទ ធ្វើ​យ៉ាងណា​ជំរុញ​វិស័យកីឡា​ដែល​​ជា​ចលនា​ដ៏​រស់​រវើក​សម្រាប់​ប្រជាជន​និង​យុវជន​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​ឯកឧត្តម​ហ៊ុន ម៉ា​នី ដែល​​​បាន​ខិតខំ​ប្រឹងប្រែង​បង្កើត​ឱ្យ​មានការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​Soccer League​នេះ​ឡើង​តាំងពី​ឆ្នាំ​២០១២​មក ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា នៅ​សល់​តែ​ជាង​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនិង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នឹង​មក​ដល់​ហើយ ។ នេះ​ជា​កិ​តិ្ត​យស​ដ៏​ធំធេង​ដែល​កម្ពុជា​រង់ចាំ​អស់​៦៤​ឆ្នាំ​មក​ហើយ ។

ឯកឧត្តម​បាន​បាន​វាយតម្លៃ​ថា​ការ​ប្រកួត​បាល់ទាត់​នេះ គឺជា​ការ​រួមចំណែក​កសាង​សង្គម​គ្រួសារ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ជា​បញ្ហា​របស់​ប្រទេស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ