ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​បរទេស​មក​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ជា​រៀង​រាល់​ឆ្នាំ​រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្ស៊ី នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់ ៖ ជា​រៀង​រាល់​ឆ្នាំ​រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្ស៊ី នៅ​ស្រុក​ក្រគរ​ដែល​មាន​លោក​ឧកញ៉ា​លឹ​ម ជា ជានា​យក​ក្រុមហ៊ុន​នោះ​តែងតែ​នាំ​យក​គ្រូពេទ្យ​ពី​បរទេស​មក​ព្យាបាល​ជូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ។ ជាក់ស្ដែង​ឆ្នាំ​២០១៧​នេះ​រោងចក្រ​បាន​នាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​ចំនួន​៤៦​រូប និង​គ្រូពេទ្យ​ចិនតៃវ៉ាន់​៨៥​រូប​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​កម្មករ កម្មការិនី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ដោយ​ឥត​គិតថ្លៃ ។

តំណាង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​តៃ​អ៊ី​ហ្ស៊ី​បាន​ជំរាប​ជូន​ថា ដោយ​យល់​ឃើញ​សុខភាព​ជា​កត្តា​ចំបង​ហើយ​ពេល​ឈឺ​ម្ដង​ៗ​បងប្អូន​ខ្វះខាត​ថវិការ​ក្នុង​ការ​ព្យាបាល​ជំងឺ​នោះ ក្រុមហ៊ុន​បាន​ជួល​គ្រូពេទ្យ​បរទេស​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ដោយ​ឥត​គិតថ្លៃ​ជា​រៀង​រាល់​ឆ្នាំ ហើយ​នេះ​គឺជា​លើក​ទី​០៦​ហើយ ។ ការ​ព្យាបាល​មាន​រយៈពេល​០៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​០៤-០៥​និង​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ លើ​ជំងឺ​ជា​ច្រើន​ប្រភេទ​មាន​ដូច​ជា ជំងឺ​សរសៃ ជំងឺ​មាត់​ធ្មេញ ភ្នែក ជំងឺ​គ្រឿងក្នុង សន្លាក់ ព្យាបាល​បែប​ចលនា​និង​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ជាដើម ។

លោក ប៊ិ​ន វ​ណ្ណា អភិបាលស្រុក​ក្រគរ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា លឹ​ម ជា នាយក​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​តៃ​អ៊ី​ហ្ស៊ី​ដែល​បាន​នាំ​យក​គ្រូពេទ្យ​ខ្មែរ និង​បរ​ទេស​សុទ្ធតែ​មានបទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​កម្មករ កម្មការិនី និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ក្រគរ​នា​ពេល​នេះ ។ សូម​​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២.០០០​នាក់ ដូច្នេះ​រយៈពេល​៣​ថ្ងៃនេះ​គឺ​បាន​៦.០០០​នាក់ ។ បន្ទាប់​ពី​បញ្ចប់​ការ​ព្យា​បាល​​ជំងឺ​នៅ​រោងចក្រ​កាត់ដេរ​ក្នុងស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​នេះ ក្រុម​គ្រួ​ពេទ្យ​ទាំងអស់​នឹង​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ឆ្នេរសមុទ្រ និង​រមណី​ដ្ឋា​ន​ធម្មជាតិ​សំខាន់​ៗ​មួយ​​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ៕