ខេត្តកំពង់ធំ ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី0៥ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តន៍ការងារសំខាន់ៗនៅតាមមូលដ្ឋាន រួមទាំងពិនិត្យបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងតាមសំណូមពរជាក់ស្តែង ។ កិច្ចប្រជុំនោះស្ថិតក្រោមវត្តមានលោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ។
លោក ថោង ខុន បានថ្លែងថា កិច្ចប្រជុំថ្ងៃនេះ មានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងទៅលើលទ្ធផលនៃការអនុវត្តន៍ការងារសំខាន់ៗ នៅតាមមូលដ្ឋាន ស្រុកទាំង៨ របស់ខេត្តកំពង់ធំ ។ សំខាន់ការងារបង្កបង្កើនផល ការងារឆ្វៀលដីអាស្រ័យផលនៅតំបន់៣ តំបន់២ បញ្ហាដីតំបន់អភិរក្សសត្វខ្សឹម ។ លោកបន្តថា ការងារបង្ក្រាបបទល្មើសនេសាទ ព្រៃឈើ គ្រឿងញៀន ការគ្រប់គ្រងដីធ្លីដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច រួមទាំងការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ការគ្រប់គ្រងទីផ្សារ ការធ្វើអត្តសញ្ញាណប័ណ្ណ រួមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ជាការងារអទិភាពផងដែរ ។ លោក ថោង ខុន ថ្លែងបញ្ជាក់ថា ក្រៅពីការងារខាងលើ ក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវក្តាប់ឲ្យបានបញ្ហាប្រឈម និងរាល់សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារថ្នាក់ជាតិ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ ។ លោកប្រធានក្រុមការងារ ក៏បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះធ្វើការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តន៍សារាចរគោលនយោបាយ និងគោលការណ៍ថ្មីៗ ទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីបម្រើដល់ផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។ លោកបញ្ជាក់ថា ការងារជាក់ស្តែងរួមមានការឥតគិតថ្លៃចំពោះសេវាចុះបញ្ជី កំណើត អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
លោក ថោង ខុន បានបន្ថែមថា ក្រៅពីការងារខាងលើ យើងក៏ត្រូវយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយបញ្ចុះតម្លៃអគ្គិសនី និងការតភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិ ដែលមានតម្លៃថោក ការលើកលែងការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការធានាឲ្យអាជីវករលក់ដូរតាមផ្សារអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃដោយមិនមានកំណត់អាណត្តិផងដែរ ៕
ចែករំលែកព័តមាននេះ