សកម្មភាព​ផលិត​នៅ​អាស៊ី​កើនឡើង​ក្នុង​ខែមិថុនា ប៉ុន្តែ​តិច​ជាង​មុន


ប្រទេស​សិង្ហ​បុរី ៖ សកម្មភាព​ផលិត​ក្នុង​ប្រទេស​នៅ​អាស៊ី ដូច​ជា គ្រឿង​បច្ចេកវិទ្យា​បាន​កើនឡើង​ក្នុង​ខែមិថុនា ដោយ​មានការ​ជំរុញ​ពី​កំណើន​តម្រូវការ​ពិភពលោក ប៉ុន្តែ​ភាព​អន់​ថយ​នៃ​ទីផ្សារ​ក្រៅ​ស្រុក​អាច​នឹង​ធ្វើ​ឲ្យ​ការ​លូតលាស់​អន់​ថយ​នៅ​ឆមាស​ទី​២​ឆ្នាំ​នេះ ។

តាម​ការ​ស្ទង់​មតិ​ពី​វិស័យ​ឯកជន​លើ​ក្រុមហ៊ុន​ផលិត​សម្រាប់​ប្រទេស​នៅ​អាស៊ី​បង្ហាញ​ថា វិស័យ​នេះ​នៅ​ប្រទេស​ចិន កូរ៉េ​ខាងត្បូង ជប៉ុន និង​តៃវ៉ាន់ បាន​កើនឡើង​ក្នុង​ខែមិថុនា ព្រោះតែ​ការ​នាំ​ចេញ​ងើបឡើង​វិញ ។

អ្នកវិភាគ​ឲ្យ​ដឹង​ថា ការ​បន្ត​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​បាន​ប៉ះពាល់​ដល់​សកម្មភាព​ផលិតកម្ម​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ហើយ​អាច​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​នា​ពេល​ខាង​មុខ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ នៅ​ប្រទេស​ឥណ្ឌា ផលិតកម្ម​បាន​អន់​ថយ ព្រោះតែ​តម្រូវការ​ក្នុងស្រុក​ធ្លាក់​ចុះ ។

ខណៈ​ក្នុង​ខែមិថុនា វិស័យ​ផលិត​បាន​កើនឡើង​លឿន​ជាងគេ​ក្នុង​រយៈពេល​៣​ខែ​កន្លង​មក​សម្រាប់​ប្រទេស​ចិន ជំនឿ​ទុកចិត្ត​របស់​អាជីវករ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ទៅ​វិញ​ក្នុងឆ្នាំនេះ បើ​ទោះជា​រដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​ហានិភ័យ​ប្រាក់​បំណុល និង​រឹត​បន្តឹង​ស្ថានភាព​ហិរញ្ញវត្ថុ​ក្តី ។

លោកស្រី Yin Zhang និង Helen Qiao សេដ្ឋវិទូ​ក្នុង Merrill Lynch ប្រចាំ​ក្រុង​ហុងកុង និយាយ​ថា ៖ « ពួក​យើង​គិត​ថា ការ​លូតលាស់​ក្នុង​ប្រទេស​ចិន នឹង​កើន​ដល់​ចំណុច​ខ្ពស់​បំផុត ហើយនឹង​ធ្លាក់​ចុះ​វិញ​ព្រោះតែ​ការ​រឹត​បន្តឹង​ស្ថានភាព​ហិរញ្ញវត្ថុ » ។

នៅ​ពេល​ខាង​មុខ ដោយសារ​តែ​ការ​លូតលាស់​ទាំងស្រុង​ខ្ពស់​ជាង​គោលដៅ​ស្មើ​ប្រមាណ៦,៥% នៃ GDP នោះ អ្នក​បង្កើត​ច្បាប់​នឹង​រក្សា​ការ​រឹត​បន្តឹង​នេះ​ក្នុង​ឆមាស​ទី​២ ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​រហូត​ដល់​ដើមឆ្នាំ​២០១៨ ។

នៅ​ប្រទេស​ជប៉ុន​វិញ ជំនឿ​ទុកចិត្ត​របស់​ក្រុមហ៊ុន​ផលិត​ធំ​ៗ​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ នា​ខែមិថុនា ។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​ធនាគារជាតិ ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ។

ប៉ុន្តែ​បើ​ទោះជា​តំបន់​មួយ​ចំនួន​នៅ​អាស៊ី​បាន​ងើបឡើង​វិញ​ក្តី ប៉ុន្តែ​អត្រា​អតិផរណា​ទាប​របស់​ពិភពលោក និង​កត្តាសេដ្ឋកិច្ច​ដទៃ អាច​នឹង​ប៉ះពាល់​តំបន់​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​ក្នុង​ឆមាស​ទី​២។

ជាមួយ​គ្នា​នេះ ប្រាក់​បំណុល​ពិភពលោក​នា​ពេល​នេះ​ស្មើ​២១៧​ទ្រី​លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​ហានិភ័យ​កើនឡើង ប្រសិនបើ​ធនាគារជាតិ​បង្កើន​អត្រា​ការ​ប្រាក់ នឹង​ប៉ះពាល់​ខ្លាំង​ជាងគេ​ដល់ទី​ផ្សារ​ថ្មី​ៗ​ដែល​បាន​ខ្ចីប្រាក់​អឺ​រ៉ូ និង​ដុល្លារ ។

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ ផលិតកម្ម​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បង្កើន​ផលិតកម្ម​របស់​ក្រុមហ៊ុន Samsung Electronics របស់​កូរ៉េ​ខាងត្បូង ។ ចំណែក​ផលិតកម្ម​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ក្នុង​ប្រទេស​នេះ​ធ្លាក់​ចុះ​១%​ក្នុង​ត្រីមាស​ទី​១ បើ​ធៀប​នឹង​ឆ្នាំ​មុន​ព្រោះតែ​បញ្ហា​ទូរស័ព្ទ Galaxy Note 7 ប៉ុន្តែ​វា​ងើបឡើង​វិញ​ក្នុង​ត្រីមាស​ទី​២ ។ Samsung ជា​វិនិយោគិន​បរទេស​ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម ។

លើស​ពី​នេះ ការ​ចំណាយ​តាម​ផ្ទះ​ក្នុង​ប្រទេស​ជប៉ុន​បន្ត​អន់​ថយ ហើយ​ការ​បង្កើត​ការងារ​នៅ​តៃវ៉ាន់ ក៏​ទន់ខ្សោយ​ជាងគេ​ក្នុង​រយៈពេល​២០​ខែ​មកនេះ ខណៈ​ផលិតកម្ម​រោងចក្រ​របស់​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ​១១​ខែ​ជាប់​ៗ​គ្នា និង​ការ​បង្កើត​ការងារ​រោងចក្រ​ធ្លាក់​ចុះ​ជាប់​គ្នា​១០​ខែ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ