ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារី​បិទ​តែម​ចាស់​មិន​អនុញ្ញាត​ឱ្យ​ចរាចរ​លើ​ទីផ្សារ​ចាប់ពី​ខែសីហា​តទៅ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧​ខាង​មុខ រាល់​បារី​ដែល​បិទ​តែម​ចាស់ នឹង​មិន​អនុញ្ញាត​ឲ្យ​ចរាចរណ៍​លក់​នៅ​ក្នុង​ទីផ្សារ​ឡើយ​។ ក្នុង​ករណី​មិន​គោរព​តាម ត្រូវ​ចាត់ទុកជា​ការ​គេចវេះ​ពន្ធ និង​

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧​ខាង​មុខ រាល់​បារី​ដែល​បិទ​តែម​ចាស់ នឹង​មិន​អនុញ្ញាត​ឲ្យ​ចរាចរណ៍​លក់​នៅ​ក្នុង​ទីផ្សារ​ឡើយ​។ ក្នុង​ករណី​មិន​គោរព​តាម ត្រូវ​ចាត់ទុកជា​ការ​គេចវេះ​ពន្ធ និង​អំពើ​រាំងស្ទះ ហើយ​អ្នក​ពាក់ព័ន្ធ ត្រូវ​រង​ការ​ផ្តន្ទាទោស​ច្បាប់​ស្តី​ពី​សារពើពន្ធ ដោយ​ត្រូវ​ទទួល​ពិន័យ​ជា​ប្រាក់ ឬ​ជាប់​ពន្ធនាគារ​ឬ​ត្រូវ​ទទួលទោស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ផលិត​បារី​នៅ​ក្រុមហ៊ុន ប្រ៊ី​ធី​ស អឺ​មើ​រី​ខិ​ន ថឺ​ប៊ែ​ក​ខូ ខេ​ម​បូ​ឌា​(British American Tobacco Cambodia)​នា​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា កន្លង​មក​ថា ការ​ចុះ​នា​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​តែម​បារី​ឬ​តែម​សារពើពន្ធ​ថ្មី ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេច​កី្ត​ប្រកាស​កាលពី​ខែធ្នូ ឆ្នាំ​២០១៦​ក​ន្ល​មក​មក ហើយ​អគ្គនាយកដ្ឋាន​ពន្ធ​បាន​ចេញ​នូវ​សារា​ចរណ៍​ណែនាំ​មួយ ស្តី​ពី​ការ​អនុវត្ត​តែម​បារី​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៧ គឺ​មាន​ន័យ​ថា ចាប់ពី​ខែសីហា​ខាង​មុខ គ្រប់​សហគ្រាស​ដែល​ផលិត​បារី​ក្នុងស្រុក និង​ទាំង​នាំ​ចូល គឺ​ត្រូវ​មក​ទិញ​សន្លឹក​តែម​ថ្មី​យក​ទៅ​បិទ ដែល​ហៅ​ថា អនុវត្ត​នូវ​សន្លឹក​តែម​ថ្មី ។ ចំណែក សន្លឹក​តែម​ចាស់ គឺ​ពិនិត្យ​ឃើញ​ថា គុណភាព​នៃ​សន្លឹក​តែម​អាច​ក្លែងបន្លំ​បាន និង​ងាយស្រួល​ក្នុង​ការ​ថតចម្លង ហើយ​ការ​ដាក់​ឲ្យ​អនុវត្ត​កន្លង​ទៅ​នេះ ឃើញ​ថា អត់​សូវ​មាន​ប្រសិទ្ធភាព​ទេ ។ ដូច្នេះ​បានជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​កែទម្រង់ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ​កែទម្រង់​នូវ​ការ​បោះពុម្ព​សន្លឹក​តែម ដើម្បី​ឲ្យ​សហគ្រាស និង​រោងចក្រ​ទាំងអស់​ដែល​ផលិត​បារី​នៅ​ក្នុងស្រុក ក៏​ដូច​ជា​នាំ​ចូល ត្រូវ​តែ​អនុវត្ត​ទិញ​សន្លឹក​តែម​ថ្មី​នេះ ។

លក្ខណៈ​ពិសេស​នៃ​សន្លឹក​តែម​អាករ​ប្រភេទ​ថ្មី មាន​ដូច​ជា គុណភាព​ខ្ពស់ ត្រូវ​បាន​កែសម្រួល​ទាំង​រូបភាព និង​គុណភាព សុវត្ថិភាព​ខ្ពស់ បច្ចេកវិទ្យា​ទំនើប មិន​ងាយ​ក្នុង​ការ​ផលិត​ក្លែងក្លាយ និង​មាន​រំលេច​នូវ QRcode ខុស​ពី​សន្លឹក​តែម​អាករ​ប្រភេទ​ចាស់ ។

សម្រាប់​បារី​ផលិត​ក្នុងស្រុក អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ផលិត​សន្លឹក​តែម​អាករ​ដែល​សម្គាល់​ដោយ Serial Number និង​លេខ​រៀង​ខុស​ៗ​គ្នា​សម្រាប់​ក្រុមហ៊ុន​នីមួយ​ៗ ដែល​ជា​មូលដ្ឋាន​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ ។

ក្នុង​ឱកាស​នោះ លោក គង់ វិបុល ក៏​បាន​អំពាវនាវ និង​ជូនដំណឹង​ដល់​ម្ចាស់​សហគ្រាស​ផលិតផល​បារី​ក្នុងស្រុក ក៏​ដូច​ជា​ម្ចាស់​សហគ្រាស​នាំ​បារី​ចូល ម្ចាស់​ដេប៉ូ​បារី​ចែកចាយ​បន្ត ម្ចាស់​ស្តង់​លក់​បារី​ក្នុង​ផ្សារ ម្ចាស់​ផ្សារ​ទំនើប​ទាំងឡាយ សូម​មេត្តា​ចូលរួម​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​លក់​បារី​ទាំងឡាយ​ដែល​ពុំ​មាន​បិទ​តែម​អាករ​ថ្មី ។ ក្នុង​ករណី​មិន​គោរព​តាម ត្រូវ​ចាត់ទុកជា​ការ​គេចវេះ​ពន្ធ និង​អំពើ​រាំងស្ទះ ហើយ​អ្នក​ពាក់ព័ន្ធ​ត្រូវ​រង​ការ​ផ្តន្ទាទោស​តាម​មាត្រា​១៣៣ មាត្រា​១៣៥ និង​មាត្រា​១៣៦ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ ដោយ​ត្រូវ​ទទួល​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ឬ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ ឬ​ត្រូវ​ទទួលទោស​ទាំង​ពីរ ។

តំណាង​ក្រុមហ៊ុន ប្រ៊ី​ធី​ស អឺ​មើ​រី​ខិ​ន ថឺ​ប៊ែ​ក​ខូ ខេ​ម​បូ​ឌា លីមីត​ធី​ត លោក​រតនា បាន​បញ្ជាក់​ថា ៖ « សន្លឹក​តែម​ថ្មី​នេះ​មានគុណ​ភាព​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់ ។ ដូច្នេះ មិន​អាច​មាន​ក្រុមហ៊ុន​ណា​អាច​ក្លែងបន្លំ​បាន​ទេ » ។

ការ​ចុះ​ពិនិត្យ​រោងចក្រ​ផលិត​បារី​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ការ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ ក៏​ដូច​ជា​ទប់ស្កាត់​ការ​គេចវេះ និង​បន្លំ​ពន្ធ បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សារា​ចរណ៍​ណែនាំ​សី្ត​ពី​ការ​អនុវត្ត​ការ​ប្រើប្រាស់​តែម​អាករ​ប្រភេទ​ថ្មី សម្រាប់​ការ​បង់អាករ ពិសេស​លើ​កញ្ចប់​បារី ។

លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព បាន​ថ្លែង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​បែប​នេះ ជា​ការ​ធ្វើ​ឡើង ដើម្បី​ងាយ​សម្គាល់​ពី​បារី​ដែល​មាន​ចរាចរណ៍​លើ​ទីផ្សារ ហើយ​នេះ​ជំហាន​ដ៏​ល្អ ប៉ុន្តែ​លោក​ស្នើ​សុំ​ឲ្យ​គ្រប់​បារី​នាំ​ចូល​ទាំងអស់​ទាំង​ពី​ប្រទេស​ចិន និង​កូរ៉េ បិទ​ស្លាក​សញ្ញា​ព្រមាន​សុខភាព​ផង​ដែរ ព្រោះ​លោក​សង្កេត​ឃើញ​បារី​នាំ​ចូល​ពី​បណ្តា​ប្រទេស​ទាំងនោះ ធ្វើ​ឡើង​ដោយ​សេរី​មិន​មាន​បិទ​ស្លាក​សញ្ញា​ព្រមាន​សុខភាព​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​លោក​ថា ៖« រាជរដ្ឋាភិបាល​គួរ​ដំឡើង​ពន្ធ​លើ​បារី​នាំ​ចូល និង​បារី​ផលិត​ក្នុងស្រុក​ផង​ដែរ ព្រោះ​ការ​ដំឡើង​ពន្ធ​បារី ជា​នយោបាយ​ឈ្នះ​ឈ្នះ គឺ​រាជរដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​កាន់តែ​ច្រើន និង​កាត់​បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​បារី​នៅ​កម្ពុជា​កាន់តែ​ច្រើន » ។

យោង​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា ក្នុង​១​ឆ្នាំ​កម្ពុជា​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ដោយសារ​បារី ហើយ​បើ​គិត​ជា​១​ថ្ងៃ គឺ​មាន​មនុស្ស​ស្លាប់​៣០​នាក់ ។
លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​បន្ត​ថា តាម​អនុសាសន៍​របស់​ធនាគារពិភពលោក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នីមួយ​ៗ​យកពន្ធ​បារី​៧០%​នៃ​តម្លៃ​ដើម​លើ​តម្លៃ​បារី​លក់រាយ​នៅ​ក្នុង​ទីផ្សារ ហើយ​វិធានការ​នេះ​បាន​អនុវត្ត​រួច​ហើយ​ដែរ​នៅ​ប្រទេស​ថៃ និង​សិង្ហ​បុរី ប៉ុន្តែ​នៅ​កម្ពុជា​ការ​យកពន្ធ​លើ​ថ្នាំជក់​គឺ​នៅ​តែ​ទាប ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ។

រាជរដ្ឋាភិបាល​បច្ចុប្បន្ន​យកពន្ធ​លើ​បារី​ជិត​៣០%​នៃ​តម្លៃ​មូលដ្ឋាន សម្រាប់​បារី​ផលិត​ក្នុង ស្រុក និង​ជាង​៣០%​សម្រាប់​បារី​នាំ​ចូល​ពី បរទេស ៕