ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចសហការ​រួម​គ្នា​កម្ពុជា​-​វៀតណាម ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀ.ន​ជាង​៣,០០០​នាក់ ក្នុង​ឆ្នាំ​២០២២

1 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ លោក​ឧត្តមសេនីយ៍ត្រី ង្វៀ​ន វ៉ា​ន់​វៀន ប្រធាន​នាយកដ្ឋាន​នគរបាល​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​, លោក វរសេនីយ៍ឯក ដូ ង៉ុ​ក​កាញ់…

ទីក្រុង​ហូ​ជី​មិ​ញ ៖ លោក​ឧត្តមសេនីយ៍ត្រី ង្វៀ​ន វ៉ា​ន់​វៀន ប្រធាន​នាយកដ្ឋាន​នគរបាល​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​, លោក វរសេនីយ៍ឯក ដូ ង៉ុ​ក​កាញ់ ប្រធាន​នាយកដ្ឋាន​បង្ការ និង​ប្រឆាំង​គ្រឿងញៀន បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក​ឧត្តមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ជា​សហ​ប្រធាន ក្នុង​កិច្ចប្រជុំ​ទ្វេភាគី “​កម្ពុជា​-​វៀតណាម​” លើក​ទី​០៣ នៅ​ទីក្រុង​ហូ​ជី​មិ​ញ ចាប់ពី​ថ្ងៃ​ទី​០៤ ដល់ទី​០៧ ខែមករា ឆ្នាំ​២០២៣ ។

កិច្ចប្រជុំ​លើក​ទី​០៣​នេះ ធ្វើ​ឡើង​ក្នុង​បរិយាកាស នៃ​សាមគ្គីភាព មិត្តភាព ពិសេស​កិច្ច​សហប្រតិបត្តិការ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ភាគី​ទាំង​២ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​តាម​ព្រំដែន រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំង​ពីរ ។

យោង​តាម​សារព័ត៌មាន Vietnamnews ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែមករា​នេះ​ថា របាយការណ៍​ដែល​បង្ហាញ​ក្នុង​សន្និសីទ​លើក​ទី​៣ រវាង​កងកម្លាំង​នគរបាល​វៀតណាម និង​កម្ពុជា ប្រឆាំង​បទល្មើស​គ្រឿងញៀន កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​២ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​រួម​គ្នា បង្ក្រាប​បាន​ជាង ២,០០០​ករណី និង​ចាប់ខ្លួន​ជនសង្ស័យ​ជាង ៣,០០០​នាក់ ក្នុង​ឆ្នាំ​២០២២ ។

កម្លាំង​នគរបាល​វៀតណាម និង​កម្ពុជា បំបែកសំណុំរឿង​ធំ​ៗ​ចំនួន ០៤​ករណី និង​បាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន ០២​នាក់ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​បំផុត ។ តាម​ការ​ស៊ើបអង្កេត​បឋម​បង្ហាញ​ថា ពួក​គេ​បាន​ដឹក​ជញ្ជូន​គ្រឿងញៀន​រាប់​តោន ចូល​ប្រទេស​វៀតណាម ។

ឧត្តមសេនីយ៍ត្រី ង្វៀ​ន វ៉ា​ន់​វៀន ប្រធាន​នាយកដ្ឋាន​នគរបាល​ស៊ើបអង្កេត​គ្រឿងញៀន ហៅ​កាត់​ថា C04 បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ថា “​ប្រសិនបើ មិន​មានការ​សម្របសម្រួល​ដោយ​រលូន​រវាង​ភាគី​ទាំង​ពីរ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ប៉ូលិស​កម្ពុជា​ទេ នោះ​ការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន នឹង​ពិបាក​ខ្លាំង​ណាស់​” ។

ឧត្តមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​រវាង​ប្រទេស​ទាំង​ពីរ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​មាន​ប្រសិទ្ធភាព ដែល​បាន​រួមចំណែក​ដល់​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ប្រកបដោយ​ជោគជ័យ​របស់​អាជ្ញាធរ​កម្ពុជា ។

លោក​បាន​បន្ថែម​ថា កម្ពុជា​នឹង​បន្ត​ព​ន្លឿ​ន​ការ​ស៊ើបអង្កេត​លើ​ករណី​ធំ​ៗ ដើម្បី​ស្រាវជ្រាវ​រក​ខ្សែរយៈ​បណ្តាញ​មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់ ព្រមទាំង​បន្ត​ពន្លាត​នីតិវិធី​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​សម្អាត​ប្រាក់ ដែល​ជា​ផល នៃ​បទល្មើស​គ្រឿងញៀន ដោយ​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ​ផង​ដែរ ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​នឹង​ពង្រឹង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​សារធាតុ​គីមី ដើម្បី​ទប់ស្កាត់​ការ​ផលិត ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន របស់​ក្រុម​ឧក្រិដ្ឋជន ។

ឧត្តមសេនីយ៍ត្រី ង្វៀ​ន វ៉ា​ន់​វៀន បាន​ឲ្យ​ដឹង​ថា កងកម្លាំង​នគរបាល​ទាំង​ពីរ នឹង​បន្ត​ផ្លាស់​ប្តូរ​ព័ត៌មាន​តាម​រយៈ​បណ្តាញ​ទូរ​សព្ទ​បន្ទាន់ ដែល​បាន​បង្កើត​ឡើង នៅ​តាម​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន ប្រទេស​ទាំង​២ ។

នាយកដ្ឋាន​នគរបាល​ទាំង​ពីរ ក៏​នឹង​សហការ​គ្នា​បន្ត​ទៀត ដើម្បី​បង្ក្រាប​បទល្មើស​ឆ្លង​ដែន ពិសេស​បទល្មើស​គ្រឿងញៀន ។ លោក​ឧត្តមសេនីយ៍ត្រី បន្ត​ថា នៅ​មាន​មេខ្លោង​គ្រឿងញៀន ត្រូវ​តាម​ចាប់ខ្លួន​ប្រមាណ ១៦​នាក់​ទៀត ដែល​ពេល​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​លាក់ខ្លួន​នៅ​កម្ពុជា ។

ទាក់ទិន​នឹង​ស្ថានការណ៍​នៅ​ទីក្រុង​ហូ​ជី​មិ​ញ លោក​វរសេនីយ៍ឯក Hoàng Tâm Hiếu នាយករង C04 បាន​និយាយ​ថា គ្រឿងញៀន​ភាគច្រើន​មាន​ប្រភព​ចេញពី​តំបន់ “​ត្រីកោណមាស​” ​ដែល​ជា​តំបន់​ព្រំដែន​រវាង​ប្រទេស​ថៃ ឡាវ និង​មី​យ៉ា​ន់​ម៉ា ឆ្លងកាត់​ប្រទេស​កម្ពុជា និង​ចូល​ប្រទេស​វៀតណាម ។

ការ​នាំ​ចូល​មួយ​ចំនួន ត្រូវ​បាន​ចែកចាយ និង​ប្រើប្រាស់​ក្នុង​ប្រទេស​វៀតណាម ជា​ពិសេស​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ដែល​ជាទី​ផ្សារ​ដ៏​ធំ ខណៈ​ដែល​នៅ​សល់ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត នៅ​ក្នុង​តំបន់ ។

ថ្មី​ៗ​នេះ ទីក្រុង​ហូ​ជី​មិ​ញ រក​ឃើញ​ជា​ច្រើន​ករណី ដែល​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​វៀតណាម ជ្រោក​ក្រោម​វិស័យ​ទេសចរណ៍ ឬ​អាជីវកម្ម និង​បង្កើត​ក្រុមហ៊ុន ដើម្បី​លួចលាក់​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។

កិច្ចប្រជុំ​ទ្វេភាគី កម្ពុជា​-​វៀតណាម នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ