ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុក​ពង​ទាព្រៃ​ស្លាប​.សរក​ឃើញ​នៅ​ខ្ពង់រាប​កម្ពុជា

6 ឆ្នាំ មុន

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​អង្គការ​សមាគម​ន៍​អភិរក្ស​សត្វព្រៃ​(WCS)​ឱ្យ​ដឹង​ថា សំបុក​សត្វ​ទាព្រៃ​ស្លាប​ស​ដែល​មាន​ពង​ចំនួន​៧​គ្រាប់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​អង្គការ​សមាគម​ន៍​អភិរក្ស​សត្វព្រៃ​(WCS)​ឱ្យ​ដឹង​ថា សំបុក​សត្វ​ទាព្រៃ​ស្លាប​ស​ដែល​មាន​ពង​ចំនួន​៧​គ្រាប់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន​៣​នាក់ បាន​រាយការណ៍​មក​កាន់​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ។ សំបុក​ទាព្រៃ​ស្លាប​ស​នេះ​ស្ថិត​នៅ​ក្នុង​ប្រហោង​ដើម​គគីរ​ដែល​មាន​កម្ពស់​ប្រមាណ​១២​ម៉ែត្រ​ពី​ដី និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្បែរ​ភូមិ​សំបូរ ឃុំ​ស្រ​យោង ស្រុក​គូលែន ខេត្តព្រះវិហារ ។

ទាព្រៃ​ស្លាប​ស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ពីព្រោះ​ចំនួន​របស់​ពួក​វា​នៅ​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ការ​រំខាន​នៅ​តាម​ដងព្រែក និង​ការ​បរបាញ់​ជាដើម ។ ទាព្រៃ​ស្លាប​សមាន​ចំនួន​ចន្លោះ​ពី​២៥០-១០០០​ក្បាល​នៅ​លើ​សាកលលោក និង​មាន​វត្តមាន​តិចតួច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​អិុន ឡុ​ង អាយុ​៣៦​ឆ្នាំ ដែល​បាន​រក​ឃើញ​សំបុក​បាន​និយាយ​ថា​«​យើង​បាន​ប្រទះ​ឃើញ​ទាព្រៃ​ស្លាប​ស​មួយ​ក្បាល​នៅ​លើ​ដើមឈើ ពេល​ដើរទៅ​ស្រែ ។ យើង​បាន​រាយការណ៍​ទៅ​កាន់​អង្គការ​WCS​អំពី​ព័ត៌មាន​នេះ ពីព្រោះ​យើង​ដឹង​ថា​វា​ជា​ប្រភេទ​ជិត​ផុត​ពូជ ។ ក្រុម​អ្នក​អភិរក្ស​នៃ​អង្គការ​WCS​បាន​មក​ពិនិត្យ​សំបុក ហើយ​ជួល​ពួក​យើង​ទាំង​៣​នាក់​ឱ្យ​យាម​សំបុក​នេះ ដោយ​ផ្តល់​ឱ្យប្រាក់​កម្រៃ​ឱ្យ​ពួក​យើង​ជា​ការ​តបស្នង ។

យើង​រីករាយ​ក្នុង​ការងារ​ជា​អ្នកយាម​សំបុក ហើយនឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​កុំឱ្យ​មានការ​រំខាន​ពី​មនុស្ស ការ​ប្រមូល​យក​ពង​កូន និង​ពី​ពពួកសត្វ​ស៊ី​សាច់​ជា​អាហារ​មួយ​ចំនួន​ដែល​អាច​ឡើង​ស៊ី​ពង​របស់​វា ។ យើង​រីករាយ​ក្នុង​ការ​បំពេញ​តួនាទី​នេះ ហើយនឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ដើម្បី​សម្រេច​វា​ឱ្យ​បាន​» ។

តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ ដែល​រួម​បញ្ចូល​ទាំង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ឆែប​ផង​ដែរ​នោះ គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះជា​សាកល​ជា​ច្រើន​ប្រភេទ ។ សត្វ​ស្លាប​ទាំង​អស់នោះ​រួម​មាន​ត្រយង​យក្ស ត្រយង​ចង្កំ​កស និង​សត្វ​ត្មាត​៣​ប្រភេទ​ដែល​សត្វ​ស្លាប​ទាំង​អស់នេះ​សុទ្ធតែ​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក សត្វ​ទាព្រៃ​ស្លាប​ស​ដែល​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ។ អង្គការ​WCS​កំពុងធ្វើការ​ងារ​រួម​គ្នា​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នេះ តាម​រយៈ​សកម្មភាព​អភិរក្ស​ជា​ច្រើន ។ កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​គឺជា​គម្រោង​អភិរក្ស​មួយ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ប្រមូល​ពង​កូន​របស់​សត្វ​ស្លាប ។ តាម​រយៈ​គម្រោង​នេះ ប្រជា​សហគមន៍​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​ឆែប ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ប្រសិនបើ​ពួក​គាត់​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ត្រួតពិនិត្យ ការពារ និង​យាម​សំបុក​សត្វ​ស្លាប សំខាន់​ៗ​រហូត​ដល់​ពេល​កូន​វា​ញាស់ ។ ចាប់ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៦ សំបុក​ចំនួន​៣.៨១៣ និង​កូន​សត្វ​ស្លាប​ចំនួន​៦.៨០៦​កូន​ទទួល​បានការ​ការពារ​យ៉ាង​ល្អ​នៅ​ក្នុង​បរិវេណ​ផ្ទៃដី​ប្រមាណ​៤.០០០​គីឡូ​ម៉ែត្រការ៉េ ។

ដោយ​យោង​លើ​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​(Clements et al.2013)WCS​បាន​ប៉ាន់​ប្រមាណ​ថា កូន​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះជា​សាកល​ចំនួន​ប្រមាណ​៣.៧០០​កូន​បន្ថែម​ទៀត បាន​ញាស់​ដែល​ជា​លទ្ធផល​ចេញពី​ការ​ការពារ​សំបុក​នេះ​ដែល​កូន នីមួយ​ៗ​ចំណាយ​អស់ប្រាក់​ប្រមាណ​១៣៤​ដុល្លារ ។

លោក​រស់ វ៉ា​ន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព នៃ​ក្រសួងបរិស្ថាន និង​អង្គការ​WCS​បាន​និយាយ​ថា​«​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន ក្រុម​អ្នក​អភិរក្ស​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង ។ យើង​រីករាយ​ជា​ខ្លាំង​ពេល​ឃើញ​វត្តមាន​មេ​របស់​វា​នៅ​ទីនោះ និង​ពង​បាន​ចំនួន​៧​គ្រាប់​» ។

លោក​រស់ វ៉ា​ន់ បន្ត​ថា​«​ទាព្រៃ​ស្លាប​ស គឺជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​សាកលលោក ដូចនេះ​យើង​ត្រូវ​បាន​បន្ថែម​ការ​អភិរក្ស​ដើម្បី​ការពារ​ពួក​វា​កុំឱ្យ​បាត់បង់ ។ ការ​ការពារ​សំបុក​ពង​កូន និង​ទីជម្រក​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​រស់នៅ និង​បន្ត​ពូជ​របស់​ពួក​វា ។ យើង​បាន​ជួល​អ្នក​ភូមិ​ទាំង​៣​នាក់​នោះ​ឱ្យ​យាម​សំបុក​នេះ​ដើម្បី​កុំឱ្យ​មានការ​រំខាន និង​ការ​ប្រមូល​ពង​កូន​ជាដើម​» ។

កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ទទួល​បានការ​គាំទ្រ​ពី​Akron Zoo​មជ្ឈមណ្ឌល​សំ វាសនា សហភាព​អឺរ៉ុប and Margaret A.Cargill Philanthropies (MACP) ៕