ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនស្ត្រីម្នាក់ ជាមេខ្លោងកេងប្រវ័ញ្ចពលកម្មកុមារ ឲ្យដើរសុំទានតាមផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៧ អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ស្ត្រីជន​សង្ស័យ​ម្នាក់​ឈ្មោះ ភួង ច​ន្នី អាយុ​៥០​ឆ្នាំ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​រក្សា​ទុក​កុមារ​ដោយ​ខុសច្បាប់ ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៧ អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ស្ត្រីជន​សង្ស័យ​ម្នាក់​ឈ្មោះ ភួង ច​ន្នី អាយុ​៥០​ឆ្នាំ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​រក្សា​ទុក​កុមារ​ដោយ​ខុសច្បាប់ ។ ស្ត្រី​ខាងលើ រួម​ជាមួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ មន្ទី​សង្គមកិច្ច​រាជធានី​ភ្នំពេញ អង្គការ​ពន្លក​ថ្មី និង​អង្គការ IJM ធ្វើការ​បង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​សណ្ឋាគារ​កា​ហ្សា ផ្លូវ​៤៧ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ខណៈ​ដែល​ពួក​គេ​បាន​បង្ខំ​ឲ្យ​ក្មេង​ៗ​ដើរ​សុំទាន ហើយ​គេ​នៅ​មួយ​កន្លែង​ចាំ​យក​លុយ​ពី​ក្មេង​ៗ ព្រម​គ្នា​នោះ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ រំដោះ​បាន​កុមារ​រង​គ្រោះ​០៧​នាក់ (​ក្នុង​នោះ​មាន​ទារក​០២​នាក់​) ។ ក្រោយ​ពេល​ឃាត់ខ្លួន ស្ត្រី​ជា​មេខ្លោង​ខាងលើ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រមូល​ក្មេង​ៗ ពី​ឪពុក​ម្តាយ​ក្រីក្រ និង​អ្នក​សុំទាន​ផ្សេង​ទៀត ឲ្យ​មក​នៅ​ជាមួយ​ក្នុង​នាម​ជា​កូនចៅ ឬ​ក្មួយ ដើម្បី​ឲ្យ​ដើរ​សុំទាន ពិតប្រាកដ​មែន ហើយ​រូបគេ​ធ្វើ​បែប​នេះ ប្រហែល​៧​ទៅ​៨​ឆ្នាំ​មក​ហើយ ។ ដោយឡែក​តាម​ការ​រៀបរាប់​របស់​ក្មេង​ៗ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​រំដោះ​បាន បាន​រៀបរាប់​ថា ពួក​គេ​មិន​បាន​រៀនសូត្រ​ទេ ហើយ​ទទួលទាន​អាហារ ក៏​មិន​គ្រប់គ្រាន់​ដែរ និង​ត្រូវ​បាន​ស្ត្រី​ដែល​ឲ្យ​ពួក​គេ​ហៅ​ថា ម៉ែ គំរាម​ឲ្យ​ដើរ​សុំទាន​គ្រប់ពេលវេលា ដោយ​មាន​បី​កូនង៉ា​តូច​ៗ ដែល​មិនមែន​ជា​ប្អូន​របស់​ខ្លួន​ជាប់​ជាមួយ​ផង ហើយ​ពួក​គេ​ត្រូវ​ដើរ​សុំទាន​ទាំង​យប់​ទាំង​ថ្ងៃ ពិសេស​កណ្តាល​ភ្លៀង​ធ្លាក់​ផង​ដែរ ដើម្បី​ទាញ​ក្តី​អាណិតអាសូរ ពី​អ្នក​ឲ្យ​ទាន នៅ​តាម​មាត់ទន្លេ រមណីយដ្ឋាន​វត្ត​ភ្នំ មុខ​សណ្ឋាគារ​កា​ហ្សា មុខ​វត្ត មុខ​វាំង និង​តាម​ស្តុ​ប​កែង​ផ្លូវ​ផ្សេង​ៗ ក្នុង​មួយ​ថ្ងៃ​ពួក​គេ​ត្រូវ​ស្ត្រី​ខាងលើ ដេញ​ឲ្យ​ទៅ​ដើរ​សុំទាន​ឲ្យ​បាន​ចន្លោះ​ពី​១​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល បើ​សុំ​មិន​បាន ឬ​បាន​តិច​ជាង​ចំនួន​កំណត់ ពួក​គេ​នឹង​ត្រូវ​ទទួល​ពិន័យ ២០​រំពាត់ ឬ​ខ្សែភ្លើង​ទូរស័ព្ទ រហូត​មាន​ស្នាម​របួស​តាម​ខ្លួន ក្បាល និង​មុខ ។

បច្ចុប្បន្ន ក្មេង​ៗ​ទាំង​០៧​នាក់​នោះ នៅ​មិន​ទាន់​អាច​រក​ឪពុក​ម្តាយ​ពិតប្រាកដ​ពួក​គេ​ឃើញ​នៅឡើយ​ទេ ហើយ​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ទីរ​សង្គមកិច្ច បាន​យក​ពួក​គេ​ប្រគល់​ឲ្យ​អង្គការ​ពន្លក​ថ្មី ដើម្បី​ចិញ្ចឹម​បីបាច់​មើលថែ​រក្សា និង​ចូល​សាលារៀន​សូត្រ​ផង​ដែរ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត ដែល​អាវុធហត្ថ​ឃាត់​មក​ជាមួយ​គ្នា គ្រាន់តែ​ជួយ​ពរ​កូនង៉ែត​ឲ្យ​គេ និង​មាន​សុខភាព​ទន់ខ្សោយ ព្រោះ​កើត​ជម្ងឺអេដស៍​ធ្ងន់ធ្ងរ​ផង​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​វិញ ៕