ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​តា​លី​បង់ និង​ក្រុមហ៊ុន​ចិន យល់ព្រម​លើ​កិច្ចព្រមព្រៀង​ខួង​យក​ប្រេង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

1 ឆ្នាំ មុន

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់ បាន​ចុះ​កិច្ចសន្យា​ជាមួយ​

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ខួង​យក​ប្រេង​នៅ​ភាគ​ខាងជើង​ប្រទេស ដោយ​វា​បាន​ក្លាយជា​កិច្ចព្រមព្រៀង​ទាញ​យក​ថាមពល​ដ៏​សំខាន់​លើក​ដំបូង ជាមួយ​ក្រុមហ៊ុន​បរទេស ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ក្នុង​ឆ្នាំ ២០២១​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៣​។

លោក Zabihullah Mujahid អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ បាន​និយាយ​ថា កិច្ចព្រមព្រៀង​ទាញ​យក​ប្រេង​នឹង​ត្រូវ​បានឃើញ​ថា ក្រុមហ៊ុន​ចិន Xinjiang Central Asia Petroleum and Gas Company (CAPEIC) ខួង​យក​ប្រេង នៅ​ក្នុង​អាង Amu Darya ។

យោង​តាម​កិច្ចព្រមព្រៀង ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​រហូត​ដល់ ១៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​នឹង​កើនឡើង​ដល់ ៥៤០​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ឆ្នាំ ខណៈ​សេចក្តីថ្លែងការណ៍​បាន​អះអាង​ថា គម្រោង​នេះ ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​សម្រាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ៣​ពាន់​នាក់​។

កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​កា​ប៊ុល ក្រោម​វត្តមាន​របស់​លោក Mullah Abdul Ghani Baradar ឧបនាយករដ្ឋមន្ត្រី​តា​លី​បង់ ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច និង​លោក Wang Yu ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​តា​លី​បង់​។

លោក Wang Yu ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​គូសបញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​រដ្ឋធានី​កា​ប៊ុល​ថា «​កិច្ចសន្យា​ប្រេង Amu Darya គឺជា​គម្រោង​ដ៏​សំខាន់​មួយ​រវាង​ចិន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។

ដោយឡែក បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC បាន​រាយការណ៍​ថា ក្រុមហ៊ុន​រដ្ឋ​ចិន​មួយទៀត ក៏​កំពុង​តែ​ពិភាក្សា​អំពី​ប្រតិបត្តិការ​អណ្តូងរ៉ែ​ស្ពាន់​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ​។

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា កំពុង​អង្គុយ​លើ​ធនធានធម្មជាតិ រួម​ទាំង​ឧស្ម័ន​ធម្មជាតិ ទង់ដែង និង​រ៉ែ​កម្រ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ទុនបំរុង​ភាគច្រើន នៅ​តែ​មិន​ទាន់​បាន​ប្រើប្រាស់​នៅឡើយ ដោយសារ​ភាព​ចលាចល​ជា​ច្រើន​ទស​វត្ស​នៅ​ក្នុង​ប្រទេស​នេះ​។

ទីក្រុង​ប៉េ​កាំ​ង​មិន​បាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​រដ្ឋបាល​តា​លី​បង់ របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ទេ ប៉ុន្តែ​វា​មាន​ផលប្រយោជន៍​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​មួយ​នេះ ដែល​ជា​ចំណុចកណ្តាល​នៃ​តំបន់ ដែល​មាន​សារៈសំខាន់ ចំពោះ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ (BRI) របស់​ប្រទេស​ចិន​។

គួរ​បញ្ជាក់​ថា ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ (BRI) ត្រូវ​បាន​បើក​ដំណើរការ​ដោយ​ប្រធានាធិបតី​ចិន Xi Jinping នៅ​ក្នុង​ឆ្នាំ ២០១៣ ដោយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​កំពង់​ផែ ផ្លូវថ្នល់ និង​ស្ពាន​ជាដើម​៕ (​ដកស្រង់​ចេញពី CNN និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ