ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ពន្យារពេល​អនុម័ត​ច្បាប់​ពលកម្ម បន្ទាប់​ពី​ពលករ​ចំណាកស្រុក​រត់​ចេញ

6 ឆ្នាំ មុន

រដ្ឋាភិបាលយោធា​ថៃ​និយាយ​ថា ពួក​គេ​នឹង​ពន្យារពេល​ការ​អនុម័ត​ច្បាប់​ពលកម្ម​ថ្មី បន្ទាប់​ពី​មាន​ពលករ​ចំណាកស្រុក​រាប់​ពាន់​នាក់​ចាក​ចេញពី​ថៃ​ទៅ​កាន់​ប្រទេស​ជិតខាង​កាលពី​ស​ប្តា​ហ៍​មុន ព្រោះ​ខ្លាច

ទីក្រុង​បាងកក ៖ រដ្ឋាភិបាលយោធា​ថៃ​និយាយ​ថា ពួក​គេ​នឹង​ពន្យារពេល​ការ​អនុម័ត​ច្បាប់​ពលកម្ម​ថ្មី បន្ទាប់​ពី​មាន​ពលករ​ចំណាកស្រុក​រាប់​ពាន់​នាក់​ចាក​ចេញពី​ថៃ​ទៅ​កាន់​ប្រទេស​ជិតខាង​កាលពី​ស​ប្តា​ហ៍​មុន ព្រោះ​ខ្លាច​ត្រូវ​ចាប់ខ្លួន និង​ពិន័យ​ប្រាក់​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្រោម​វិធានការ​ថ្មី ។

ភាព​ចលាចល​នេះ​បង្ក​ឡើង​ដោយ​ប្រទេស​ថៃ​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​លើ​ពលករ​បរទេស​រាប់​លាន​នាក់​ដែល​ចូល​មក​កាន់​សេដ្ឋកិច្ច​របស់​ខ្លួន តាម​រយៈ​ការងារ​ក្នុង​រោងចក្រ ទូក​នេសាទ និង​ការងារ​មាន​ប្រាក់បៀវត្ស​ទាប​ជា​ច្រើន​ទៀត ។

រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ដោយ​យុទ្ធនាការ​ដែល​មាន​គោលដៅ​ចុះ​ឈ្មោះ​ពលករ​ចំណាកស្រុក​ទាំងនោះ និង​ចេញ​វិធានការ​ចុះ​ចាប់​ផ្លូវ​ចំណាកស្រុក​ខុសច្បាប់ ប៉ុន្តែ​ការ​ខិតខំ​នេះ​ភាគច្រើន​មាន​តែ​មួយ​ពេល​ៗ ។

ជា​លទ្ធផល ពលករ​ចំណាកស្រុក​ភាគច្រើន​ក្នុង​ប្រទេស​នេះ​បន្ត​ជា​ពលករ​ខុសច្បាប់ ហើយ​អាច​ជួប​ប្រទះ​នឹង​ការ​ធ្វើបាប ។

កាលពី​ថ្ងៃ​សុក្រ​កន្លង​មក រដ្ឋាភិបាល​និយាយ​ថា ពួក​គេ​នឹង​ពន្យារពេល​ការ​អនុម័ត​ផ្នែក​មួយ​ចំនួន​នៃ​ច្បាប់​ពលកម្ម​បរទេស​ថ្មី​ក្នុង​រយៈពេល​១២០​ថ្ងៃ បន្ទាប់​ពី​វិធានការ​ថ្មី​នេះ​បង្ក​ភាព​ចលាចល​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក ។

ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ពលករ​រាប់​ពាន់​នាក់​ចាក​ចេញពី​ថៃ ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា មី​យ៉ា​ន់​ម៉ា និង​កម្ពុជា ព្រោះតែ​ខ្លាច​ថា ត្រូវ​ចាប់ខ្លួន ហើយ​ជួប​ប្រទះ​នឹង​ការ​ពិន័យ​ប្រាក់​ក្រោម​ច្បាប់​ថ្មី ។ ការ​ពិន័យ​ប្រាក់​នេះ​អាច​មាន​ដល់​ទៅ​៣​ពាន់​ដុល្លារ​ឯណោះ​សម្រាប់​អ្នក​គ្មាន​ប័ណ្ណ​ការងារ ។

នៅ​ក្រោម​ច្បាប់​ថ្មី និយោជក​ក៏​អាច​ត្រូវ​បាន​ពិន័យ​ដល់​ទៅ​២​ម៉ឺន​៤​ពាន់​ដុល្លារ​ឯណោះ​សម្រាប់​ការ​ជួល​ពលករ​ខុសច្បាប់​ម្នាក់ ។

ក្រុម​ការពារ​ព្រមាន​ថា អ្នករត់ពន្ធ​មនុស្ស​តែង​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ចលាចល​ចាក​ចេញពី​ប្រទេស​បែប​នេះ ដោយ​អ្នករត់ពន្ធ និង​ភ្នាក់ងារ​តាម​ព្រំដែន​ទាមទារ​ប្រាក់​ពី​ពលករ​ខុសច្បាប់ ដែល​ព្យាយាម​ស្វែងរក​ផ្លូវ​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។

មេ​ប៉ូលិស​ម្នាក់​ក្នុង​រដ្ឋ Karen របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​និយាយ​ថា ពលករ​ចំណាកស្រុក​ប្រមាណ​៦​ពាន់​នាក់​បាន​ត្រឡប់​ពី​ថៃ មក​ប្រទេស​ខ្លួន​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។

ជាមួយ​គ្នា​នេះ លោក Benjapol Robsawad មន្ត្រី​អន្តោប្រវេសន៍​ថៃ និយាយ​ថា នៅ​ព្រំដែន​កម្ពុជា ពលករ​ចំណាកស្រុក​កាន់តែ​ច្រើន​ឡើង​បាន​ត្រឡប់​មក​វិញ​តាំងពី​ច្បាប់​ថ្មី​អនុម័ត ។

លោក​ប្រាប់​ថា តាំងពី​ថ្ងៃ​ពុធ​មក ពលករ​ជិត​២​ពាន់​នាក់​បាន​ឆ្លង​ព្រំប្រទល់​មក​កាន់​កម្ពុជា តាម​ច្រក​ប៉ោយ​ប៉ែ​ត ៕