ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​នឹង​ប្រកាស​ដាក់ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន​បាន មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ថា ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​ប្រកាស​ដំណើរការ​នៅ​ថ្ងៃ​ទី​១០ កក្កដា ខាង​មុខ ព្រោះ​នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​រហូត​ដល់​៨០​ម៉ឺន​នាក់ ខណៈ​ដែល​បច្ចុប្បន្ន​មាន​ត្រឹម​៦២​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ហេតុនេះ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​៥​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​ចាប់ពី​ឆ្នាំ​នេះ​តទៅ ហើយ​បច្ចុប្បន្ន​មាន​តែ​សាលាបង្រៀន​ធ្វើ​ម្ហូប​ស្វ៊ី​ស និង​សាលា​ឯកជន​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​ទាន់​គ្រប់​តម្រូវការ​ទេ ។ លោក​ថ្លែង​ថា ៖

« យើង​ត្រូវការ​រៀបចំ​ឲ្យ​មាន​វគ្គ​សិក្សា​បន្ថែម​ទៀត ហើយ​ក្រសួង​ការងារ​មាន​ផែនការ មាន​គោល នយោបាយ ប៉ុន្តែ​ក្រសួងទេសចរណ៍​ធ្វើ​តាម​ជំនាញ​របស់​ខ្លួន ព្រោះ ជំនាញ​ទេសចរណ៍​ត្រូវធ្វើ​ខុស​គេ មិន​អាច​ប្រើ​មនុស្ស​គ្មាន​ជំនាញ​ទេ » ។

លោក​បន្ត​ថា ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​នៅ​តាម​បណ្តា​ខេត្ត​នៅ​មាន​បញ្ហា​ច្រើន ខុស​ពី​ស្រុក​គេ គឺ​គេ​មាន​សាលា​បណ្តុះបណ្តាល​នៅ​តាម​ខេត្ត ប៉ុន្តែ​ថ្នាក់ដឹកនាំ​ខេត្ត​នីមួយ​ៗ​នៅ​កម្ពុជា មិន​បាន​គិតគូរ​ពី​បញ្ហា​នេះនោះ​ទេ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា មាន​អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ដឹក​ជញ្ជូន​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ជាង​១​លាន​នាក់ ដោយ​មិន​ទាន់​គិត​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍ និង​ធ្វើ​ការងារ​ដោយ​ប្រយោល​ក្នុង​វិស័យ​នេះ​នៅឡើយ ។ លោក​បន្ត​ថា អ្នកខ្លះ​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​មិន​មាន​ជំនាញ​នោះ​ទេ ប៉ុន្តែ​ក្រសួង​នឹង​រៀបចំ​ឲ្យ​មានការ​វាយតម្លៃ​ទទួលស្គាល់ និង​ប្រគល់​វិញ្ញាបនបត្រ​ជូន​ពួក​គេ និង​ដាក់​ឲ្យ​គណៈកម្មការ​វាយតម្លៃ​ថ្នាក់​ជាតិ​បញ្ជាក់​ពី​គុណវុឌ្ឍិ​ពួក​គេ​មួយ​ជំហាន​ទៀត ទើប​ពួក​គេ​អាច​ធ្វើ​ការងារ​ក្នុង​អាស៊ាន​បាន ។

សហ​ប្រធាន​ក្រុមការងារ​ទេសចរណ៍​ផ្នែក​ឯកជន​លោក លូ ម៉េ​ង បាន​ថ្លែង​ថា កម្ពុជា​ពិតជា​កំពុង​ប្រឈម​បញ្ហា​កង្វះ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ រាប់​ទាំង​ផ្នែក​ចុងភៅ អ្នកធ្វើការ​ងារ​ផ្នែក​បដិ​សណ្ឋារ​កិច្ច មគ្គុទេសក៍​ទេសចរណ៍​ជាដើម ដែល​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កាន់តែ​កើនឡើង ។ លោក​បន្ត​ថា ជំនាញ​ចុងភៅ ក៏​ជា​ជំនាញ​មួយ​មានការ​ខ្វះខាត​ធនធានមនុស្ស​ច្រើន​ដែរ ហើយ​ជំនាញ​នេះ​ទទួល​បាន​ប្រាក់ខែ​ច្រើន ប៉ុន្តែ​មិនសូវ​មាន​យុវជន​កម្ពុជា​ចាប់អារម្មណ៍​ច្រើន​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​ថា ធនធានមនុស្ស​ក្នុង​វិស័យ​នេះ កាន់តែ​មានគុណ​ភាព​ជាង​មុន បើ​ទោះបីជា​មានការ​ខ្វះខាត​មួយ​ចំនួន​ក៏​ដោយ ។ លោក​បន្ត​ថា ៖« សេវាកម្ម​បដិសណ្ឋារកិច្ច​របស់​កម្ពុជា គុណភាព​នៃ​សេវា​ស្នាក់​នៅ​របស់​កម្ពុជា ក៏​មាន​ភាព​ប្រសើរ​ជាង​មុន​ផង​ដែរ និង​អាច​ធៀប​បានជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន » ។

គួរ​បញ្ជាក់​ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ផ្ដោត​សំខាន់​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​បាន​៥​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ ដោយ​កំណត់​ចក្ខុវិស័យ​ច្បាស់លាស់​ចាប់ពី​ឆ្នាំ​២០១៧-២០២៥ ។

ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​នេះ ក្រសួង​នឹង​ដាក់​ចេញ​យន្តការ​ចម្បង​តាម​រយៈ​ការ​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​ទេសចរណ៍ និង​នីតិវិធី​ចាត់ចែង​ប្រើប្រាស់​មូលនិធិ​កម្មវិធី​កម្ចី​និស្សិត ។ ក្នុង​នោះ ក៏​ជា​ឱកាស​ផ្តល់​លទ្ធភាព​ដល់​និស្សិត​ក្រីក្រ​អាច​ទទួល​បានការ​អប់រំ​វិជ្ជាជីវៈ​ជំនាញ និង​ប្រព័ន្ធ​ធានា​ការងារ​ជូន​និស្សិត តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​រវាង​សាលា​មូលដ្ឋាន​អាជីវកម្ម សណ្ឋាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២៥ នេះ​ផង​ដែរ ។

យោង​តាម​របាយការណ៍​អង្គការ​ទេស​-​ចរណ៍ ពិភពលោក​(UNWTO)​និង​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ធ្វើ​ដំណើរ​ពិភពលោក​(WTTC) ឆ្នាំ​២០១៦ វិស័យ​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​កម្ពុជា បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​សរុប​ប្រមាណ​២,៣​លាន​នាក់ ស្មើនឹង​២៧%​នៃ​ការងារ​សរុប ក្នុង​នោះ​ការងារ​ផ្ទាល់​មាន​ប្រមាណ​១,២​លាន​នាក់ ស្មើនឹង​១៤%​នៃ​ការងារ​សរុប ដែល​ការងារ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​៦២​ម៉ឺន​នាក់ ៕