ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រណាំង​ម៉ូតូ​ដ៏​កក្រើក​បាន​លេចឡើង​លើ​ទីលាន​ថ្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ថ្ងៃ​ទី​១ កក្កដា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រណាំង​ម៉ូតូ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​លើ​ទីលានប្រណាំង​យានយន្ត​ទើប​បង្កើត​ថ្មី​ដែល​ត្រូវ​គេ​ឱ្យឈ្មោះ​ថា «​ទីលាន King Track Circuit» ស្ថិត​នៅ

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ថ្ងៃ​ទី​១ កក្កដា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រណាំង​ម៉ូតូ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​លើ​ទីលានប្រណាំង​យានយន្ត​ទើប​បង្កើត​ថ្មី​ដែល​ត្រូវ​គេ​ឱ្យឈ្មោះ​ថា «​ទីលាន King Track Circuit» ស្ថិត​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ម្ដុំ​មណ្ឌល​ឱកាស​ខ្ញុំ ។ កីឡាករ​ប្រណាំង​ម៉ូតូ​អាជីព​ដែល​មាន​ចំនួន​រហូត​ដល់​១២០​រូប បាន​បង្ហាញខ្លួន​ប្រកួតប្រជែង​នៅ​ក្នុង​ថ្ងៃ​នោះ ដោយ​កីឡាករ​ខ្លះ​ត្រូវ​គេ​កត់​សម្គាល់ថា មាន​សមត្ថភាព​អាច​បង្ហោះ​ម៉ូតូ និង​បញ្ជា​ចង្កូត​ម៉ូតូ​បាន​ល្អ​មិន​ចាញ់​កីឡាករ​បរទេស​នោះ​ផង ។

លោក គង់ ធា​រ៉ា ប្រធាន​គ្រប់គ្រង​ព្រឹត្តិការណ៍ប្រចាំ​ទីលាន​King Track Circuit បាន​អះអាង​ថា ដោយ​យល់​ឃើញ​ថា ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ទីលានប្រណាំង​ម៉ូតូ និង​យានយន្ត​ដែល​មាន​ស្ដង់ដារ​នៅឡើយ ទើប​ក្រុមហ៊ុន​របស់​លោក​សម្រេច​វិនិយោគ​លើ​ទឹកប្រាក់​ប្រមាណ​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក​សរុប​ទាំង​ដី និង​ការ​រៀបចំ ដោយ​ទីលាន​ដែល​បាន​ស្ថាបនា​រួចរាល់​នោះ ត្រូវ​លោក​បញ្ជាក់​ថា​មាន​ទំហំ និង​ស្ដង់ដារ​ដូច​គ្នា​នឹង​ទីលានប្រណាំង​ម៉ូតូ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ដូច្នេះ​ដែរ ។ លោក​ថា ប្រៀបធៀប​នឹង​ទីលានប្រណាំង​យានយន្ត​របស់​ប្រទេស​ថៃ ទីលាន​របស់​លោក​នៅ​មិន​ទាន់​អាច​ប្រដូច​នោះ​ទេ ប៉ុន្តែ​សម្រាប់​ទីលាន​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ទីលាន​របស់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី គឺ​អាច​ប្រដូច​គ្នា​បាន​ដោយសារ​តែ​មុន​សាងសង់​គឺ​ក្រុមហ៊ុន​របស់​លោក​យក​គំរូ​តាម​ទីលានប្រណាំង​ម៉ូតូ និង​យានយន្ត​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ល្អ​គួរសម​នៅ​ក្នុង​តំបន់​អាស៊ាន​។ លោក​ថា ទីលាន King Track Circuit  បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ​២​ហិ​កតា ដោយ​ក្នុង​គម្រោង​នឹង​ពង្រីក​ឱ្យ​ដល់​៦​ហិ​កតា​សម្រាប់​គម្រោង​បន្ទាប់ និង​ឱ្យ​ដល់​ជាង​៤០​ហិ​កតា​ប្រសិនបើ​មានការ​គាំទ្រ ឬ​មាន​តម្រូវការ​ច្រើន​ឡើង​ពី​អ្នក​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា ។

ទីលាន​នេះ​លោ​កថា​បង្កើត​ឡើង​ក្នុង​គោលបំណង​សហការ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ត​លើ​ផ្ទៃរាប​របស់​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ជាទី​តាំង​ឱ្យ​អ្នក​ប្រណាំង​ម៉ូតូ​មាន​កន្លែង​ហាត់​សម និង​ប្រកួត​គ្នា​ដោយ​ពេញ​លក្ខណៈ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​ពេល​អ្នក​អាជីព​ទាំងនោះ​បាន​ជ្រើស​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ប្រណាំង​គ្នា ឬ​ជ្រើសយក​ទីតាំង​ឆ្ងាយ​ៗ​ដូច​ជា​នៅ​កំពត​ជាដើម​ដើម្បី​អាច​ប្រណាំង​គ្នា​បាន ។ មក​ទល់​សព្វថ្ងៃ​អ្នកជំនាញ​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​៣០០​នាក់​ដោយ​អ្នកជំនាញ​ទាំងនោះ​មិន​ទាន់​ត្រូវ​បាន​ប្រមូល​ដោយ​ក្លិប ឬ​ចងក្រង​ជា​ក្រុម​នៅឡើយ ដោយ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​នៅ​រាយ​ប៉ាយ ដោយសារ​តែ​គ្មាន​ទីលាន​អំណោយផល​ណាមួយ​ឱ្យ​ពួក​គេ​ប្រមូលផ្ដុំ​គ្នា និង​បង្ហាញ​សមត្ថភាព​ទាំងអស់ ។ អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា វត្តមាន​ទីលាន King Track Circuit ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ផ្លូវ​ច្រកចូល​មណ្ឌល​ឱកាស​ខ្ញុំ​ចុះ​ពី​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ គឺជា​ការ​ចាប់ផ្ដើម​មួយ​ដ៏​សំខាន់​ដើម្បី​ឱ្យ​អ្នកមាន​ជំនាញ​បង្ហោះ​ម៉ូតូ​បាន​ជួបជុំ​គ្នា និង​បង្អួត​សមត្ថភាព​គ្នា​នៅ​លើ​ទីលាន​ស្ដង់ដារ ។

លោក​ថា ទីលាន King Track Circuit មិន​ទាន់​ដំណើរការ​បើក​ទទួលភ្ញៀវ​នៅឡើយ​ទេ បើ​ទោះជា​បាន​សាកល្បង​ឱ្យ​កីឡាករ​រហូត​ដល់​១២០​រូប​បាន​ជុំ​គ្នា​បង្ហោះ​ម៉ូតូ​យ៉ាង​គគ្រឹកគគ្រេង​ឡើង​ផ្អើល​មហាជន​នោះ​ក៏​ដោយ ។ លោក​ថា ការ​រៀបចំ​នឹង​ត្រូវធ្វើ​ឡើង​មួយ​ប្រាវ​ទៀត​សិន ដោយ​គ្រោង​នឹង​សាងសង់​អាហារ​ដ្ឋា​ន និង​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ​ជា​មុន​សិន ទើប​អាច​បើកទ្វារ​ទទួលភ្ញៀវ ហើយនឹង​ទទួល​ឱ្យ​បាន​ពេញលេញ​រាល់ថ្ងៃ​នោះ​ផង ធ្វើ​យ៉ាងណា​ឱ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អ្នកជំនាញ​ម៉ូតូ ។ លោក​ថា​ទីលាន King Track Circuit នឹង​ធ្វើ​ឱ្យ​ក្លាយជា​ទីលានប្រណាំង​ម៉ូតូ​ដែល​អាច​ឆ្លើយ​តប​នឹង​កីឡា​ប្រណាំង​យានយន្ត​លើ​វាលរាប​សម្រាប់​គម្រោង​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។

លោក​ថា មុន​ឆ្នាំ​២០២៣​ទីលាន​មួយ​នេះ​នឹង​ក្លាយជា​ទីលាន​ដែល​អាច​ទទួល​ប្រណាំង​ម៉ូតូ​ក៏​បាន យានយន្ត​ក៏​បាន ហើយ​ប្រណាំង​បានជា​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង ដើម្បី​ឱ្យ​កីឡាករ​មួយ​នេះ​អាច​ប្រកួតប្រជែង​នឹង​បរទេស​បាន ។ ទោះបី​យ៉ាងណា​លោក​ថា ទីលាន King Track Circuit នឹង​បើកទ្វារ​ទទួល​អតិថិជន​បាន​មិនយូរ​នោះ​ទេ ដោយ​លោក​យល់​ថា​អាច​នឹង​ប្រើ​ពេល​មិន​លើស​ពី​ច្រើន​ស​ប្ដា​ហ៍​នោះ​ផង ដើម្បី​ឱ្យ​កីឡាករ​ប្រណាំង​ម៉ូតូ​អាច​ប្រើប្រាស់​បាន ។

លោក គង់ ធា​រ៉ា បាន​អះអាង​ថា ទីលាន King Track Circuit នឹង​ប្រើ​សម្រាប់​ជួល​ឱ្យ​អ្នក​ចង់​ប្រណាំង​ម៉ូតូ​លេង និង​ប្រើ​សម្រាប់​ឱ្យ​អ្នក​មិន​ទាន់​ចេះ​ស្ទាត់​អាច​ហ្វឹកហាត់​បាន ។

លោក​នឹង​ជួល​អ្នកជំនាញ​ផ្នែក​ប្រណាំង​ម៉ូតូ និង​ដាក់​ម៉ោង​កំណត់​ក្នុង​ការ​បង្វឹក ដើម្បី​ឱ្យ​អ្នកមាន​ឆ​ន្ទះ​ចង់​ក្លាយជា​អ្នក​ប្រណាំង​ម៉ូតូ​អាច​ក្លាយជា​អ្នកជំនាញ​ពិតប្រាកដ ដោយ​មិនមែន​ចេះ​អត់​គ្រូ​ហើយ​ប្រឈម​គ្រោះថ្នាក់​ដូច​ពេល​កន្លង​មក ។

មក​ទល់​ម៉ោង​នេះ មានការ​ចាប់អារម្មណ៍​ស្នើ​ឱ្យ​លោក​បើក​ទីលាន​ប្រកួត និង​ឱ្យ​បង្វឹក​កីឡាករ​ច្រើន​ឡើង ទើប​លោក​យល់​ថា ការ​ដំអក់​ក្នុង​ការ​បើកទ្វារ​នឹង​មិន​មាន​រយៈពេល​វែង​នោះ​ទេ គឺ​នឹង​ព​ន្លឿ​ន​ការ​សាងសង់​អាហារ​ដ្ឋា​ន និង​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​សម្រួល​ការងារ​ដូច​រៀបរាប់​ខាងលើ ។ លោក​ថា លោក​នឹង​រៀបចំ​ទីលាន​មួយ​នេះ​ឱ្យ​ក្លាយជា​គ្រឹះ​របស់​កីឡា​យានយន្ត​លើ​វាលរាប ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​មានការ​រីក​ចម្រើន​ដើម្បី​អាច​បណ្ដុះ​ធនធាន​កីឡាករ​តម្រូវ​តាម​ស៊ី​ហ្គេ​ម​២០២៣​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ លោក​បង្ហាញ​ការ​រំពឹង​ខ្ពស់​ថា ទីលាន​ដែល​លោក​បង្កើត​ឡើង​នឹង​ក្លាយជា​ការ​ប្រមូលផ្ដុំ​របស់​អ្នកជំនាញ​ប្រណាំង​ម៉ូតូ​អាជីព ដោយ​ផ្អែក​តាម​ការ​បើក​បង្ហាញ​កាលពី​ថ្ងៃ​ទី​១ កក្កដា គឺ​មាន​កីឡាករ​មក​ពី​គ្រប់​ទិស​ទី​រហូត​ដល់​១២០​នាក់​មក​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព ដែល​លោក​យល់​ថា នេះ​គ្រាន់តែ​ការ​សាកល្បង​តែ​មាន​ចំនួន​ច្រើន ។

លោក​ថា កីឡាករ​ដែល​បាន​បង្ហាញខ្លួន​ប្រណាំងម៉ូតូ​ជា​លក្ខណៈ​មិត្តភាព​នោះ​គឺ​មក​ប្រកួត​ដោយ​បេះដូង និង​ការ​ស្រឡាញ់​ទាំងអស់ ដោយសារ​តែ​កម្មវិធី​អត់​មាន​រៀបចំ​ជា​ប្រាក់​រង្វាន់ និង​ពាន​លើកទឹកចិត្ត​អ្វី​ទេ ប៉ុន្តែ​កីឡាករ​ម្នាក់​ៗ​បាន​ស្ម័គ្រចិត្ត​ប្រកួត​គ្នា​បញ្ចេញស្នាដៃ​ធ្វើ​ឱ្យ​អ្នកជំនាញ​កត់សម្គាល់​ឃើញ​អ្នក​ប្រណាំង​ម៉ូតូ​បាន​ល្អ​។ លោក​ថា ទីលាន​របស់​លោក​នឹង​ធ្វើការ​ឱ្យ​ស្និទ្ធស្នាល​បំផុត​ជាមួយ​សហព័ន្ធ​យានយន្ត​លើ​វាលរាប​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ ឱ្យ​មាន​កម្រិត​ប្រកួតប្រជែង​ដូច​ប្រទេស​ជិតខាង ៕