ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ អាច​នឹង​ដាក់​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​លើ​ដែកថែប​នាំ​ចូល​ក្នុង​ពេល​ឆាប់​ៗ​នេះ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​ដាក់​ពន្ធ​យ៉ាងធ្ងន់ធ្ងរ​លើ​ការ​នាំ​ចូល​ដែកថែប​ពី​ប្រទេស​ដទៃ ដោយ​អះអាង​ថា

សហរដ្ឋអាមេរិក ៖ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​ដាក់​ពន្ធ​យ៉ាងធ្ងន់ធ្ងរ​លើ​ការ​នាំ​ចូល​ដែកថែប​ពី​ប្រទេស​ដទៃ ដោយ​អះអាង​ថា ដែកថែប​ទាំងនោះ​ផ្តល់​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ ។

ពន្ធ​នោះ​អាច​នឹង​មាន​កម្រិត​ខ្ពស់​តាម​ចិត្ត​របស់​លោក ត្រាំ ហើយ​ក៏​បង្ក​ការ​សងសឹក​ពី​ប្រទេស​ដទៃ ដែល​ប៉ះពាល់​ដល់​វិស័យ​ដទៃ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ។

លោក Edward Alden មក​ពី Council on Foreign Relations និយាយ​ថា ៖ « វា​អាច​ជា​ការ​សម្រេចចិត្ត​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​សំខាន់​ជាងគេ​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មកនេះ ។ វា​ពិតជា​សំខាន់​ខ្លាំង​ណាស់ » ។

លោក Wilbur Ross រដ្ឋលេខាធិការ​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក និយាយ​ថា ក្រុមការងារ​របស់​លោក​នឹង​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដែកថែប​នាំ​ចូល​នា​ចុងខែ​មិថុនា ។

អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគិន​នៅ Wall Street ជឿជាក់​ថា ការ​ដាក់​ពន្ធ​នឹង​កើត​មាន​ឡើង ។ អ្វី​ដែល​សំខាន់ តើ​វា​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា និង​លើ​ប្រទេស​ណាខ្លះ ។

កា​ណា​ដា ម៉ិ​ក​ស៊ិ​ក ប្រេ​ស៊ី​ល សហភាព​អឺរ៉ុប និង​ជប៉ុន ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​ដែកថែប​ធំ​ៗ​មក​កាន់​សហរដ្ឋអាមេរិក ។ ចិន​ត្រូវ​បាន​លោក​ត្រាំ រិះគន់​យ៉ាង​ខ្លាំង​ថា លក់​ចេញ​ដែក​ថែប​ក្នុង​តម្លៃ​ដ៏​ទាប ហើយ​ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ​១១​កាលពី​ឆ្នាំ​មុន និង​អាច​ជា​គោលដៅ​ធំ​ជាងគេ បើ​យោង​តាម​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម ។

មន្ត្រី​មក​ពី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​និយាយ​ថា អាជីវកម្ម​ក្នុង​ប្រទេស​គួរតែ​ជឿជាក់​ថា លោក​រដ្ឋលេខាធិការ Ross ផ្តល់​យោបល់​ទៅ​កាន់​ប្រធានាធិបតី​ដោយ​មាន​វិធីសាស្ត្រ និង​សម​ហេតុផល។

ច្បាប់​ឆ្នាំ​១៩៦២​របស់​សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​លោក Ross ចៀសវាង​គណៈ​ចៅក្រម​ឯករាជ្យ​របស់​ប្រទេស​នេះ និង​សម្រេចចិត្ត​ដាក់​ពន្ធ​លើ​ដែកថែប​ដោយ​ខ្លួនឯង ។ ដោយ​ប្រើប្រាស់​សន្តិសុខ​ជាតិ រដ្ឋាភិបាល​លោក ត្រាំ មាន​អំណាច​សម្រេច​លើ​កម្រិត​ពន្ធ​ទាំងនោះ ។

រដ្ឋាភិបាល​លោក ត្រាំ អះអាង​ថា សហរដ្ឋអាមេរិក​ពឹងផ្អែក​ខ្លាំង​ពេក​លើ​ដែកថែប​បរទេស​សម្រាប់​ការ​ផលិត​សព្វាវុធ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ផ្លូវថ្នល់ និង​ស្ពាន​។ ពួក​គេ​បន្ត​ថា ប្រសិន​បើ​ប្រទេស​ផលិត​ដែកថែប​បញ្ឈប់​ការ​លក់​ដែកថែប​មក​ឲ្យ​សហរដ្ឋអាមេរិក នោះ ប្រទេស​នេះ​នឹង​មិន​អាច​ផលិត​រថក្រោះ ឬ​សព្វាវុធ​សំខាន់​ៗ​ដើម្បី​ការពារ​ខ្លួន​ទេ ។

ប៉ុន្តែ​អ្នកដឹកនាំ​ក្នុង​វិស័យ​ដែកថែប​អា​មេ​រិ​កបាន​ជំរុញ​លោក ត្រាំ ឲ្យ​ដោះស្រាយ​បញ្ហា​ការ​ប្រកួតប្រជែង​ពី​បរទេស ។

លោកស្រី Barbara Smith អគ្គនាយក​របស់ Commercial Metals Company និយាយ​កាលពី​ខែឧសភា​ថា ក្រុមហ៊ុន​របស់​លោកស្រី​បាន​បិទ​ទីតាំង​នៅ​សហរដ្ឋអាមេរិក​ចំនួន​៣០​កន្លែង​ហើយ​តាំងពី​ឆ្នាំ​២០០៨ និង​បញ្ឈប់​បុគ្គលិក​អស់​៤​ពាន់​នាក់​ព្រោះតែ​ការ​ប្រកួតប្រជែង​ពី​បរទេស ។

តម្លៃ​ដែកថែប​ដ៏​ខ្ពស់​របស់​អា​មេ​រិ​ក និង​ការ​ប្រកួតប្រជែង​ពី​បរទេស​កើនឡើង​បាន​ជំរុញ​ដល់​ការ​បាត់បង់​ការងារ​នៅ​សហរដ្ឋអាមេរិក​។ ការងារ​ក្នុង​វិស័យ​នេះ​នៅ​ឆ្នាំ​២០០០ មាន​ដល់​៦២​ម៉ឺន​៤​ពាន់ ប៉ុន្តែ​ពេល​នេះ​ស្មើ​តែ​៣៨​ម៉ឺន​៥​ពាន់​ប៉ុណ្ណោះ ៕​