ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋានធម្មជាតិ​ថ្មី​មួយ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​1​ម៉ឺន​នាក់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយ​កន្លែង​នៅ​ក្នុងស្រុក​ប្រាសាទបាគង បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ដ​ជា​រៀងរាល់ថ្ងៃ ដែល​ផ្ដល់​ប្រយោជន៍​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយ​កន្លែង​នៅ​ក្នុងស្រុក​ប្រាសាទបាគង បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ដ​ជា​រៀងរាល់ថ្ងៃ ដែល​ផ្ដល់​ប្រយោជន៍​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ។

រមណីយដ្ឋាន​ទើប​បង្កើត​ឡើង​នេះ​មាន​លក្ខណៈ​ជា​បឹង និង​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃឈើ​ជុំវិញ តាម​រយៈ​ការ​បម្រើសេវា​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍​នានា​ជូន​ភ្ញៀវ​ដែល​មក​សម្រាក​កម្សាន្ត​នៅ​ទី​នេះ ។

លោក អ៊ូ បញ្ញា ប្រធាន​សហគមន៍​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ត្រាវ​កុ​ដ ស្ថិត​នៅ​ក្នុង​ឃុំ​បា​ល័​ង្គ ស្រុក​ប្រាសាទបាគង និង​ជា​ស្ថាបនិក​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ឱ្យ​ដឹង​ថា រមណីយដ្ឋាន​នេះ​កាលពីមុន​មាន​តែ​តូប ឬ​ខ្យូ​ស​ពីរ​បី​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក ដោយសារ​តំបន់​នេះ​ភ្ជាប់​ទៅ​រមណីយដ្ឋាន​សំខាន់​ៗ​ក្នុង​ខេត្តសៀមរាប ជា​ពិសេស ភ្ជាប់​ទៅ​រមណីយដ្ឋាន​ភ្នំ​គូលែន បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ជា​បន្តបន្ទាប់ រហូត​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ពង្រីក​តូប ឬ​ខ្យូ​ស ព្រម​ជាមួយ​ការ​រៀបចំ​ឱ្យ​មាន​កន្លែង​លេង​ទឹក និង​កន្លែង​កម្សាន្ត​ផ្សេង​ទៀត ។

លោក​ថា ៖ « បច្ចុប្បន្ន​នេះ មាន​ភ្ញៀវ​មក​ជា​ហូរហែ​សម្រាកលំហែ​នៅ​តំបន់​រមណីយដ្ឋាន​មួយ​នេះ ក្នុង​នោះ ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ប្រមាណ​ពី​៤០០ ទៅ​៥០០​នាក់ តែបើ​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក​មាន​ភ្ញៀវ​មក​ទស្សនា​ជាង​១​ពាន់​នាក់ ។ ដោយឡែក នៅ​ថ្ងៃ​បុណ្យ​ជាតិ​ធំ​ៗ ដូច​ជា បុណ្យ​ភ្ជុំបិណ្ឌ ចូល​ឆ្នាំ និង​បុណ្យ​ផ្សេង​ទៀត​ដែល​ឈប់​សម្រាក​ច្រើន​ថ្ងៃ​នោះ មាន​ភ្ញៀវ​ទេសចរ​មក​លេង​រហូត​ដល់​៥​ពាន់​នាក់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ទទួល​បាន​ចំណូល​បន្ថែម​ពី​ការ​លក់​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍​ផ្សេង​ទៀត » ។

លោក​បន្ត​ថា មិន​ត្រឹមតែ​ពលរដ្ឋ​ដែល​លក់​ម្ហូបអាហារ ឬ​សេវាកម្ម​ទេសចរណ៍​នៅ​ទីនោះ​ប៉ុណ្ណោះ​ទេ​ដែល​ទទួលផល​ប្រយោជន៍ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍ ក៏​បាន​អត្ថ​ប្រយោជន៍​ពី​តំបន់​ទេសចរណ៍​នេះ​ដែរ​។ ជាក់ស្ដែង យោធិន​ពិការ​ដែល​រស់នៅ​ជិត​រមណីយដ្ឋាន​នោះ​បាន​ដាំ​បន្លែ ចិញ្ចឹម​មាន់ ទា ឬ​ជ្រូក​ដើម្បី​លក់​ជូន​ម្ចាស់​តូប ឬ​ខ្យូ​ស​ធ្វើ​ជា​ម្ហូប​ជូន​ភ្ញៀវ ។

ម្យ៉ាងទៀត ដោយសារ​តែ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នេះ ក៏​នៅ​ជាប់​គម្រោង​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​ថ្មី​ក្នុង​ខេត្តសៀមរាប ទើប​មាន​ក្រុមហ៊ុន​អចលនទ្រព្យ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​មក​ទិញ​ដី​ត្រៀម​សាងសង់​ផ្ទះ​លំហែកាយ និង​ផ្ទះសំណាក់ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ដែល​ចុះ​ពី​ភ្នំ​គូលែន ឬ មក​លេង​នៅ​រមណីយដ្ឋាន​ត្រាវ​កុ​ដ បើសិន​មិន​ចង់​ត្រឡប់​ទៅ​សម្រាក​នៅ​ទីក្រុង​វិញ ។

លោក​បន្ថែម​ថា ដោយ​មាន​បឹង​ព័ទ្ធ​ជុំវិញ​ជាង​៥០​ហិ​កតា មាន​មច្ឆជាតិ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​បឹង​នោះ ហើយ​អ្វី​ដែល​ពិសេស​សម្រាប់​បឹង​ធម្មជាតិ​មួយ​នេះ គឺ​មាន​ប្រភព​ទឹក​ពី​ជ្រោះ​ភ្នំ​គូលែន ហូរ​កាត់​លិង្គ​មួយ​ពាន់​របស់​ព្រះ​សិវៈ ដែល​ពលរដ្ឋ​ជា​ច្រើន​មាន​ជំនឿ​ថា ជា​ទឹក​ស័ក្ដិសិទ្ធិ ប៉ុន្តែ​អ្វី​ជា​ឧបសគ្គ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា គឺ​គ្មាន​ផ្លូវ​កាត់​ពី​រមណីយដ្ឋាន​តំបន់​អង្គរ ឬ​ពី​ទីក្រុង​សៀមរាប ។ ដូចនេះ បើសិនជា​អាជ្ញាធរ​ដែនដី​ជួយ​សម្រួល​សាងសង់​ផ្លូវ​កាត់​ពី​អង្គរ​ឃ្យូ​ង​យូ មក​ផ្លូវ​ហា​វ៉េ វា​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​មក​ទស្សនា​កាន់តែ​ច្រើន ។

លោក​ថា ៖ « បច្ចុប្បន្ន ផ្លូវ​ចូល​មក​កាន់​តំបន់​រមណីយដ្ឋាន​ត្រាវ​កុ​ដ ជា​ផ្លូវ​វាង​បន្តិច​ពី​ទីក្រុង​សៀមរាប ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ខ្លះ​ស្ទាក់ស្ទើរ​ក្នុង​ការ​មក​ទស្សនា តែ​បើសិនជា​មាន​ផ្លូវ​កាត់​ដូច​អ្វី​ដែល​ប្រជា​សហគមន៍​ចង់បាន​នោះ ភ្ញៀវ​នឹង​មក​ច្រើន និង​បន្ថែម​ចំណូល​ដល់​ប្រជា​សហគមន៍​កាន់តែ​ច្រើន » ៕