ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ចុះ​ទឹក​ក្រពើ​ ឡើង​លើ​ខ្លា​ទៀត​ហើយ​ទេ​​ដឹង? រឿងពលករខ្មែរទៅថៃ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​រាប់រយនាក់​ក្នុង​១​ថ្ងៃ​ៗ បាន​វិល​ត្រឡប់​ពី​ថៃ​មក​ធ្វើ​លិខិតឆ្លង​ដែន​ប្រភេទ​ការងារ​តម្រូវ​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ថៃ ដែល​មានការ​រឹត​បន្តឹង​ចំពោះ​ពលករ​ខុសច្បាប់ ។ ជាមួយនឹង​ការ​វិល​ត្រឡប់​មក​ធ្វើ​លិខិតឆ្លងដែន​ប្រភេទ​ការងារ​នេះ ពលករខ្មែរ​ទាំងនោះ​បាន​រអ៊ូរទាំ​ថា តម្លៃ​លិខិតឆ្លងដែន​ថ្លៃ​ម្ល៉េះ? កា​រលើកឡើង​​បែប​នេះ គឺ​ខណៈ​ពួក​គាត់​ចុះ​ពី​

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​រាប់រយនាក់​ក្នុង​១​ថ្ងៃ​ៗ បាន​វិល​ត្រឡប់​ពី​ថៃ ​មក​ធ្វើ​លិខិតឆ្លង​ដែន​ប្រភេទ​ការងារ​តម្រូវ​ទៅ​តាម​ច្បាប់​​អន្តោប្រវេសន៍​ថ្មី​របស់​ថៃ ដែល​មានការ​រឹត​បន្តឹង​ចំពោះ​ពលករ​ខុសច្បាប់ ។ ជាមួយនឹង​ការ​វិល​ត្រឡប់​មក​ធ្វើ​លិខិតឆ្លងដែន​ប្រភេទ​ការងារ​នេះ ពលករខ្មែរ​ទាំងនោះ​បាន​រអ៊ូរទាំ​ថា តម្លៃ​លិខិតឆ្លងដែន​ថ្លៃ​ម្ល៉េះ? កា​រលើកឡើង​​បែប​នេះ គឺ​ខណៈ​ពួក​គាត់​ចុះ​ពី​រថយន្ត​ទ្រុង​របស់​ថៃ នៅ​ទីតាំង​ទទួល​ពលករដែល​បញ្ជូន​ពី​ថៃ​នៅ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ។

ពលករ​ម្នាក់​ឈ្មោះ សេន ចាន់​ថុ​ល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​កម្មករ​សំណង់​ធ្វើ​ការ​នៅ​ខេត្ត​សា​រ៉ា​ក់បូ​រី និង​មាន​ទីលំនៅ​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី និយាយ​ថា គាត់​បាន​វិល​ត្រឡប់​ពី​ថៃ​ជាមួយ​ពលករ​ធ្វើ​ការ​ជាមួយ​គ្នា​សរុប​១៣៥​នាក់ ដើម្បី​មក​ធ្វើ​លិខិត​ឆ្លងដែន​ប្រភេទ​ការងារ ។ លិខិតឆ្លងដែន​ប្រភេទ​ការងារ​នោះ​មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ និង​មាន​ទិដ្ឋាការ​រយៈពេល​២​ឆ្នាំ តម្លៃ​៣១.០០០​បាត​(​ប្រាក់​ថៃ​) បើ​គិត​ជា​ប្រាក់​ខ្មែរ​គឺ​ជាង​៣​លាន​រៀល ។

ពលករ​រូប​នេះ​និយាយ​ទៀត​ថា ពលករ​គ្រប់រូប​មិន​មាន​ប្រាក់​ផ្ទាល់ខ្លួន​ធ្វើ​ទេ គឺ​ថៅកែ​ថៃ​ជា​អ្នក​ចេញ​ជំនួស ប៉ុន្តែ​គេ​នឹង​កាត់​ប្រាក់​រាល់​ខែ​ពេល​ពួក​គាត់​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ទឹកដី​ថៃ​វិញ ។ មិនមែន​មាន​តែ​ពលករ​ម្នាក់​ទេ​ដែល​ចង់​និយាយ​ពី​បញ្ហា​ផ្សេង​ៗ​ប្រាប់​អ្នក​កាសែត​នោះ ប៉ុន្តែ​នៅ​កន្លែង​ធ្វើ​លិខិតឆ្លងដែន​ការងារ ហាក់​មាន​អ្នក​រារាំង​ខ្សឹបខ្សៀវ មិន​ឱ្យ​ពលករ​និយាយ​ជាមួយ​អ្នកកាសែត​ទេ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ព្យាយាម​នាំ​ពលករ​ចេញ​បញ្ចៀស​ពី​ការ​សួរនាំ​ទៀត​ផង ។

ពលករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង និយាយ​ថា គាត់​បាន​ទៅ​ធ្វើ​​លិខិតឆ្លងដែន​ការងារ នៅ​រាជធានី​ភ្នំពេញ​រួចហើយតាម​រយៈ​ក្រុមហ៊ុន​ខ្មែរ​មួយ​អស់់​៣០.០០០​បាត​(​ប្រាក់​ថៃ​) បើ​គិត​ជា​ប្រាក់​ខ្មែរ​ជាង​៣​លាន​រៀល​ ។

ពលករ​រូប​នេះ​អះអាង​ថា គាត់​ពុំ​មាន​ប្រាក់​ធ្វើ​លិខិតឆ្លងដែន​ទេ គឺ​ថៅកែ​ថៃ​ជា​អ្នក​ចេញ​ប្រាក់​ធ្វើ​លិខិតឆ្លងដែន​ឱ្យ​ដូច​គ្នា ប៉ុន្តែ​សោ​ហ៊ុយ​ចុះឡើង​ស្នាក់​នៅ និង​ការ​ចាយវាយ​ជា​ប្រាក់​ខ្លួនឯង​ដូច​ពលករ​ទាំងអស់​ដែរ ។ នៅ​ពេល​ក្រុម​ពលករ​ចុះ​ពី​រថយន្ត​នៅ​ទីតាំង​ទទួល​ពលករ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃេ​ី​ញ​មាន​អ្នក​ចាំ​ទទួល​ដឹក​តាម​រថយន្ត​ផ្សេង​ៗ​ដើ​ម្បី​យក​ទៅ​ធ្វើ​លិខិតឆ្លងដែន​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​ឃើ​ញ​អ្នកកាសែត​ថតរូប​ភាព ឬ​សាកសួរ​អ្នក​ចាំ​ទទួល​ពលករ ពួក​គេ​បែរជា​បដិសេធ​ថា ខ្លួន​គ្រាន់តែ​ជួយ​រក​រថយន្ត​ឱ្យ​ពលករ​ជិះ​ទៅ​ភ្នំពេញ​ប៉ុណ្ណោះ ។

ក្រុម​ពលករ​បាន​រអ៊ូរទាំ​ថា ថ្វី​ដ្បិតតែ​ប្រាក់​ធ្វើលិខិតឆ្លងដែន​គឺ​ថៅកែ​ថៃ​ជា​អ្នក​ចេញ​ជំនួស ប៉ុន្តែតម្លៃ​នេះ​ថ្លៃ​ណាស់​សម្រាប់​ពួក​គាត់​ជា​អ្នក​ក្រីក្រព្រោះ​ពេល​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​ឱ្យ​ថៃ​វិញ គេនឹង​កាត់​ប្រាក់ខែ​រហូត អាច​ប៉ះពាល់​ដល់​ជីវភាពគ្រួសារ​ពួក​គាត់​ដែល​នៅ​ស្រុក​ខ្មែរ​ជាក់​ជា​មិនខាន ។ បើ​គិត​ពី​តម្លៃ​ធ្វើ​លិខិតឆ្លងដែន​ការងារគិត​ជា​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​ឃើញ​ថា​ថ្លៃណាស់​រហូត​ជាង​៣​លាន​រៀល គឺ​ប្រមាណ​៨០០ដុល្លារ​ទៅ​ហើយ ។

ក្រុម​ពលករ​ខ្មែរ​ទាំងនេះ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ជាតិ​ដែល​បម្រើ​ឱ្យ​ការ​ធ្វើ​លិខិតឆ្លងដែន​នេះ តើ​ពិតជា​យក​តម្លៃ​ដូចនេះ​មែនឬ​ក៏​អត់ តាម​រយៈ​អ្នក​រត់ការ​ដែល​ទៅ​ទទួល​ពួក​គាត់​តាំងពី​មាត់ច្រក​ទ្វារ​ព្រំដែន​នោះ ។ ពួក​គាត់​សំណូមពរ​រាជរដ្ឋាភិបាល ប្រកាស​ជា​សារាចរ​លើ​តម្លៃ​ធ្វើ​លិខិតឆ្លងដែន​ការងារ​នេះ​ឱ្យ​បានដឹង​ជា​ទូទៅ​ផង​ដើម្បី​ពួក​គាត់​ក៏​ដូច​ជា​ពលករ​ផ្សេង​ៗ​ទៀត​រាប់​ពាន់​នាក់ ដែល​នឹង​ត្រូវ​វិល​ត្រឡប់​ពី​ថៃ​មក​ធ្វេ​ី​នា​ពេល​ខាង​មុខ ឲ្យ​មានការ​កក់ក្តៅ​ក្នុង​ចិត្ត ។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ពោលគឺ​ក្រោយ​ពី​ព្រះមហាក្សត្រ​ថៃ បាន​ចេញ​ព្រះរាជក្រឹត្យ​ដល់​ក្រសួង​ពាក់ព័ន្ធ​ដែល​ធ្វើការ​ងា​រលើពលករ​បរទេស ផ្សព្វផ្សាយ​ច្បាប់់​ថ្មី​៨​ចំណុច​ដោយ​មានការ​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ង​រលើ​ពលរដ្ឋ​ថៃ​ណាដែល​ទទួល​ពលករ​បរទេស​ធ្វើការ​ខុសច្បាប់ និងត្រូវ​ពិន័យ​ពី​៤​សែន​បាត​ដល់​៨​សែន​បាត និង​មានទោស​ជាប់​ពន្ធនាគារ​ផង​នោះ ក្រុម​ពលករ​ខ្មែរ​ដែល​ចូល​ទៅ​ធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​តាម​រោងចក្រ ឬ​សហគ្រាស​តូច​ធំ ពិសេស​កម្មករ​សំណង់​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ដើ​ម្បីធ្វើ​លិខិតឆ្លងដែន​ការងារ ។ ប៉ុន្តែ​ពេល​មក​ដល់​ស្រុក​អារញ្ញ ត្រូវ​បាន​តម្រួត​ថៃ​ឱ្យ​ចុះ​ពី​រថយន្ត​ធម្មតា​ឡើ​ង​ជិះ​រថយន្ត​ទ្រុង​វិញ បន្ទាប់​មក​គេ​ដឹក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​នៅ​ទីតាំង​បញ្ជូន​ពលករ​ពី​ថៃ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​(​សម្រាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​) ។

ជុំវិញ​ករណី​ខាង​លើ​នេះ គេ​ពុំ​ដឹង​ថា​តម្លៃ​លិខិតឆ្លងដែន​ការងារ​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែនពិតប្រាកដ​ប៉ុន្មាន​នោះ​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បំភ្លឺ ឬ​អាច​ជា​រឿង​អស់លោកខាង​ក្រុមហ៊ុន​ជា​អ្នក​ទារ​ពី​ពលករ​តាមតែ​អំពើ​ចិត្ត ។រឿង​ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​មក​ឱ្យធ្វើ​លិខិតឆ្លង​ដែន​ថ្មី​នេះ​សង្ស័យ​ចូល​ដល់​រឿង​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា​ទៀត​ហើយ​ទេ​ដឹង ? ​