ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូយ៉ូតា​ តា​កូម៉ា ដឹក​ទំនិញ​​ផ្តាច់ព្រលឹង​ភ្នំពេញ-​ប៉ោយ​ប៉ែត​ត្របាក់​គល់ឈើ

15 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​រថយន្ត​មួយបាំ​ង​កន្លះ​ម៉ាក​តូយ៉ូ​តា តា​កូម៉ា ​ពណ៌​ស្លែ ដែល​អ្នក​​រក​ស៊ី​ផ្លូវ​ភ្នំពេញ​-ប៉ោយ​ប៉ែត ​ដាក់​ងារ​ឱ្យ​ថា​រថយន្ត​ដឹក​ទំនិញ​ផ្តាច់ព្រលឹង​​​នោះកាលពី​វេលាទៀបភ្លឺ ថ្ងៃ​ទី២០ ​មីនា បាន​​ធ្លាក់ពី​លើ​ផ្លូវ​ទៅបុក​ដាច់ដើម​ស្វាយ​មួយដើម និង​ជ្រុល​ទៅ​បុក​ជាប់​ដើម​អំពិល​ទឹក ខណៈ​ពេល​​អ្នក​បើក​បរ​ងងុយ​ដេក ។ ​ហេតុ​ការណ៍​​នោះ​​កើត​​ឡើង​នៅភូមិ​ព្រៃ​តូច ស្រុក​មោង​​ ប្ញស្សី ខេត្ត​បាត់ដំបង ។​​ នៅព្រឹកនោះ​គេ​​ឃើញ​ព្រូឡាន​ម្នាក់​នៅ​ដេក​ចាំ​រថយន្ត​ និង​ទំនិញ​​ ខណៈអ្នក​បើក​បរ​ទំនងជា​ទៅ​រក​រថយន្ត​ផ្ទេរ​ទំនិញ ។

ព្រូ​ឡាន​នោះ​​ប្រាប់​ថា អ្នក​បើក​បរ​ងងុយ​ដេក​បាន​ជា​បាត់​ម្ចាស់​ការ​បណ្តាល​ឱ្យ​រថ​យន្តធ្លាក់​ពី​ផ្លូវ​បុក​ដើម​ឈើ​​បែបនេះ ។ ​រថ​យន្ត​​នោះ​ខូច​ខាត​ខ្ទេច​មុខ​ទាំងស្រុង​ ឯទំនិញ​ធ្លាក់​​រាយប៉ាយ​ក្បែរ​ផ្លូវ​ ។ ព្រូ​ឡាន​​ប្រាប់​ថា ទំនិញ​ទាំង​អស់នោះ​ត្រូវ​គេ​ជួល​ដឹក​ពីភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុងប៉ោយ​ប៉ែត ។ ​រថយន្ត​ដឹកទំនិញ​ប្រភេទ​មួយ​បាំង​កន្លះ​ទាំង​តូយ៉ូតាទាំង​នីស្សាន់​​តែង​តែ​បើក​​ប្រជែង​គ្នា​ឱ្យ​ទាន់ស​ភាព​ការណ៍​ ព្រោះ​ម៉ូយត្រូវការទំនិញ​លក់​ដូរ ដូច្នេះហើយ​គេ​ដាក់​ងារ​ឱ្យថា «​រថ​យន្ត​ដឹក​ទំនិញ​ផ្តាច់ព្រលឹង» ៕