ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ធានា​រ៉ាប់រង​លើ​យានយន្ត​នៅ​មាន​ទំហំ​តូច តែ​មាន​កំណើន​រាល់​ឆ្នាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កំណើន​យានយន្ត​បាន​កើនឡើង​យ៉ាង​គំហុក​ក្ដី ប៉ុន្តែ​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​លើ​យានយន្ត នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ ។ យ៉ាងណា​ក៏​ដោយ​អ្នកជំនាញ​មើលឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កំណើន​យានយន្ត​បាន​កើនឡើង​យ៉ាង​គំហុក​ក្ដី ប៉ុន្តែ​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​លើ​យានយន្ត នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ ។ យ៉ាងណា​ក៏​ដោយ​អ្នកជំនាញ​មើលឃើញ​ថា មាន​សញ្ញា​វិជ្ជមាន និង​ទទួល​បាន​កំណើន​រាល់​ឆ្នាំ ។

លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ៖
 « ចំពោះ​កម្ពុជា សេវា​ធានា​រ៉ាប់រង​លើ​យានយន្ត នៅ​មិន​ទាន់​មាន​ចំនួន​ច្រើន​នោះ​ទេ ព្រោះ​យើង​នៅ​មានការ​យល់​ដឹង​តិចតួច​លើ​សេវាកម្ម​មួយ​នេះ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ ។ ម្យ៉ាងទៀត យើង​មិន​ទាន់​មានច្បាប់​ដែល​តម្រូវ​ឱ្យ​យានយន្ត​ទាំងអស់ ត្រូវ​ទិញ​ធានា​រ៉ាប់រង​ឡើយ » ។

យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​កម្ពុជា​មិន​ទាន់​មានច្បាប់​តម្រូវ​ឱ្យ​ពលរដ្ឋ​មានការ​ត​ព្វ​កិច្ច​ទិញ​ធានា​រ៉ាប់រង​លើ​យានយន្ត​ក្តី តែ​លោក​មើលឃើញ​ថា សេវា​ធានា​រ៉ាប់រង​មួយ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក​បញ្ជាក់​ថា ៖« ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ បុព្វលាភ​លើ​យានយន្ត យើង​សម្រេច​បាន​ចំនួន​១០,២​លាន​ដុល្លារ កើនឡើង​ប្រហែល​៩% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ។ លើស​ពី​នេះ​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ យើង​មាន​បុព្វលាភ​ពី​ធានា​រ៉ាប់រង​លើ​យានយន្ត​មា​ប្រមាណ​៣,៦​លាន​ដុល្លារ កើនឡើង​ជាង​១០% ធៀប​ទៅ​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន » ។

លោក យក់ ចំរើន​ឫទ្ធិ អគ្គ​នាយ​ក្រុមហ៊ុន ធានា​រ៉ាប់រង​ហ្វ​ត​តេ យល់​ឃើញ​ថា បើ​ទោះបីជា​ចំនួន​យានយន្ត​កំពុង​ប្រើប្រាស់​មាន​ច្រើន​ក៏​ដោយ ប៉ុន្តែ​មិនមែន​រថយន្ត​ទាំងអស់​សុទ្ធតែ​មាន​ធានា​រ៉ាប់រង​ទេ ។ បច្ចុប្បន្ន​យានយន្ត​ដែល​មាន​ធានា​រ៉ាប់រង​ប្រហែល​១០%​ប៉ុណ្ណោះ ចំណែក​៩០%​ទៀត​មិន​ទាន់​មាន​នោះ​ទេ ។

លោក​បន្ត​ថា ៖«​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ខ្ញុំ​មាន​បុព្វលាភ​(​ចំណូល​)​បាន​មក​ពី​ធានា​រ៉ាប់រង​រថយន្ត​ប្រហែល​៤​លាន​ដុល្លារ កើនឡើង​ប្រហែល​២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​។ ដោយឡែក ក្នុង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៧ ហ្វ​ត​តេ លក់​ធានា​រ៉ាប់រង​រថយន្ត​បាន​ប្រមាណ​២​លាន​ដុល្លារ កើនឡើង​ជិត​២០% ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន »​។

រាជរដ្ឋាភិបាល​កំពុង​មាន​គម្រោង​ពង្រីក​វិសាលភាព​នៃ​កាតព្វកិច្ច​ធានា​រ៉ាប់រង​លើ​យានយន្ដ ដោយ​តម្រូវ​ឲ្យ​គ្រប់​យានយន្ដ​ទាំងអស់ មុន​នឹង​ចរាចរ​លើ​ដងផ្លូវ ត្រូវ​តែ​មាន​ប័ណ្ណធានា​រ៉ាប់រង ។ ទោះបី​យ៉ាងណា គម្រោង​នេះ​នៅ​មិន​ទាន់​កំណត់​ច្បាស់លាស់​នៅឡើយ ហើយ​ដល់​ពេល​នោះ​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​លើ​យានយន្ដ​នឹង​មាន​កំណើន​ខ្ពស់ ។ នេះ​បើ​តាម​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា បាន​បញ្ជាក់ ។

លោក​បន្ដ​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ធានា រ៉ាប់រង​លើ​យានយន្ត​ដែល​ចូល​ជា​សមាជិក សមាគម​មាន​ចំនួន​៧​ក្រុមហ៊ុន ដែល​កំពុង​ផ្តល់​សេវា​ធានា​រ៉ាប់រង​លើ​យានយន្ត​ជា​ទូទៅ​ដូច​ជា ទី​១-​គ្របដណ្តប់​លើ​គ្រោះថ្នាក់​ដល់​ត​តី​ជន​, ទី​២-​ទៅ​លើ​ទ្រព្យសម្បតិ្ត​ខ្លួនឯង និង​អ្នក​ផ្សេង​, ទី​៣-​ទៅ​លើ​អ្នកដំណើរ​នៅ​លើ​យានយន្ត និង​ទី​៤-​លើ​ការ​បាត់បង់​រថយន្ត​ដោយសារ​ចោរកម្ម ៕