ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​រថយន្ត​មួយ​ទឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ដែល​ជា​បណ្ដុំ​ក្រុមហ៊ុន​នាំ​ចូល​រថយន្ដ​ថ្មី​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ស្នើ​ម្ដង​ហើយ​ម្ដងទៀត​ដល់​រាជរដ្ឋាភិបាល​ជួយ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​រថយន្ត​ជជុះ ឬ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ដែល​ជា​បណ្ដុំ​ក្រុមហ៊ុន​នាំ​ចូល​រថយន្ដ​ថ្មី​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ស្នើ​ម្ដង​ហើយ​ម្ដងទៀត​ដល់​រាជរដ្ឋាភិបាល​ជួយ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​រថយន្ត​ជជុះ ឬ​រថយន្ត​មួយ​ទឹក មុន​នឹង​អនុញ្ញាត​ឲ្យ​នាំ​ចូល ខណៈ​បច្ចុប្បន្ន​រថយន្ត​មួយ​ទឹកបាន​នាំ​ចូល​ច្រើន​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក ។

លោក ង​ន សាំង អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​គួរ​ត្រួតពិនិត្យ​ទៅ​លើ​បច្ចេកទេស​នៃ​រថយន្ត​មួយ​ទឹក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​មុន​នឹង​អនុញ្ញាត​ឲ្យ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ឬ​កំណត់​ឆ្នាំ​លើ​រថយន្ត​មួយ​ទឹក​នោះ ដើម្បី​ជៀសវាង​មាន​បញ្ហា​ណាមួយ​កើតឡើង​ចំពោះ​អ្នក​ប្រើប្រាស់ ។

លោក​បន្ត​ថា ៖ « បើ​អាច រាជរដ្ឋាភិបាល គួរ​រឹត​បន្តឹង​ទៅ​លើ​រថយន្ត​មួយ​ទឹក ហើយ​បញ្ចុះ​ពន្ធ​លើ​រថយន្ត​ថ្មី ដើម្បី​ឲ្យ​អ្នកមាន​ជីវភាព​បង្គួរ ឬ​មធ្យម​មាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់ និង​មាន​សុវត្ថិភាព​ខ្ពស់ ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យានយន្ដ​ពេល​បើកបរ ។ សព្វ​ថ្ងៃនេះ យើង​តែង​ឃើញ​មាន​រថយន្ត​មួយ​ទឹក​ដែល​ពលរដ្ឋ​ទិញ​ប្រើប្រាស់ ហើយ​មាន​បញ្ហា​នៅ​តាម​ផ្លូវ​ដោយ​កំហុស​បច្ចេកទេស​ជា​ច្រើន ដូច​ជា បើកបរ​សុខ​ៗ​ស្រាប់តែ​ឆេះ ឬ​មាន​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព ជាដើម » ។

លោក ង​ន សាំង បន្ថែម​ថា បើសិនជា​កម្ពុជា​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹកបាន នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ៗ​នៅ​លើ​ពិភពលោក ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ដំឡើង ឬ​ផលិត​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​នោះ តម្លៃ​រថយន្ត​ថ្មី នឹង​ធ្លាក់​ចុះ ។ ដូចនេះ តម្លៃ​រថយន្ត​ថ្មី ក្រោយ​មានការ​វិនិយោគ​នៅ​ក្នុងស្រុក អាច​ស្មើនឹង​តម្លៃ​រថយន្ត​ជជុះ ឬ​រថយន្ត​មួយ​ទឹក​ដែល​នាំ​ចូល​ពី​ក្រៅប្រទេស ។ នៅ​ពេល​តម្លៃ​រថយន្ត​ថ្មី​នៅ​ទាប ពលរដ្ឋ​នឹង​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​ច្រើន ហើយ​ករណី​ពួក​គាត់​ចង់​ដូរ​ស៊េរី​រថយន្ត ពួក​គាត់​អាច​លក់​រថយន្ត​ឲ្យ​ឃ្លាំង​ក្នុងស្រុក ដូច្នេះ​វា​នឹង​ក្លាយជា​រថយន្ត​មួយ​ទឹក​នៅ​ក្នុងស្រុក​វិញ ដែល​មាន​ប្រភព និង​ប្រវត្តិ​ច្បាស់លាស់ ។

លោក សេង វឹង នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​រថយន្ត​ហ្វ​ដ និង​ជា​សមាជិក​នៅ​ក្នុង​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ វា​នៅ​តែ​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន​លក់​រថយន្ត​ថ្មី​ៗ​នៅ​កម្ពុជា ពីព្រោះ​តែ​ការ​អនុញ្ញាត​ឲ្យ​រថយន្ត​មួយ​ទឹក​នាំ​ចូល​មក​កាន់តែ​ច្រើន ។ យ៉ាងណា​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​មួយ​ចំនួន​ធំ​បាន​យល់​ដឹង​ពី​ការ​ប្រើប្រាស់​រថយន្ត ពី​សុវត្ថិភាព​ពេល​បើកបរ ពួក​គាត់​បាន​ងាក​មក​ប្រើប្រាស់​រថយន្ត​ថ្មី​ៗ​វិញ ។

លោក​និយាយ​ថា ៖« បើ​ទោះជា​រថយន្ត​ថ្មី​មាន​តម្លៃ​ខ្ពស់​ជាង​រថយន្ត​មួយ​ទឹក​ក៏​ដោយ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់ ដោយ​អតិថិជន​ខ្លះ​ទិញ​បង់​រំលស់​ក្នុង​ករណី​ដែល​គាត់​មិន​ចង់​បង់​ផ្ដាច់ ។ ដូចនេះ គាត់​មាន​លុយ​តែ​មួយ​ចំនួន ក៏​អាច​ប្រើប្រាស់​រថយន្ត​ថ្មី​បាន​ដែរ ហើយ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង » ។

លោក​បន្ត​ថា បើសិនជា​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​មក​កម្ពុជា​បាន​លោក​ជឿ​ថា រាជរដ្ឋាភិបាល​នឹង​ចំណេញ​តាម​រយៈ​ចំណូល​ពន្ធ​ពី​រថយន្ត​ថ្មី​ៗ តែ​ទន្ទឹម​នឹង​នោះ ក៏​គួរ​បញ្ចុះ​ពន្ធ​ឲ្យ​ទាប​ផង​ដែរ ដើម្បី​ឲ្យ​តម្លៃ​រថយន្ត​នៅ​ទាប និង​មាន​អ្នកទិញ​ប្រើប្រាស់​ច្រើន ។

លោក​និយាយ​ថា ៖« ទីផ្សារ​រថយន្ត​ថ្មី​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ មាន​កំណើន​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង បើ​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ពន្ធ ហើយ​តម្លៃ​រថយន្ត​បាន​ឡើង​ខ្ពស់​បន្តិច​ក៏​ដោយ តែ​ការ​លក់​រថយន្ត​ហ្វ​ដ នៅ​ដើមឆ្នាំ​២០១៧​នេះ មាន​កំណើន​ប្រមាណ ២០% ធៀប​នឹង​ឆ្នាំ​២០១៦ ។ ដូចនេះ អាច​បញ្ជាក់​ថា ការ​គាំទ្រ​រថយន្ត​នៅ​តែ​មាន ហើយ​បើសិនជា​មានការ​ទប់ស្កាត់​រថយន្ត​ជជុះ​បាន​នោះ ខ្ញុំ​ជឿ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​នឹង​សម្លឹង​មើល​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​ជាក់​ជា​មិន​ខាន » ។

បើ​តាម​របាយការណ៍​របស់​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បញ្ជាក់​ថា ទីផ្សារ​រថយន្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​តែ​១៥%​ប៉ុណ្ណោះ​នៃ​ទីផ្សារ​រថយន្ត​ទាំងមូល ។ ដូច្នេះ រថយន្ដ​មួយ​ទឹក​នៅ​តែ​គ្រប់គ្រង​ចំណែក​ទីផ្សារ​ច្រើន​ក្នុង​រង្វង់​ប្រមាណ​៧៥% ។

យោង​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​១៩៩០​ដល់​ខែមេសា ឆ្នាំ​២០១៧ រថយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​៩១៥.៩៧៨​គ្រឿង ក្នុង​នោះ​រថយន្ត​ធម្មតា​មាន​ចំនួន​៥៦៦.១៥៧​គ្រឿង និង​រថយន្ត​ធ្វើ​អាជីវកម្ម​មាន​ចំនួន​៣៤៩.៨២១​គ្រឿង ៕