ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្ដល់​សេវា​ទេសចរណ៍​សៀមរាបថា បើ​អត់​ភ្ញៀវ​ចិន នឹង​ប្រឈម​បញ្ហា

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​នៅ​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខណៈ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​សម្បូរ​បែប​នោះ ក៏​សម្បូរ​ជនជាតិ​ចិន​មក​ទស្សនា​ដែរ ។ ទន្ទឹម​នឹង​នេះ

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​នៅ​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខណៈ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​សម្បូរ​បែប​នោះ ក៏​សម្បូរ​ជនជាតិ​ចិន​មក​ទស្សនា​ដែរ ។ ទន្ទឹម​នឹង​នេះ អ្នក​ប្រកប​អាជីវកម្ម​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​លើក​ឡើង​ថា បើ​គ្មាន​ភ្ញៀវ​ចិន​ទេ ផ្ទះសំណាក់ សណ្ឋាគារ និង​អាជីវកម្ម​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ អាច​នឹង​ជួប​បញ្ហា​ដួល​រលំ និង​ខាតបង់​មិន​ខាន ។

លោក កាំ​ង តាំង​សុង មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ​ទស្សនា​នៅ​តំបន់​អង្គរ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ កំណើន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​នៅ​តំបន់​អង្គរ និង​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​មាន​ច្រើន​ណាស់ និង​អាច​និយាយ​បាន​ថា ជនជាតិ​ចិន​មក​ទស្សនា​ខេត្ត​នេះ ជាប់​ចំណាត់ថ្នាក់​លេខ​១ ព្រោះ​ក្នុង​មួយ​ថ្ងៃ​ៗ ឬ​មួយ​ខែ​ៗ ពួក​គេ​មក​ទស្សនា​នៅ​ក្នុង​តំបន់​អង្គរ និង​តំបន់​នានា​យ៉ាងច្រើន​ទាំងចាស់ទាំងក្មេង  ។

លោក​បន្ត​ថា ការ​មក​ទស្សនា​នៅ​ក្នុង​តំបន់​អង្គរ​របស់​ជនជាតិ​ចិន ដោយសារ​តែ​គោលនយោបាយ​របស់​កម្ពុជា និង​ចិន​មាន​ទំនាក់ទំនង​ល្អ ព្រោះ​កន្លង​មក ប្រទេស​ទាំង​ពីរ​ជា​មហាមិត្ត​នឹង​គ្នា ហើយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ដែរ​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​ទេសចរណ៍​របស់​យើង​ដល់​ប្រទេស​ចិន ហើយ​ចិន​ប្រកាសប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ធ្វើ​ឱ្យ​មាន​កំណើន​ជនជាតិ​ចិន​មក​ទស្សនា​នៅ​កម្ពុជា ជា​ពិសេស តំបន់​អង្គរ ។

លោក​បន្ថែម​ថា បច្ចុប្បន្ន ជា​រដូវ​កាល​វិស្សមកាល​របស់​សិស្ស​-​និស្សិត​ចិន ពលរដ្ឋ​ចិន​មួយ​ចំនួន​ទៀត​ក៏​បាន​នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត ហើយ​តំបន់​អង្គរ ក៏​ជា​គោលដៅ​ទេសចរណ៍​មួយ​របស់​ពួក​គេ ក៏​ព្រោះតែ​បច្ចុប្បន្ន​ជើងហោះហើរ​ត្រង់​ពី​ចិន​មក​កាន់​កម្ពុជា ក៏​ដូច​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​មាន​ច្រើន​ជើង​ក្នុង​មួយ​ថ្ងៃ​ៗ ។ លោក​ថា ៖ «​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​នៅ​តំបន់​អង្គរ ខេត្តសៀមរាប គឺជា​គោលដៅ​របស់​ពួក​គេ​តែ​ម្ដង ព្រោះ​បើ​តាម​ខ្ញុំ​ដឹង ភ្ញៀវ​ទាំង​អស់នោះ​ហោះ​មក​ត្រង់​ពី​ប្រទេស​ចិន មក​កាន់​ព្រ​លាន​អន្តរជាតិ​របស់​កម្ពុជា ហើយ​បន្ទាប់​ពី​ទស្សនា​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ហើយ ពួក​គាត់​នឹង​ហោះ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​មិន​ទៅ​កាន់​ប្រទេស​ទី​បី​ទៀត​ទេ » ។

ម្ចាស់​សណ្ឋាគារ​ស៊ី​ធី អង្គរ នៅ​ខេត្តសៀមរាប និង​ជា​ពាណិជ្ជករ​ល្បីឈ្មោះ​មួយ​រូប ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ នៅ​ខេត្តសៀមរាប បើ​អត់​មាន​ភ្ញៀវ​ទេសចរ​ចិន​ទេ អ្នករក​ទទួលទាន​លើ​វិស័យ​ទេសចរណ៍​មួយ​ចំនួន​នឹង​ជួប​បញ្ហា ។ ជាក់ស្ដែង នៅ​តាម​ផ្សារ និង​កន្លែង​កម្សាន្ត​នានា​ក្នុង​ខេត្ត​ភាគច្រើន​ជា​ជនជាតិ​ចិន ។

មគ្គុទ្ទេសក៍​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា បើ​គ្មាន​ជនជាតិ​ចិន​ទេ តំបន់​ទេសចរណ៍​មួយ​ចំនួន​នឹង​ស្ងាត់ និង​មិនសូវ​សម្បូរ​ភ្ញៀវ​មក​ទស្សនា​ដូច​ពេល​នេះ​ទេ ព្រោះ​ភ្ញៀវ​អឺរ៉ុប ឬ​ភ្ញៀវ​ផ្សេង​ទៀត​ហាក់​ស្ងាត់​បន្តិច ក៏​ព្រោះតែ​ភ្ញៀវ​ទាំងនោះ​មាន​រដូវ​កាល​មក​ទស្សនា ។

ម្ចាស់​សណ្ឋាគារ​ខាងលើ​បន្ត​ថា ៖ « ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​ដែរ បើសិនជា​ប្រទេស​កម្ពុជា​យើង​គ្មាន​សន្តិសុខ គ្មាន​ស្ថិរភាព ប្រហែលជា​គេ​មិន​មក​ទេ គេ​នឹង​បង្វែរ​ទិស​ដៅ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ហើយ​ពេល​នោះ ប្រជាជន​កម្ពុជា​យើង​ដែល​ជា​អ្នក​រកស៊ី នឹង​បាត់បង់​ចំណូល​ជាក់​ជា​មិន​ខាន » ។

ដោយឡែក អាជីវករ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត (Pub Street) ក៏​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ភ្ញៀវ​អឺរ៉ុប​ធ្លាក់​ចុះ​បន្តិច ប៉ុន្តែ​ភ្ញៀវ​ចិន និង​វៀតណាម​មាន​ច្រើន ហើយ​ការ​ចំណាយ​របស់​ជនជាតិ​ចិន​ទាំងនោះ​ក៏​ច្រើន​ដែរ​ទៅ​លើ​សេវាកម្ម​ទេសចរណ៍​នានា ៕