ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​ជួញដូរ​អាជីវកម្ម​អន​ឡាញ​មិន​បង់ពន្ធ

6 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ភ្នាក់ងារ​ពាក់ព័ន្ធ​របស់​វៀតណាម នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បិទ​គណនី ដែល​ម្ចាស់​គណនី​លក់​ផលិតផល​លើ​បណ្តាញ

ប្រទេស​វៀតណាម ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ភ្នាក់ងារ​ពាក់ព័ន្ធ​របស់​វៀតណាម នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បិទ​គណនី ដែល​ម្ចាស់​គណនី​លក់​ផលិតផល​លើ​បណ្តាញ​សង្គម​នេះ ប៉ុន្តែ​មិន​ព្រម​បង់ពន្ធ ។

អគ្គនាយកដ្ឋាន​ពន្ធដារ​វៀតណាម​បាន​ណែនាំ​ដល់​មន្ទីរ​ពន្ធដារ​ទូ​ទាំង​ប្រទេស​ឱ្យ​ចាត់វិធានការ​យ៉ាង​រឹង​មាំ ដើម្បី​ដោះស្រាយ​ជាមួយ​អាជីវករ​លក់ទំនិញ​អន​ឡាញ​រក​ចំណូល​បាន​ជាង​១០០​លាន​ដុ​ង (​ជាង​៤.៤០០​ដុល្លារ​) ប៉ុន្តែ​មិន​ព្រម​បង់ពន្ធ ។ នេះ​បើ​យោង​តាម​កាសែត Tuoi Tre (​យុវជន​) រាយការណ៍ ។

កាសែត​នេះ​បាន​ដកស្រង់​សម្តី​មន្ត្រី​ម្នាក់​មក​ពី​ភ្នាក់ងារ​ពន្ធដារ​ថា ៖ « យើង​មិន​ចង់​ប្រើ​វិធានការ​នេះ (​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​) នោះ​ទេ​ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ដូច្នោះ ប្រសិនបើ​អ្នកលក់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​តែ​ទទូច​សុំ​មិន​បង់ពន្ធ » ។

មន្ទីរ​ពន្ធដារ​នៅ​ទីក្រុង​ហាណូយ ថ្មី​ៗ​នេះ​បាន​ផ្ញើ​លិខិត​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ជិត​១៣.៥០០​គណនី ដែល​មាន​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ ដោយ​ស្នើ​ឱ្យ​ពួក​គេ​បង់ពន្ធ ។

កាសែត​ក្នុងស្រុក Tien Phong (Pioneer) បាន​ដកស្រង់​ស្ថិតិ​ថ្មី​បំផុត​របស់​មន្ទីរ​នេះ​ថា ក្នុង​ទីក្រុង​ហាណូយ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ជិត​១​ម៉ឺន​៧​ពាន់ ដែល​បាន​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល ឬ​សេវាកម្ម​នៅ​លើ​បណ្តាញ​សង្គម​មួយ​នេះ ។

កាលពី​ខែ​មុន មន្ទីរ​ពន្ធដារ​ក្រុង​ហូ​ជី​មិ​ញ​បាន​ផ្ញើ​លិខិត​ទៅ​ឱ្យ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ជិត​១៣.៥០០​គណនី ដោយ​ស្នើ​ឱ្យ​ពួក​គេ​បំពេញ​ការ​ចុះបញ្ជី​ពន្ធ​នៅ​ការិយាល័យ​ពន្ធដារ ។ ទោះជា​យ៉ាងណា ម្ចាស់​គណនី​ភាគច្រើន​មិន​ទាន់​បង្ហាញខ្លួន​នៅឡើយ​ទេ ។

នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៦ ប្រទេស​វៀតណាម​មាន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ចំនួន​៣៥​លាន​នាក់ ឬ​១/៣ នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះ​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​កបាន​ប្រកាស​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៦ ។

ហ្វេ​ស​ប៊ុ​ក គឺជា​បណ្ដាញ​សង្គម​ដ៏​លេចធ្លោ​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​មាន​ប្រជាជន​វៀតណាម​តិចតួច​ប៉ុណ្ណោះ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង​ទៀត ៕​