ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ជាង​ស៊ូ​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ខេត្តព្រះ​សីហ​នុ បង្កើតរោងចក្រ​ជាង​100

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាង​ស៊ូ ជា​ខេត្ត​មួយ​របស់​ចិន​បាន​វិនិយោគទុន​នៅ​តំបន់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​បង្កើត​រោងចក្រ​ជាង​១០០ និង​មាន​កម្មករ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ការងារ និង

រាជធានី​ភ្នំពេញ ៖ ជាង​ស៊ូ ជា​ខេត្ត​មួយ​របស់​ចិន​បាន​វិនិយោគទុន​នៅ​តំបន់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​បង្កើត​រោងចក្រ​ជាង​១០០ និង​មាន​កម្មករ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Jian Chen អនុប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស និង​សន្តិសុខ​សង្គម​នៅ​ទីក្រុង Nanjing ខេត្ត​ជាង​ស៊ូ សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ លោក អិុ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ទីក្រុង Nanjing បាន​បង្ហាញ​នូវ​ចំណងមិត្តភាព​កាន់តែ​ជិត​ស្និទ្ធ ដែល​នេះ​ជា​ទំនាក់​ទំនង​​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ប្រទេស​ទាំង​ពីរ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « ទំនាក់ទំនង​នេះ​ហើយ ដែល​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ចិន​ទៅ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង រួម​ជាមួយ​ការ​អភិវឌ្ឍ​ធន​ធានមនុស្ស​ផង​ដែរ ។ ជាក់ស្តែង ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ជាង​ស៊ូ​បាន​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​បច្ចុប្បន្ន​មាន​រោងចក្រ​ជាង​១០០ កម្មករ​ប្រមាណ​ជិត​២​ម៉ឺន​នាក់ និង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មិត្តភាព​កម្ពុជា​-​ចិន ដែល​សាងសង់​ជិត​រួចរាល់​នា​ពេល​ខាង​មុខ » ។

លោក​បន្ត​ថា ចំពោះ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តួនាទី និង​ភារកិច្ច​នៃ​ស្ថាប័ន​ទាំង​ពីរ​មាន​សកម្មភាព​ប្រហាក់ប្រហែល​គ្នា ធ្វើ​យ៉ាងណា ការពារ​ផលប្រយោជន៍​កម្មករ ពង្រឹង​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​តាម​រយៈ​ការ​ធ្វើ​អធិការកិច្ច ការ​ដោះស្រាយ​វិវាទ​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ និង​សហជីព ។

ទន្ទឹម​នឹង​នេះ បាន​ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ដើម្បី​ប្រែ​ក្លាយទៅជា​ឧស្សាហកម្ម​មាន​ជំនាញ និង​ប្រាក់​ឈ្នួល​ខ្ពស់ ស្រប​តាម​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥ ដែល​រាជរដ្ឋាភិបាល​ទើប​អនុម័ត​នា​ពេល​ថ្មី​ៗ​នេះ ។

ក្នុង​ជំនួប​នោះ លោក Jian Chen ក៏​បាន​លើក​ឡើង​ដែរ​ថា ជាង​ស៊ូ ជា​ខេត្ត​មួយ​ឈានមុខ​គេ​ក្នុង​ប្រទេស​ចិន ដែល​មាន​បុគ្គលិក និង​កម្មករ​ច្រើន ។ ដូចនេះ នាយកដ្ឋាន​លោក​មាន​ភារកិច្ច​សំខាន់​ជា​ច្រើន​ផ្តោត​លើ​ការ​ការពារ​ផលប្រយោជន៍​កម្មករ និង​ផ្តល់​ការ​បណ្តុះបណ្តាល​មុខ​ជំនាញ​បច្ចេកទេស​ដល់​កម្មករ ។

លោក​បន្ត​ថា ដោយ​ផ្តោត​លើ​យន្តការ​មួយ​ចំនួន​រួម​មាន ការ​ធ្វើ​កិច្ចសន្យាការងារ​, ការ​ជំរុញ​កិច្ចសហការ​ជាមួយ​សហជីព​ដើម្បី​មាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​និរន្តរភាព​, ការ​ផ្សព្វផ្សាយ​សហគ្រាស​មាន​ស្នាដៃ​ល្អ ដើម្បី​បង្កើត​បរិយាកាស​ទំនាក់ទំនង​ល្អ​ពី​គ្រប់​ភាគី​នៅ​តាម​គ្រប់​ទីកន្លែង​, ការ​ធ្វើ​អធិការកិច្ច​ការងារ និង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ពេល​ទទួល​ពាក្យបណ្តឹង​ទាក់ទង​នឹង​ប្រាក់​ឈ្នួល ឬ​លក្ខខណ្ឌ​ការងារ​ផ្សេង​ៗ​ទៅ​តាម​ដំណាក់កាល មុន​ពេល​បញ្ជូន​ទៅ​តុលាការ ។ ទន្ទឹម​នឹង​នេះ ក៏​បាន​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ការងារ ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​នានា​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​មុខ​ជំនាញ​បច្ចេកទេស​, សហការ​ជាមួយ​ផ្នែក​ឯកជន​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​រយៈពេល​ខ្លី ដើម្បី​រក​ការងារ​ធ្វើ​បាន​លឿន និង​សហការ​ជាមួយ​ផ្នែក​ឧស្សាហកម្ម​ផ្ទាល់​ដើម្បី​បណ្តុះបណ្តាល​នៅ​នឹង​កន្លែងធ្វើការ​ផង​ដែរ ៕