រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានថ្លែងថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃផលិតផលកសិកម្មដែលកសិករផលិតបាន បានធ្វើឲ្យតម្លៃកសិផលរបស់កសិករ បន្តជួបបញ្ហាកង្វះទីផ្សារនាំចេញ ដែលធ្វើឲ្យការប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាងនៅមានកម្រិត ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ មិថុនាថា បញ្ហាធ្លាក់ថ្លៃផលិតផលកសិកម្ម ជារឿងស្មុគស្មាញមែនទែន ដោយសារការផលិតរបស់យើងលើសតម្រូវការ ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ជាពិសេស បញ្ហាតម្លៃអគ្គិសនី និងការដឹកជញ្ជូនរបស់យើងថ្លៃជាងប្រទេសជិតខាង ដែលធ្វើឲ្យលំបាកក្នុងការទាក់ទាញការវិនិយោគ ។ លោកបន្តថា លោកបានខិតខំទាក់ទង និងជជែកជាមួយវិនិយោគិនជាច្រើនដើម្បីឲ្យពួកគេមកវិនិយោគកែច្នៃនាំចេញ ប៉ុន្តែដោយសារសេវារបស់យើងមិនល្អ តម្លៃអគ្គិសនីថ្លៃ និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត បានធ្វើឲ្យតម្លៃផលិតនៅកម្ពុជាថ្លៃ បើធៀបជាមួយប្រទេសជិតខាង ជាហេតុធ្វើឲ្យពួកគេវិនិយោគនៅប្រទេសជិតខាង ។
លោកបន្តថា ៖ « ការផលិតមិនទៀងទាត់របស់កសិករ គុណភាពផលិតផលមានកម្រិត កង្វះបទពិសោធន៍របស់កសិករ គឺជាបញ្ហា ។ ហេតុនេះ យើងមិនអាចបន្ទោសអ្នកណាមួយទេ និងមិនអាចសាចទឹកដាក់គ្នាបាននោះទេ ព្រោះកសិកម្មផ្តោតលើការដាំដុះ ហើយការនាំចេញការងាររបស់វិស័យឯកជន » ។
លោករដ្ឋមន្ត្រីបន្តថា សេវាកំពង់ផែ ទាំងកំពង់ផែភ្នំពេញ និងកំពង់ផែស្វយ័តខេត្តព្រះសីហនុថ្លៃ ព្រលានយន្តហោះរបស់យើងតូចមិនអាចទទួលការចុះចតយន្តហោះធំៗបាន ដើម្បីដឹកទំនិញ ហើយសេវាកម្មស្មុគស្មាញសុទ្ធតែជាបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះ ស្រាយ ។
បច្ចុប្បន្ន តម្លៃពោត ល្ង ដំឡូងមីបាននិងកំពុងធ្លាក់ថ្លៃយ៉ាងអាក្រក់បំផុតមិនធ្លាប់មាន ដោយសារការបញ្ជាទិញពីប្រទេសជិតខាងនៅមានកម្រិត ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា ស៊ឹង សុផារី ថ្លែងថា វិស័យកសិកម្មរបស់យើងមានការផលិតច្រើន ដែលធ្វើឲ្យវិស័យនេះមានកំណើន ស្របពេលប្រទេសជិតខាងរបស់កម្ពុជាក៏ផលិតច្រើន ទោះជាពួកគេមានឧស្សាហកម្មរីកចម្រើនជាងកម្ពុជាក្តី ប៉ុន្តែពួកគេនៅតែពឹងផ្អែកលើមូលដ្ឋានកសិកម្មផងដែរ ។ កញ្ញាបន្តថា ពីមុន យើងធ្វើពាណិជ្ជកម្មតែជាមួយប្រទេសជិតខាងលើផ្នែកកសិកម្ម ប៉ុន្តែឥឡូវ យើងដើរបានឆ្ងាយជាងមុនក្នុងការនាំចេញក្រៅពីផលិតផលកសិកម្ម ។
កញ្ញាបន្តថា យើងមានយុទ្ធសាស្ត្រទីផ្សារហើយ និងបានចរចាឲ្យគេមកទិញផលិតផលរបស់យើង ប៉ុន្តែផលិតផលយើងផលិតបានមានគុណភាពមិនល្អ និងមិនគ្រប់ស្តង់ដារបស់គេ។ ហេតុនេះ អ្នកផលិតត្រូវផលិតតាមតម្រូវចិត្តរបស់គេ មិនមែនផលិតតម្រូវចិត្តរបស់ខ្លួនឯងទេ ។
កញ្ញាបន្តទៀតថា ៖ « យើងបានចាប់ដៃគូហើយ តែសមត្ថភាពឆ្លើយតបរបស់យើងនៅមានកម្រិត គឺយើងមានសរសៃឈាមហើយ តែអត់មានឈាមរត់ » ៕
ចែករំលែកព័តមាននេះ