រាជធានីភ្នំពេញ ៖ កញ្ញាឃឹម ចរិយា ពិធីការិនីទូរទស្សន៍ភីអិនអិនបានសម្តែងរួមជាមួយលោកខៃ ប្រសិដ្ឋ សម្រាប់បទចម្រៀងថ្មីមួយបទមានចំណងជើងថា «ឪពុកអ្នកក្រ» ។ តើកញ្ញាឃឹម ចរិយាទទួលបានវិធីសាស្ត្រសម្តែងបែបណាខ្លះពីលោកខៃ ប្រសិដ្ឋ ជាតារាសម្តែងជើងចាស់ ។
កាលពីពេល ថ្មីៗកន្លងមក លោកខៃ ប្រសិដ្ឋ បានមកស្រុកខ្មែរចូលរួមថតឈុតខារ៉ាអូខេបទ «ឪពុកអ្នកក្រ» ដែលជាបទចម្រៀងអប់រំរបស់អង្គការមូនិធិសាវិន ដើម្បីកុមារកម្ពុជានិងច្រៀងដោយកញ្ញាសុវត្ថិឌី ធារិកា ។ កញ្ញាឃឹម ចរិយា ដែលមានឱកាសបានរួមសម្តែងជាមួយលោកខៃ ប្រសិដ្ឋ ទាំងមិននឹកស្មានដល់បាននិយាយថា «នាងខ្ញុំសូមអរគុណដល់លោកខៃ ប្រសិដ្ឋ ដែលជាតារាជើងចាស់ផ្នែកសម្តែង តែនៅមានតិចនិកសម្តែងបានល្អដដែលគួរឱ្យសរសើរបានយល់ព្រមសម្តែងជាមួយនាងខ្ញុំជាតារាជើងថ្មីម្នាក់ ។ លោកខៃ ប្រសិដ្ឋ បានប្រាប់ចំណុចមួយចំនួនក្នុងនាមនាងខ្ញុំជាតារារលកក្រោយថាឱ្យនាងខ្ញុំដាក់អារម្មណ៍លេងចូលតួតាមសាច់រឿង បើ កាចៗឱ្យដល់ ឆ្នាសៗឱ្យសម យំឱ្យដឹងយំ កុំខ្លាចគាត់ជាតារាមុនអី ត្រូវយល់ពីអត្ថន័យ ទើបទាក់ទាញអ្នកមើលបាន។ ប្រការដែលនាងខ្ញុំហ៊ានអះអាងបែបនេះ មកពីយល់ថានាងខ្ញុំគោរពគាត់មិនទាន់ដាក់អារម្មណ៍សម្តែងឱ្យអស់ ។ លុះបានការប្រាប់បង្ហាញពីតារាក្នុងដួងចិត្ត ទើបនាងខ្ញុំហ៊ានសម្តែង ហើយប្រព្រឹត្តទៅយ៉ាងរលូន ។ នាងខ្ញុំរំពឹងថា បងប្អូនពិតជាគាំទ្របទថ្មី និងការសម្តែងរបស់បងប្រុសខៃ ប្រសិដ្ឋឡើងវិញក្រោយខកខានទស្សនារាប់ឆ្នាំមក » ។
លោកខៃ ប្រសិដ្ឋ ដែលសម្ដែងជាតួអង្គឪពុកជាអ្នកក្រីក្រនិយាយថា «បទនេះបង្ហាញពីគុណឪពុកដែលខិតខំចិញ្ចឹមបីបាច់កូន ចាប់តាំងពីចាប់កំណើតមក ទោះបីជាឪពុកអ្នកមាន ឬជាឪពុកអ្នកក្រក្ដី ហើយក៏បានប្រៀបធៀបពីជីវភាពរស់នៅរបស់ឪពុកអ្នកមាន និងឪពុកអ្នកក្រផងដែរ ដែលមានការប្រឹងប្រែងតស៊ូដើម្បីកូន ដូចៗគ្នា»។ បទ«ឪពុកអ្នកក្រ» នឹងចេញ MV ក្នុងពេល ឆាប់ៗខាងមុខ ។
កញ្ញាឃឹម ចរិយា ជាអតីតជ័យលាភីចំណាត់ថ្នាក់លេខ១ កញ្ញាឯកសាប៊ូលុច្សឆ្នាំ២០០៥ ។ បន្ទាប់មកក្លាយជាពិធីការិនីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាច្រើនឆ្នាំ មុនពេលទៅទូរទស្សន៍ម៉ាយធីវី៕
ចែករំលែកព័តមាននេះ