ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើល បន្ទាប់ពីបុរសជាឪពុកប្រទះឃើញកូនប្រុសបានស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទីទី២៩ មិថុនា នេះ ស្ថិតត្រង់ចំណុចភូមិសួស្តី ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដោយឃើញលើដងខ្លួនកូនប្រុសបានរលាកភ្លើងរបកស្បែក និងមានឈាមពេញខ្លួន ។
ប្រភពពីអាវុធហត្ថបន្តទៀតថា ជនរងគ្រោះខាងលើ ឈ្មោះឆុន ឈើយ អាយុ៣៤ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅក្នុងភូមិកើត
ហេតុ។ បើតាមឪពុកឱ្យដឹងថា កូនប្រុសគាត់បានចេញពីផ្ទះ ទៅរកមើលកន្លែងដាក់ចង្រិតតាំងពីយប់មកម្ល៉េះ ហើយអត់ឃើញត្រឡប់មកផ្ទះវិញទេ តែក៏មិនចាប់អារម្មណ៍ដែរ ។ លុះនៅម៉ោងកើតហេតុ គាត់បានដើរតាមទៅរកមើល ក៏ស្រាប់ប្រទះឃើញកូនប្រុសបានស្លាប់បាត់ទៅហើយ ដោយនៅលើខ្លួនបានរបកស្បែកយ៉ាងអាណោចអាធ័មបំផុត ។ ចំពោះមូលហេតុ សង្ស័យអាចពេលទៅមើលកន្លែងដាក់ចង្រិតនោះ ជនរងគ្រោះបានទៅប៉ះតំណភ្លើង ទើបបណ្តាលឱ្យឆក់បែបនេះ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ក្រោយពិនិត្យកោសល្យរួច បានបញ្ជូនឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ