រាជធានីភ្នំពេញ ៖ ក្រុមអ្នកអភរិក្សរបស់រដ្ឋបាលជលផល អង្គការសមាគមអភិរក្សសត្វព្រៃ ឬហៅថា The Wildlife Conser-vation Society (WCS) និងប្រជាសហគមន៍ បានរកឃើញពងក្រពើព្រៃ ឬពងក្រពើត្រីជិតផុតពូជ មួយសំបុកដែលមានពងចំនួន១៩ នៅត្រពាំងកៀនតុ ស្ថិតជិតភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពេលដែលក្រុមអ្នកអភិរក្សមកពីស្ថាប័នខាងលើកំពុងតែស្រាវជ្រាវរកដាន សញ្ញានៃក្រពើព្រៃក្នុងតំបន់ខាងលើ។
បើយោងតាមសេចក្តីប្រកាសពត៌មានរបស់អង្គារ WCS ដែលបានចេញកាលពីថ្ងៃទី ២៨ ខែមិថុនា បានអះអាងថានេះគឺជាការរកឃើញលើកដំបូងនៃសំបុកពងក្រពើត្រីដែលជិតផុតពូជ សម្រាប់រយៈពេល៦ឆ្នាំនៃការសិក្សាស្រាវជ្រាវនិងការពារនៅប្រព័ន្ធព្រែកស្រែអំបិល។ ក្រពើត្រី ឬក្រពើព្រៃ ត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជលើភពផែនដី ដោយសារតែចំនួនសត្វក្រពើព្រៃត្រីនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ។ ប្រភេទពូជសត្វក្រពើត្រីនេះ គឺមានរស់នៅតែប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃឡង់ និងវៀតណាមតែប៉ុណ្ណោះ ហើយចំនួនរបស់វាជាសកលគឺមានត្រឹមតែ ៤១០ នៃក្រពើពេញវ័យ ខណៈដែលនៅកម្ពុជាគឺមានចំនួនប្រមាណពី ១០០ ទៅ ៣០០ នៃក្រពើព្រៃពេញវ័យ ដែលធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសមួយដ៏សំខាន់ក្នុងការអភរិក្សប្រភេទពូជក្រពើកម្រនេះ។
ក្រពើព្រៃប្រឈមមុខនឹងការគម្រាមគំហែងជាច្រើនសម្រាប់ការរស់រានរបស់ពួកគេ។ នៅកម្ពុជា ការគំរាមគំហែងចំបងនោះគឺការប្រមាញ់ខុសច្បាប់នៃក្រពើព្រៃពេញវ័យ ការចាប់យកពង និងការប្រមូលពងក្រពើព្រៃដើម្បីផ្គត់ផ្គង់ទៅកសិដ្ឋានចិញ្ចឹមក្រពើនៅកម្ពុជា វៀតណាម និងប្រទេសថៃ ជាពិសេសសម្រាប់រយៈពេលពីរទសវត្សចុងក្រោយ។ សម្រាប់ការគំរាមគំហែងផ្សេងទៀតមានដូចជាការបំផ្លិចបំផ្លាញជម្រក ការថយចុះចំណីអាហារក្នុងធម្មជាតិ ការមានឱកាសទាបក្នុងការបន្តពូជ ដោយសារការចំនួនក្រពើតិចតួចពេក ក៏ដូចជាការអនុវត្តច្បាប់នៅមានកម្រិត ដូចជាបទបញ្ញាតិលើកសិដ្ឋានចិញ្ចឹម និងការធ្វើពាណិជ្ជកម្ម។
លោក អ៊ិន ហ៊ុល មន្ត្រីរដ្ឋបាលជលផលនៃអង្គការសមាគមអភិរក្សសត្វព្រៃបានបញ្ជាក់ថាលោកពិតជារីករាយណាស់សម្រាប់ការរកឃើញសំបុកពងក្រពើព្រៃលើកដំបូងនៅស្រុកស្រែអំបិល ដោយសារតែលើកមុនៗគឺក្រុមការងាររកឃើញត្រឹមដានរបស់វាតែប៉ុណ្ណោះ។
លោក អ៉ិន ហ៊ុល បានបញ្ជាក់ថា៖ «ដើម្បីបញ្ជៀសនូវការគំរាមគំហែងនានា យើងបានបំលាស់ទីនៃពងទាំងនោះ ទៅកាន់ទីសុវត្ថិភាពដែលពងក្រើអាចញាស់ ហើយយើងអាចតាមដាននូវដំណើរការរបស់ពួកវា» ។ លោកបានបន្តថា ព្រែកស្រែអំបិលគឺជាកន្លែងដ៏សំខាន់បំផុត ដោយសារតែប្រភេទសត្វកម្រជាច្រើន ត្រូវបានប្រទះឃើញនៅទីនោះ ៕
ចែករំលែកព័តមាននេះ